ជាតិ
រដ្ឋាភិបាល​ផ្លាស់ប្ដូរ​ទម្រង់​សន្លឹក​ប្លង់ដី​ថ្មី ដែលមាន​QR Code និង​រូប​ផែនទី​កម្ពុជា​
12, May 2018 , 1:05 pm        
រូបភាព
រូបពីក្រសួងរៀបចំដែនដី
រូបពីក្រសួងរៀបចំដែនដី
​ភ្នំពេញ​៖ ទម្រង់​សន្លឹក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​ប្លង់ដី​) នឹងត្រូវ​រដ្ឋាភិបាល​ដាក់​ឲ្យ​ប្រើប្រាស់ ចាប់ពី​ថ្ងៃទី ១ មិថុនា តទៅ​។ សន្លឹក​ប្លង់ដី​ថ្មី​នេះ មាន​QR Code និង​រក្សា​រូប​ផែនទី​នៃ​ប្រទេស​កម្ពុជា ជា​ទម្រង់​ព្រាលៗ​នៅ​កណ្ដាល​សន្លឹក​។



​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា សន្លឹក​ប្លង់ដី​ថ្មី​នេះ នឹង​ផ្ដល់ជូន​សម្រាប់​អ្នក​ចុះបញ្ជី​ចាប់ពី​ថ្ងៃទី​១ មិថុនា​ទៅ​។ វិញ្ញាបនបត្រ​ចាស់ និង​ថ្មី មានតម្លៃ​ដូចគ្នា គ្រាន់តែ​វិញ្ញាបនបត្រ​ថ្មី​បញ្ចូល QR Code ដែលមាន​ព័ត៌មាន​ពី​ម្ចាស់ និង​ដី រួមទាំង​ដឹង​ព័ត៌មាន​នៅក្នុង​ប្រព័ន្ធ​សុរិយោដី​។ នេះ​ជាការ​បន្ថែម​របស់ អ្នកនាំពាក្យ​ដដែល​។​
 
​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ថ្មី​នេះ នៅតែ​រក្សា​រូប​ប្រាសាទអង្គរវត្ត ដែល​អាច​មើលឃើញ​ក្រោម​ពន្លឺ​, អក្សរ​Copy នឹង​លេចឡើង​នៅពេល​ថតចម្លង និង​រូប​ព្រះរាជ​សង្ហា​ពណ៌​ក្រហម នឹង​មើលឃើញ​ពេល​សីតុណ្ហភាព​ត្រជាក់​។ 
 
​រីឯ​ចំណុច​ដែល​កែប្រែ និង​បន្ថែម​ថ្មី មាន​QR Code សម្រាប់​ឲ្យ​សាធារណជន​ផ្ទៀងផ្ទាត់​ព័ត៌មាន​លើ​បណ្ណ និង​បញ្ចូល​រូប​ផែនទី​ប្រទេស​កម្ពុជា ជា​ទម្រង់​ព្រាលៗ​នៅ​កណ្ដាល​។ ក្នុង​វិញ្ញាបនបត្រ​នេះ នឹង​ដកចេញ​នូវ​ពាក្យ «​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​» ជា​ទម្រង់​អក្សរ​តូចៗ​ព្រាលៗ​នៅលើ​សន្លឹក​វិញ្ញាបនបត្រ​មុន ដោយ​បន្ថែម​លេខ​រៀង​ពី ៧​ខ្ទង់ ទៅ ៨ ខ្ទង់​វិញ​៕



Tag:
 ប្លង់ដី​
  ប្ដូរ​ទម្រង់
© រក្សាសិទ្ធិដោយ thmeythmey.com