អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ី​៖ នាយករដ្ឋមន្ត្រី​ទើប​ចាញ់ឆ្នោត ណា​ជីប ស្ថិតក្រោម​បម្រាម​ចាកចេញ​ពី​ប្រទេស​
12, May 2018 , 12:40 pm        
រូបភាព
​នាយដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី ១២ ឧសភា​ថា នាយករដ្ឋមន្ត្រី​ដែល​ទើប​ចាញ់ឆ្នោត​លោក ណា​ជីប រ៉ា​ហ្សា​ក់ និង ភរិយា​របស់លោក ស្ថិតក្រោម​បម្រាម​ចាកចេញ​ពី​ប្រទេស​។ លោក ណា​ជីប បាន​ចេញមុខ​បញ្ជាក់ថា លោក​គោរព​ចំណាត់ការ​របស់​ស្ថាប័នរដ្ឋ​នេះ​។

 
​ព្រឹក​ថ្ងៃ ១២ ឧសភា លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​បញ្ជាក់ថា លោក និង​ក្រុមគ្រួសារ​ពិតជា​មិនអាច​ចាក​ចេញពី​ប្រទេស​បានឡើយ ដោយសារ​មាន​បម្រាម​ពី​នាយកដ្ឋាន​អន្តោប្រវេសន៍​នោះ​។ 
 
«​ខ្ញុំ​បាន​ទ​ទូល​ដំណឹង​ថា នាយកដ្ឋាន​អន្តោប្រវេសន៍​បានហាម​ខ្ញុំ និង​ក្រុមគ្រួសារ​ចាក​ចេញពី​ប្រទេស​។ ខ្ញុំ​គោរព​ចំណាត់ការ​នេះ ហើយ​ខ្ញុំ​ជាមួយ​គ្រួសារ​នឹង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​»​។ នេះ​ជាស​ម្តី​របស់​នាយករដ្ឋមន្ត្រី​ទី ៦ របស់​ម៉ាឡេស៊ី លោក ណា​ជីប ក្នុង​គណនី ​twiiter ផ្លូវការរបស់​ខ្លួន​។ 
 
​មុន​មាន​ការដាក់​បម្រាម​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​នេះ លោក ណា​ជីប បាន​សរសេរ​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ផងដែរ​ពី​បំណង​ចង់​ចាក​ចេញពី​ប្រទេស​ដើម្បី​ទៅ​កម្សាន្ត​លំហែរ​កាយ​ជាមួយ​ក្រុមគ្រួសារ ហើយ​លោក​នឹង​ត្រឡប់មកវិញ​នៅ​សប្តាហ៍​ក្រោយ​។ ក្នុង​សារ​នោះ​លោក​ក៏បាន​បញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់លោក និង​សម្ព័ន្ធ​គណបក្សកាន់អំណាច Barisan Nasional ក្នុងការ​ផ្ទេរអំណាច​ដោ​យ​រលូន​ដែរ​។​
 
​ចំណែក​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី​បានទទួល​ស្គាល់​ផងដែរ​ថា លោក ណា​ជីប និង​ភរិយា​លោក​គឺ​លោកស្រី Rosmah Mansor ស្ថិតក្នុង​បញ្ជីខ្មៅ​ដែល​មិនអាច​ចាក​ចេញពី​ប្រទេស​បានឡើយ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មានសិង្ហបុរី The New Straits Times លោក និង​ភ​រិ​យaស្ថិត​មានឈ្មោះ​ក្នុង​បញ្ជី​អ្នកដំណើរ​លើ​យន្តហោះ​ឯកជន​មួយ​ដែល​ចាក​ចេញពី​កូ​ឡា​ឡាំ​ពួរ​ទៅកាន់​រដ្ឋធានី​ហ្សា​ការ​តា​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​សៅរ៍​ទី ១២ ឧសភា​នេះ​។ ប៉ុន្តែ​ក្រោយមក​ការហោះហើរ​របស់​យន្តហោះ​ឯកជន​មួយ​នេះ​ក៏​ត្រូវបាន​លុបចោល​វិញ​ដោយសារ​បញ្ហា​សន្តិសុខ​។ 
 
