អន្តរជាតិ
ប្រទេស​អាស៊ាន រួមគ្នា​រក​មធ្យោបាយ​ទប់ទល់​ព័ត៌មាន​ក្លែងក្លាយ​
11, May 2018 , 11:39 pm        
រូបភាព
រូបភាព Myanmar Times
រូបភាព Myanmar Times
ដោយ:
​រដ្ឋមន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​របស់​ប្រទេស​អាស៊ាន​ទាំង​ដប់​បាន​ជួប​ពិភាក្សាគ្នា​លើ​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ ឬ ជា​ភាសា​អង់គ្លេស​ហៅថា Fake News ។ រដ្ឋមន្ត្រី​អាស៊ាន បាន​ព្រមព្រៀងគ្នា​អនុម័ត​លើ​ក្របខណ្ឌ ដែលជា​ដំណោះស្រាយ​មួយផ្នែក​សម្រាប់​អនុវត្ត និង​ទប់ទល់​ជាមួយនឹង​ភាព​ផុសផុល​នៃ​ព័ត៌មាន​ក្លែងក្លាយ​នេះដែរ​។



​នា​កិច្ចប្រជុំ​លើក​ទី​១៤ របស់​រដ្ឋមន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​អាស៊ាន​នៅ​ថ្ងៃ​១០ ឧសភា រដ្ឋមន្ត្រី​អាស៊ាន បានទទួល​ស្គា​ល់ពី​ការគំរាមកំហែង ឬ​ផល​ប៉ះ​ផល​អវិជ្ជមាន នៃ​ព័ត៌មាន​មិន​ពិត​លើ​សង្គម ជាពិសេស​នៅក្នុង​យុ​វគ​សម័យ​បច្ចេកវិទ្យា ដែល​គ្រប់គ្នា​ទម្លាប់​ពឹងផ្អែក​ប្រភពព័ត៌មាន​តាមរយៈ​បណ្តាញ​សង្គម​នោះ ។ 
 
​តាម​សារព័ត៌មាន​សិង្ហ​បុរី Channel News Asia តាមរយៈ​វេទិកា​នេះ រដ្ឋមន្ត្រី​អាស៊ាន ដើម្បី​ឆ្លើយតប​នឹង​ភាព​ផុសផុល​នៃ Fake News បាន​ឯកភាពគ្នា​ក្នុងការ​ចូលរួម​ធ្វើ​កិច្ចសហប្រតិបត្តិការ និង​ផ្លាស់​បូរ​បទពិសោធន៍​នៃ​ការអនុវត្ត​ល្អៗ ធានា​យ៉ាងណា​កុំ​ឲ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ពី​ព័ត៌មាន​មិន​ពិត ។ 
 
​ជា​លទ្ធផល រដ្ឋមន្ត្រី​អាស៊ាន ក៏បាន​អនុម័ត​លើ​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ទូលាយ​មួយ ដែល​រាប់បញ្ចូល​ទាំង ការណែនាំ​សាធារណៈ​ឲ្យ​ពិចារណា​លើ​ព័ត៌មាន​, រដ្ឋាភិបាល ពិនិត្យ​ឲ្យ​ខ្ជាប់ខ្ជួន​លើ​វិស័យ​ព័ត៌មាន ហើយ រដ្ឋាភិបាល និង​ប្រជាជន ក៏​ត្រូវធ្វើ​សហប្រតិបត្តិការ​ជាមួយគ្នា​ទៅវិញ​ក្នុង​រាយការណ៍​និង​បំភ្លឺ​ចំពោះ​ការ​ផ្តល់ព័ត៌មាន​មិន​ពិត​ណាមួយ​ឲ្យ​បាន​ទាន់ពេល ។ 
 
​តាមរយៈ​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ដដែល​នោះ រដ្ឋមន្ត្រី​អាស៊ាន បាន​លើកទឹកចិត្ត​ដល់​ប្រទេស​ទាំងអស់​ពិចារណា​មធ្យោបាយ​រៀងខ្លួន​បន្ថែម ដែល​រាប់បញ្ចូល​ទាំង​ការបង្កើត​ច្បាប់ បទដ្ឋាន និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​ដើម្បី​គ្រប់គ្រង និង​ធានា​ពី​វិស័យ​ព័ត៌មាន​ដោយ​ស្របទៅតាម​កាលៈទេសៈ និង​បរិការណ៍​នៃ​ប្រទេស​នីមួយៗ ។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ដោយសារតែ​បញ្ហា​នៃ​ព័ត៌មាន​មិន​ពិត​នេះដែរ រដ្ឋាភិបាល​របស់​ប្រទេស​អាស៊ាន​មួយចំនួន ដែល​រួមមាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​សិង្ហ​បុរី​ផង បានចេញ​ថ្លែងការណ៍​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​ចូលរួម​បង្កើត​ព័ត៌មាន​មិន​ពិត ជាពិសេស​ព័ត៌មាន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មេដឹកនាំ និង​សន្តិសុខ​ជាតិ​ជាដើម ៕ 
 

Tag:
 អាស៊ាន​
  Fake News
© រក្សាសិទ្ធិដោយ thmeythmey.com