អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ី​៖ ចំណាត់ការ​របស់​បក្ស​ឈ្នះឆ្នោត​ជា​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ឬ​ការអនុវត្ត​នីតិរដ្ឋ​?
13, May 2018 , 11:39 pm        
រូបភាព
អតី​​តនា​​យក​​​រដ្ឋម​​​ន្រ្តីម៉ា​​​ឡេស៊ី ណាជីប រ៉ាហ្សាក់ (រូបភាព AFP)
អតី​​តនា​​យក​​​រដ្ឋម​​​ន្រ្តីម៉ា​​​ឡេស៊ី ណាជីប រ៉ាហ្សាក់ (រូបភាព AFP)
​ក្រោយ​ការ​ឈ្នះឆ្នោត​របស់​សម្ព័ន្ធភាព​ប្រឆាំង Pakatan Harapan នៅ​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ ដែល​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​បានប្រកាស​ចាត់វិធានកា​រលើ​មន្ត្រី​រដ្ឋាភិបាល​មុន​ដែល​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ និង​ភាពមិនប្រក្រតី​ផ្សេងទៀត​។ ការប្រកាស​របស់លោក មហា​ធៀ ធ្វើ​ឲ្យ​មានការ​លើកឡើងថា អ្នកថ្មី​សងសឹក​អ្នក​ចាស់ ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ឬ​ការផ្លាស់ប្ដូរ​នាំ​ឲ្យ​មានការ​បែកបាក់​ក្នុងសង្គម​ជាដើម​។

 
​នៅ​ម៉ាឡេស៊ី ជ័យជម្នះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​សម្ព័ន្ធភាព​ប្រឆាំង Pakatan Harapan លើ​សម្ព័ន្ធភាព​កាន់អំណាច Barisan Nasional ដែល​កាន់អំណាច​ជាង​៦០​ឆ្នាំ គឺជា​ប្រធានបទ​ជជែក​ថ្មី​នៃ​ការផ្លាស់ប្ដូរ​។ លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ថ្មី​វ័យ​៩២​ឆ្នាំ បានប្រកាស​ចាត់វិធានកា​រ​តឹងរ៉ឹង​លើ​មន្ត្រី​រដ្ឋាភិបាល​មុន​ដែលមាន​ឈ្មោះ​ក្នុង​សំណុំរឿង​ពុករលួយ ដែល​សូម្បីតែ​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ក៏​ទំនងជា​មិន​រួចខ្លួន​ដែរ​។ 
 
​លោក ណា​ជីប ជាប់​ឈ្មោះ​ក្នុង​សំណុំរឿង​ពុករលួយ​ដ៏​ធំ​ជុំវិញ​ការ​កិបកេង​លុយ​ពី​មូលនិធិ​រដ្ឋ 1MDB (1Malaysia Development Berhad) រាប់ពាន់​លាន​ដុល្លារ​។ តាំងពី​ក្នុង​យុទ្ធនា​ការរក​សំឡេងឆ្នោត​មក លោក មហា​ធៀ បាន​និយាយថា លោក​នឹង​ស៊ើបអង្កេត​រឿងនេះ​ឲ្យ​ឃើញ​ស​ខ្មៅ និង​ប្រមូល​លុយ​ចូល​ឃ្លាំង​រដ្ឋ​មិន​ឲ្យ​ខ្វះ​មួយ​កាក់​មួយ​សេន​ឡើយ​។ ដោយឡែក មន្ត្រី​មួយចំនួន​ដែល​សង្ស័យថា ជួយ​លោក ណា​ជីប ក៏​មិនអាច​រួចខ្លួន​បានដែរ​។ អគ្គរាជអាជ្ញា​ម៉ាឡេស៊ី​ដែល​ប្រកាសថា​លោក ណា​ជីប គ្មាន​កំហុស បាន​អស់តំណែង​ហើយ​។​
 