​ត្រឡប់មកវិញ ការសម្រេច​ហាមឃាត់​អតីត​នាយករដ្ឋមន្ត្រី​ចាក​ចេញពី​ប្រទេស កើតឡើង​ក្រោយ​នាយករដ្ឋមន្ត្រី​ថ្មី​មេដឹកនាំ​សម្ព័ន្ធ​បក្ស Pakatan Harapan លោក មហា​ធៀ មហាម៉ាត់ បានប្រកាសថា រដ្ឋាភិបាល​លោក​នឹង​ចាប់ផ្តើម​ស៊ើបអង្កេត​លើ​សំណុំរឿង​មួយ​ពាក់ព័ន្ធ​ស្ថាប័ន និង​បុគ្គល​ចំនួន​ផង​។ 
 
​បើតាម​លោក មហា​ធៀ ស្ថាប័ន​និង​បុគ្គល​ដែល​នឹងត្រូវ​ប្រឈម​នឹង​វិធានការ​របស់​រដ្ឋាភិបាល​ថ្មី​មាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត អង្គភាព​ប្រឆាំង​ពុករលួយ ស្ថាប័ន​អយ្យការ មន្ត្រី​បក្ស​កាន់អំណាច​រួមទាំង​លោក ណា​ជីប ផង​។​
 
​បក្សប្រឆាំង Pakatan Harapan ដែល​នឹង​ឡើងមក​ដឹកនាំ​រដ្ឋាភិបាល​ម្តងនោះ ធ្លាប់​ចោទប្រកាន់​លោក ណា​ជីប និង​សម្ព័ន្ធ​បក្ស​កាន់អំណាច Barisan Nasional (BN) ដែល​បំពាន​គោលការណ៍​នៃ​ការបែងចែក​អំណាច​ទាំងបី នីតិបញ្ញត្តិ ប្រតិបត្តិ និង​តុលាការ​នោះ​។ 
 
​ក្រៅពីនេះ​បក្សប្រឆាំង​នេះ​ក៏​ចោទប្រកាន់ថា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ម៉ាឡេស៊ី​ព្យាយាម​ជួយ​សម្ព័ន្ធ​បក្ស​កាន់អំណាច​ក្នុងការ​បោះឆ្នោត​សាកល​កន្លងមក​ក្នុងនោះ​មាន​ទាំង​ការកំណត់​ព្រំដែន​មណ្ឌលបោះឆ្នោត​ឡើងវិញ និង​ចេញ​វិធានការ​មួយចំនួនទៀត​ដើម្បី​បង្អាក់​សកម្មភាព​បក្សប្រឆាំង​ដូចជា​បដិសេធ​បេក្ខជន​តំណាងរាស្ត្រ​បក្សប្រឆាំង​, ហាម​សមាជិក​សម្ព័ន្ធ​បក្សប្រឆាំង​ចូលរួម​បោះឆ្នោត និង រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃ​ធ្វើការ​ជាដើម​។​
 
​មួយទៀត​គឺ គណៈកម្មការ​ប្រឆាំង​ពុករលួយ និង​ស្ថាប័ន​អយ្យ​ការដែល​នាំគ្នា​ចាត់ការ​សមាជិក​បក្សប្រឆាំង ហើយ​នាំគ្នា​ការពារ​សមាជិក​បក្ស​កាន់អំណាច​រួមទាំង​នាយករដ្ឋមន្ត្រី​ផង​នោះ​៕ 

Tag:
 ម៉ាឡេស៊ី​
  ណា​ជីប រ៉ា​ហ្សា​ក់​
© រក្សាសិទ្ធិដោយ thmeythmey.com