ជាតិ
ការ​បួស​បង្ហាញ​ពី​ភាពស្មើគ្នា​របស់​អ្នក​ឥស្លាម​
13, May 2018 , 9:59 pm        
រូបភាព
​សៀមរាប​៖ សាសនិក​ឥស្លាម​នៅ​ទូទាំង​សាកលលោក កំពុង​ត្រៀមខ្លួន​ស្វាគមន៍​ខែ​រ៉​ម៉ា​ឌន ឬ​ខែ​បួស ដែល​នឹង​ចូល​មកដល់​នាពេល​ឆាប់ៗ​។ នៅ​កម្ពុជា រ៉​ម៉ា​ឌន​នៅ​ឆ្នាំនេះ អាច​ត្រូវ​នឹង​ថ្ងៃទី​១៦ ឬ​១៧ ឧសភា ទៅតាម​ការមើលឃើញ​ខែ ដើម្បី​កំណត់​ចូល​ខែ​រ៉​ម៉ា​ឌន​។ សាស្ដ្រាចារ្យ​ផ្នែក​សាសនា​ឥស្លាម បាន​ពន្យល់ថា ការ​បួស​ក្នុង​ខែ​រ៉​ម៉ា​ឌន បានបង្ហាញ​យ៉ាងច្បាស់ ពី​ភាពស្មើគ្នា​របស់​អ្នក​ឥស្លាម​។​

 
​បួស គឺជា​កាតព្វកិច្ច​ដែល​ព្រះ​អ​ល់​ឡោះ បានដាក់​មកលើ​អ្នក​កាន់សាសនា​ឥស្លាម​គ្រប់រូប មិន​ថា​មាន ឬ​ក្រ ឬ​ស្ថិត​ក្នុងឋានៈ​ណា​ឡើយ​។ ត្រង់ចំណុច​នេះហើយ ដែល​បាន​បញ្ជាក់ថា ការ​បួស​គឺ​បង្ហាញ​ពី​ភាពស្មើគ្នា​របស់​អ្នក​ឥស្លាម​។​
 
​សាស្ដ្រាចារ្យ​ផ្នែក​សាសនា​ឥស្លាម លោក មោសា អះ​ម៉ាត់ បាន​លើកឡើងថា ការ​បួស​បង្ហាញ​ពី​ភាពស្មើគ្នា​របស់​អ្នក​កាន់សាសនា​ឥស្លាម​ចំពោះ​អ​ល់​ឡោះ ព្រោះ​វា​ជា​កាតព្វកិច្ច ដែល​ព្រះ​អ​ល់​ឡោះ​បានដាក់​មកលើ​អ្នក​ឥស្លាម​គ្រប់រូប មិន​ខ្វល់​ថា​អ្នកនោះ ជា​អ្នកក្រ អ្នកមាន ជា​រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ ឬ​រាស្ដ្រសាមញ្ញ​ឡើយ គឺ​ពួកគេ​ត្រូវបំពេញ​បួស​ដូចគ្នា​។ លោក​ពន្យល់ថា​៖« ពេលនោះ យើង​ឃើញថា ពួកគាត់ (​អ្នក​កាន់សាសនា​ឥស្លាម​) ហាក់​មាន​ភាពស្មើគ្នា ចំពោះ​ការបំពេញ​កាតព្វកិច្ច​ទៅ​ចំពោះ​អ​ល់​ឡោះ​។ វា​បង្ហាញថា​អ្នក​ឥស្លាម​ទាំងអស់​មានតម្លៃ​ស្មើគ្នា ក្នុង​ការបំពេញ​កាតព្វកិច្ច ហើយក៏​មានតម្លៃ​ស្មើគ្នា ក្នុងការ​ទទួលយក​នូវ​ផល​បុណ្យ​ពី​ព្រះ​របស់ខ្លួន​ដែរ​»​។​
 
​លោក មោ​សា អះ​ម៉ាត់ បន្ថែមថា សាសនា​ឥស្លាម បានដាក់​កាតព្វកិច្ច​បួស​មកលើ​អ្នក​ឥស្លាម ចាប់ពី​អាយុ​១៥​ឆ្នាំ ឬ​មាន​លក្ខណៈ​សម្គាល់​ផ្សេងទៀត ដែល​បញ្ជាក់ថា​ពួកគេ​គ្រប់​អាយុ ដូចជា​ស្ត្រី​នៅពេល​គាត់​ចាប់ផ្តើម​មាន​រដូវ ចំណែក​បុរស​នៅពេល​ពួកគេ​មានការ​យល់សប្ដិ ឬ​មាន​អារម្មណ៍​ស្រឡាញ់​ស្ដ្រី​ជាដើម​។​ល​។​
 