​លោក មហា​ធៀ ក៏បាន​ចេញ​បញ្ជា​ហាមប្រាម​លោក ណា​ជីប និង​ភរិយា​របស់លោក​ចាក​ចេញពី​ប្រទេស​ដែរ ដែល​នេះ​អាចជា​វិធានការ​មុននឹង​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​អាច​បើក​ការស៊ើបអង្កេត​លើ​សំណុំរឿង​ពុករលួយ​ដ៏​ធំ​ឡើងវិញ​។ សម្រាប់​ករណីនេះ តើ​វា​ជាការ​អនុវត្ត​នីតិរដ្ឋ​ដែល​អ្នក​បំពាន​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ឬ​ជាការ​សងសឹក​លើ​បក្ស​កាន់អំណាច​ដែល​គ្រប់គ្រង​ប្រទេស​រាប់សិប​ឆ្នាំ​ពី​សំណាក់​សម្ព័ន្ធភាព​ប្រឆាំង ដែល​តស៊ូ​ដើម្បី​ការផ្លាស់ប្ដូរ​អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​?
 
​ពាក់ព័ន្ធ​សំណុំរឿង​កិបកេង​លុយ​រដ្ឋ​នេះ បញ្ហា​ចាប់ផ្ដើម​ផ្ទុះឡើង​នៅក្នុង​ឆ្នាំ​២០១៥ ។ បង្កើត​ក្នុង​ឆ្នាំ​២០០៩ មូលនិធិ 1MDB ត្រូវបាន​បង្កើត​ក្នុង​គោលដៅ​ប្រែក្លាយ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ និង​ជំរុញ​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការវិនិយោគ​យុទ្ធសាស្ត្រ​។ មកដល់​ឆ្នាំ​២០១៥ ក៏មាន​ព័ត៌មាន​ថា មូលនិធិ​នេះ​ខកខាន​បង់ប្រាក់​ជំពាក់​ប្រហែល​១១​ពាន់​លាន​ដុល្លារ​ទៅ​ធនាគារ និង​ម្ចាស់​បណ្ណ​បំណុល​របស់ខ្លួន​។​
 
​បន្ទាប់ពី​សារព័ត៌មាន​អាមេរិក The Wall Street Journal ផ្សាយ​ថា ខ្លួន​បានឃើញ​ឯកសារ​មួយ​ដែល​បង្ហាញ​ពី​ការផ្ទេរ​ទឹកប្រាក់​ជិត​៧០០​លាន​ដុល្លារ​ពី​មូលនិធិ​ទៅកាន់​គណនី​ផ្ទាល់ខ្លួន​លោក ណា​ជីប ។ សំណុំរឿង​ក៏ត្រូវ​ស្ថិតក្រោម​ការស៊ើបអង្កេត​នៅ​ប្រទេសមួយ​ចំនួន​ដែរ​។ នៅ​អាមេរិក រដ្ឋមន្ត្រី​យុត្តិធម៌ Jeff Sessions បាន​ហៅ​រឿងអាស្រូវ​នេះ​ជាការ​កិបកេង​ដ៏​អាក្រក់​បំផុត ហើយ​អាមេរិក​ក៏​ចង់​ផ្អឹប​ទុក​លុយ​ច្រើនជាង​១.៧​ពាន់​លាន​ដុល្លារ​ដែល​សង្ស័យថា ត្រូវបាន​លួច​ចេញពី 1MDB ។ 
 
​ជុំវិញ​រឿងនេះ បើជា​ការអនុវត្ត​ច្បាប់​នោះ គេ​មិនអាច​ចាត់​ចូល​ជាការ​សងសឹក​ឡើយ​។ ប៉ុន្តែ​វា​អាចជា​ផ្នែក​មួយ​នៃ​កែទម្រង់ ពង្រឹង​ច្បាប់​ប្រទេស ហើយក៏​ដើម្បី​ដុសក្អែល​អ្នកមានអំណាច​បំពាន​អំណាច ហើយ​មិនបាន​បម្រើ​រាស្ត្រ​ត្រឹមត្រូវ​ប៉ុណ្ណោះ​។ ចំណែកឯ​ការដកតំណែង ឬ​ការកាត់ទោស​អ្នកនយោបាយ​យ៉ាងណា​នោះ គឺត្រូវធ្វើ​ក្រោយ​ការស៊ើបអង្កេត​ប៉ុណ្ណោះ​។ បើ​ពួកគេ​ប្រព្រឹត្ត​ខុស​មែន ពួកគេ​សម​នឹង​ទទួលទោស​ទៅ ប៉ុន្តែ​បើ​គ្មាន​កំហុស គឺ​ពួកគេ​រួចខ្លួន​។ 
 
