ជាតិ
សេដ្ឋកិច្ច
World Bank ប្រាប់​ឲ្យ​កម្ពុជា​តាមដាន​វិស័យ​អចលនទ្រព្យ និង​សំណង់ ឲ្យ​បាន​ដិតដល់​
10, May 2018 , 5:09 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ របាយការណ៍​ប​ច្ចប្ប​ន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក នៅ​ថ្ងៃទី​១០​ខែឧសភា​នេះ បាន​ណែនាំ​ឲ្យ​កម្ពុជា​តាមដាន​ឲ្យ​បាន​ដិតដល់​ចំពោះ​ភាព​លូតលាស់​ខ្លាំង​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​អភិវឌ្ឍន៍​គោលនយោបាយ​បញ្ចៀស​ហានិភ័យ​ក្នុង​វិស័យនេះ​។



​ធនាគារពិភពលោក (World Bank) បាន​ឲ្យ​ដឹងថា​ដូច្នេះ​ថា​៖«​កំណើន​ឥណទាន​ដែល​ចាក់​បញ្ចូល​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​បង្កើនល្បឿន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ចាំបាច់​ត្រូវ​អភិវឌ្ឍន៍​គោលនយោបាយ​កម្រិត​ម៉ាក្រូ ដើម្បី​កាត់បន្ថយ​វិសាលភាព​នៃ​សកម្មភាព​ប្រថុយប្រថាន​ក្នុង​វិស័យនេះ​»​។​

​របាយការណ៍​បាន​បង្ហាញថា កម្ចី​ដល់​វិស័យ​សំណង់ និង​អចលនទ្រព្យ បន្ត​កើនឡើង​ថែមទៀត ខណៈដែល​កំណើន​ឥណទាន​ទូទៅ​មានការ​ថមថយ​។ កម្ចី​ផ្ដល់​ដោយ​ធនាគារ​សម្រាប់​វិស័យ​សំណង់ និង​អចលនទ្រព្យ មាន​កំណើន ៣៦,៣ ភាគរយ​នៅត្រឹម​ដំណាច់ឆ្នាំ​២០១៧ កើន​ពី ២៨,៤​ភាគរយ​នៅក្នុង​ខែឧសភា​ឆ្នាំ​ដដែល​នេះ​។ ហើយ​ឥណទាន​ក្នុង​វិស័យនេះ បាន​កាន់កាប់​ចំណែក​ដល់ ២៦​ភាគរយ​នៃឥណទានរួមក្នុង​ឆ្នាំ​២០១៧ ដែល​កើន​ពី ២២​ភាគរយ​នៅ​ឆ្នាំ​២០១៦​។​

​ការ​ងើបឡើង​ខ្លាំង​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ ត្រូវការ​តាមដាន​ដិតដល់​។ របាយការណ៍​ប្រាប់ថា វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ត្រូវ​ចាំបាច់​អនុម័ត​គោលការណ៍​ណែនាំ​សម្រាប់​ការផ្ដល់​កម្ចី​។ របាយការណ៍​បន្ថែមថា គ្រឹះស្ថាន​ផ្ដល់​ក​ម្ចិ ត្រូវ​ឲ្យ​ប្រាកដ​ការតាមដាន​ជាប់លាប់​ចំពោះ​ការបញ្ចេញ​កម្ចី​របស់ខ្លួន និង​បន្ត​ត្រួតពិនិត្យ​ចំណាត់ថ្នាក់​កម្ចី​ខូច ដោយ​រួមបញ្ចូល​ទាំង​ការលេចឡើង​នូវ​និន្នាការ​ថ្មីៗ​នៃ​ការបន្ត​កិច្ចសន្យាខ្ចី ដោយ​បន្ថែម​ទាំង​ចំនួន​កម្ចី និង​រយៈពេល​។ ធនាគារពិភពលោក បញ្ជាក់ថា ចំណា​ត់ការ​ខាងលើនេះ​នឹង​ជួយ​បញ្ចៀស​បំណុល​វ័ណ្ដ​ករ ខណៈដែល​ឥណទាន​ក្នុង​វិស័យនេះ​ចេះតែ​បន្ត​ពង្រីក និង​មាន​កំណើន​ឥត​ថមថយ​៕


Tag:
 អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com