​ដើម្បីឱ្យ​បួស​មាន​លក្ខណៈ​ពេញលេញ លោក មោសា អះ​ម៉ាត់ ពន្យល់ថា គេ​ត្រូវ​តប​អាហារ និង​ទឹក​នៅពេល​ថ្ងៃ ចាប់ពីពេលសេតារុណ ឬហ្វាជើររះ (មុន​ថ្ងៃ​រះ) រហូតដល់​ថ្ងៃ​លិច ឬ​នៅពេល​វេលា ដែល​ត្រូវ​បានកំណត់​ក្នុង​ប្រតិទិន​របស់​សាសនា​ឥស្លាម​។ ក្រៅពី​តប​ចំណីអាហារ​នេះ គេ​ក៏ត្រូវ​តប​ទង្វើ​អាក្រក់​ផ្សេងៗ​ទៀត​ដែរ ដូចជា​ការ​លួច ការឆក់ប្លន់ និង​ការ​និយាយដើម​គេ​ជាដើម​។​
 
​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត ក្រោយ​ការចែករំលែក​ចំណេះដឹង​ផ្នែក​សាសនា​ទាក់ទង​នឹង​បុណ្យ​ខែ​រ៉​ម៉ា​ឌន នៅ​វិហារ​ឥស្លាម​ថ្មី ក្នុងភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប នៅ​ល្ងាច​ថ្ងៃទី​១២ ឧសភា លោក មោសា អះ​ម៉ាត់ បានឱ្យដឹង​ទៀតថា កាតព្វកិច្ច​បួស​ក្នុង​ខែ​រ៉​ម៉ា​ឌន ត្រូវបាន​ព្រះ​អ​ល់​ឡោះ​ដាក់​មកលើ​អ្នក​ឥស្លាម​គ្រប់រូប តាំងពី​ឆ្នាំ​ទី​២ ហិច​រ៉ស់ (​ឆ្នាំ​សាសនា​ឥស្លាម​) ឬ​តាំងពី ១៤០០​ឆ្នាំមុន​មកម្ល៉េះ នៅ​ជំនាញ​ព្យា​ការី​ម​ហាំ​ម៉ាត់​។ បួស​ខែ​រ៉​ម៉ា​ឌន​នៅ​ឆ្នាំនេះ អាច​ត្រូវ​នឹង​ថ្ងៃទី​១៦ ឬ​១៧ ឧសភា តាម​ការមើល​ខែខ្នើត នៅ​ល្ងាច​ថ្ងៃទី​១៥ ឧសភា​។​
 
​គួររម្លឹកថា បួស​ខែ​រ៉​ម៉ា​ឌន ជា​កាត​ព្វ​ថ្ងៃមួយ​ក្នុងចំណោម​កាតព្វកិច្ច​ទាំង​៥ ដែល​ព្រះ​អ​ល់​ឡោះ​បានដាក់​មកលើ​អ្នក​ឥស្លាម​គ្រប់រូប រួមមាន ទី​១ ត្រូវ​និយាយថា «​គ្មានទេ​ព្រះ​ជា​ម្ចាស់ លើកលែងតែ​អ​ល់​ឡោះ​ទ្រង់​មួយអង្គ​គត់ ហើយ​ម​ហាំ​ម៉ាត់​ជា​ព្យា​ការី​» ទី​២ ថ្វាយបង្គំ​មួយថ្ងៃ​៥​ដង ទី​៣ បរិច្ចាគ​ទាន​ទៅ​អ្នក​ទៅ​អ្នក​ខ្សត់   ទី​៤ បួសខែរ៉ម៉ាឌន និង​ទី​៥ ទៅ​បំពេញ​កាតព្វកិច្ច​ហា​ជ្ជី​នៅ​ទីក្រុង​ម៉ា​កាស ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​៕

Tag:
 រ៉​ម៉ា​ឌន​
 ​ ឥស្លាម​
© រក្សាសិទ្ធិដោយ thmeythmey.com