​អ្វីដែល​គេ​ត្រូវ​តាមដាន​បន្ត​នោះ គឺ​ករណី​រកឃើញថា មិនមាន​កំហុស​អ្វី​ឡើយ ហើយ​ត្រូវបាន​កាត់ទោស​ដោយ​បំពាន នោះ​ទើប​វា​ចូលក្នុង​ទស្សនៈទាន ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ឬ​ជាការ​សងសឹក​នយោបាយ​តែម្ដង​។ អ្នកនយោបាយ​ដឹង​ច្បាប់ តែ​រំលោភបំពាន​ច្បាប់ គឺជា​រឿង​មិនគួរ​លើកលែង​ទេ​ឡើយ ហើយ​ដែល​ត្រូវតែ​អនុវត្ត​ដាច់ខាត​តាម​គោលការណ៍​នីតិរដ្ឋ​។ ការ​កេងចំណេញ​ថវិការដ្ឋ​ដើម្បី​ប្រយោជន៍​ខ្លួន ឬ​ក្រុម​របស់ខ្លួន មិនមែន​រឿង​អត់ឱន​ឡើយ​។​
 
​បញ្ហា​នឹង​កាន់តែ​សាំ​ញាំ​ពិបាក​ដោះស្រាយ បើ​រដ្ឋាភិបាល​ថ្មី​មិន​ព្រម​ជីក​កាយ​ការពិត​ឲ្យ​ច្បាស់លាស់​ទេនោះ ព្រោះ​វា​ក្លាយជា​មេរៀន​សម្រាប់​មេដឹកនាំ​ជំនាន់​ក្រោយ​ទៀត​។ ការការពារ​អ្នកនយោបាយ ឬ​មន្ត្រី​មាន​កំហុស ជាពិសេស​អំពើពុករលួយ មិនគួរ​ត្រូវ​លើកទឹកចិត្ត​ឡើយ ព្រោះ​វា​នឹង​ក្លាយជា​ការជំរុញ​ឲ្យ​មានការ​ប្រព្រឹត្ត​អំពើ​បែបនេះ​ក្នុងសង្គម​កាន់តែច្រើន​។ ការយោគយល់ ឬ​ការអត់ឱន​ច្រើនពេក​មិនមែនជា​រឿង​ល្អ​ឡើយ​។​
 
​ការអនុវត្ត​ច្បាប់​តាម​គោលការណ៍​នីតិរដ្ឋ​ដោយ​មិន​រើសអើង ទើប​ជា​រឿង​គួរ​លើកទឹកចិត្ត ស្របពេល​ការដាក់ទោសទណ្ឌ​នឹង​ក្លាយជា​មេរៀន​សម្រាប់​ប្រជាជន​គ្រប់រូប នៅពេល​ប្រព្រឹត្ត​ខុសច្បាប់ រួមទាំង​អ្នកនយោបាយ​ទាំងឡាយ​ផង​។ កាន់តែ​សំខាន់​ទៅទៀត​នោះ ការដាក់ទោសទណ្ឌ​លើ​ជនបង្ក​កំហុស ក៏​ជា​វិធីសាស្ត្រ​ជួយ​រំឭក​ដាស់តឿន​អារម្មណ៍​អ្នកមានអំណាច​ក្នុង​ដៃ​បាន​ច្រើន​ដែរ ព្រោះ​ពួកគេ​មិនអាច​គេចវេស​ពី​ការទទួលខុសត្រូវ​ឡើយ​៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
  ណា​ជីប រ៉ា​ហ្សា​ក់
© រក្សាសិទ្ធិដោយ thmeythmey.com