អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម ទទូច​ឲ្យ​ចិន​ដក​សព្វាវុធ​ដែល​ពង្រាយ​ខុសច្បាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទៅវិញ
12, May 2018 , 8:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ប្រតិកម្ម​ខ្លាំង និង​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញ​របាយការណ៍​ដែល​បញ្ជាក់ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​បាន​បំពាក់​សព្វាវុធ​ធុន​ធ្ងន់​មួយចំនួន​នៅក្នុង​ប្រជុំ​កោះមាន​វិវាទ​នៃ​សមុទ្រ​ចិន​ខាងត្បូង ។ ក្រុង​ហាណូយ ក៏បាន​ទទូច​ឲ្យ​ក្រុង​ប៉េកាំង​បង្ហាញ​ពី​ការទទួលខុសត្រូវ ដើម្បី​រក្សា​ស្ថិរភាព និង​សន្តិសុខ​នៅក្នុង​តំបន់​ផង ។



​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី Lê Thị Thu Hằng នៅ​ដើម​សប្តាហ៍​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​ជាថ្មី​ម្តងទៀត​ចំពោះ​សកម្មភាព​របស់​ចិន នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News លោកស្រី​បានលើកឡើង​ថា​៖« វៀតណាម​ពិតជា​មានការ​ព្រួយបារម្ភ​ជាខ្លាំង​អំពី​របាយការណ៍​នោះ ហើយ​វៀតណាម​ចាត់ទុក​សកម្ម​ទាំងនោះ ដែល​រាប់បញ្ចូល​ទាំង​ការបំពាក់​មី​ស៊ី​ល​នៅក្នុង​ប្រជុំ​កោះ Sprately ថា​ជាការ​បំពាន​អធិបតេយ្យ​ប្រទេស​យ៉ាងធ្ងន់ធ្ងរ និង​ថែម​បាន​បំពាន​កិច្ចព្រមព្រៀង​ដែល​ភាគី​ចិន​-​វៀតណាម បានធ្វើ​កន្លង​មកទៀត​»​។ 
 
​លោកស្រី​បន្ថែមថា ឥរិយាបថ​របស់​ចិន​បែបនេះ អាច​បំផ្លាញ​ដល់​កិច្ចប្រឹងប្រែង​របស់​អាស៊ាន​-​ចិន ក្នុងការ​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ខាងត្បូង​ទៀតផង​។ ខណៈ​បញ្ជាក់​ពី​សិទ្ធិ​ស្របតាម​ច្បាប់​អន្តរជាតិ​ក្នុងការ​គ្រប់គ្រង​លើ​ប្រជុំ​កោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង លោកស្រី​ក៏បាន​ទទូច​ឲ្យ​ចិន​បញ្ឈប់​សកម្មភាព​សម​យុទ្ធ​យោធា និង ដកចេញ​រាល់​សម្ភារ​យោធា ដែល​បានដាក់​ពង្រាយ​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់ ដែល​វៀតណាម បានទាមទារ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទៀតផង ។ 
 
​គួរ​រម្លឹក​ជាថ្មី​ថា នៅ​ថ្ងៃ​០៣ ឧសភា​កន្លងទៅ ទូរទស្សន៍ CNBC បាន​ផ្សាយ​ពី​របាយការណ៍​វិវត្តន៍​ចុងក្រោយ​មួយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយបាន​បញ្ជាក់ថា ក្រុង​ប៉េកាំង​បាន​ដំឡើង​មី​ស៊ី​ល​ប្រឆាំងនឹង​នាវា និង​មី​ស៊ី​លបាញ់​យន្តហោះ​នៅក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ចំនួន​បី រួមមាន Mischief Reef, Fiery Cross Reef និង Subi Reef ។​
 
​របាយការណ៍​នេះ ក៏ត្រូវ​បាន​ក្រុង​ប៉េកាំង ចេញមុខ​ការពារ​ភ្លាមៗ​ផងដែរ​។ តាមរយៈ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​០៣ ឧសភា​ដដែល​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​បញ្ជាក់ថា ការដំឡើង​មី​ស៊ី​ល​នោះ​មិន​បានដាក់​គោលដៅ​លើ​ប្រទេស​ណា​ឡើយ​។ អ្នកនាំពាក្យ​ថែមទាំង​សង្កត់ធ្ងន់ថា ប្រទេស​ណាក៏ដោយ​ឲ្យ​តែ​មិន​មានតែ​ចេតនា​ក្នុងការ​ឈ្លានពាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​មិនគួរ​មានការ​ព្រួយបារម្ភ​ចំពោះ​វត្តមាន​សព្វាវុធ​របស់​ចិន​ឡើយ ។ 
 
​អ្វីដែល​គួរកត់សម្គាល់​ផងដែរ​នោះ ហ្វីលីពីន​ដែល​រដ្ឋ​ពាក់ព័ន្ធ​នៃ​តំបន់​ជម្លោះ​នេះ​មិន​មើលឃើញ​សកម្មភាព​របស់​ចិន​ជាការ​គំរាមកំហែង​អ្វី​ឡើយ​។ ខណៈ​មានការ​បារម្ភ​តិចតួច​ខ្លះ​ដែរនោះ ក្រុង​ម៉ានីល នៅ​ថ្ងៃ​៤ ឧសភា បានបង្ហាញ​ជំនឿ​ចិត្ត​ថា សកម្មភាព​របស់​ក្រុង​ប៉េកាំង មិនបាន​ដាក់​គោលដៅ​ទៅលើ​ហ្វីលីពីន​៕ 

Tag:
 វៀតណាម​
  ចិន​
  ហ្វីលីពីន
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com