ជាតិ
​​​ន​យោ​បាយ​ជាតិ​
​បោះឆ្នោត​៖ បក្ស​២០​ដាក់ពាក្យ​ចូល​ប្រជែង ​តែ​គ្មាន​ឡើយ​ច្រក​សម្រាប់ CNRP
14, May 2018 , 8:23 pm        
រូបភាព
ស្ត្រី​ម្នាក់ស្វែងរកឈ្មោះរបស់ខ្លួន នាអំឡុងនៃការបោះឆ្នោត​កាលពី១០ឆ្នាំមុន។ រូបថត AFP
ស្ត្រី​ម្នាក់ស្វែងរកឈ្មោះរបស់ខ្លួន នាអំឡុងនៃការបោះឆ្នោត​កាលពី១០ឆ្នាំមុន។ រូបថត AFP
ដោយ: ថ្មីៗ
រយៈពេល​១៥​ថ្ងៃ​នៃ​ការចុះឈ្មោះ​គណបក្សនយោបាយ នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​បិទ​បញ្ចប់​ហើយ នៅ​ល្ងាច​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​នេះ​។ លោក គណបក្ស​មាន​រហូត​ទៅ​២០​ឯណោះ ដែល​បាន​យកពាក្យ​ទៅ​ដាក់​នៅ​គ​.​ជ​.​ប​. ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​។​



​មកដល់​ដំណាក់​នេះ គេ​អាច​ដឹង​ច្បាស់​ហើយ​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នឹងមិន​មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ព្រោះ​អតីត​គណបក្ស​ប្រ​ឆាង​ដ៏​ធំ​មួយ​នេះ មិនបាន​ចុះឈ្មោះ​នៅ​គ​.​ជ​.​ប​.​។ លោក ហង្ស ពុទ្ធា ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​គណបក្ស​ណា មិនបាន​ចុះឈ្មោះ គឺ​គណបក្ស​នោះ នឹង​មិនបាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ទេ​»​។

​ក្នុងចំណោម​គណបក្ស​ទាំង​២០ គណបក្ស​៤​ត្រូវបាន គ​.​ជ​.​ប ទទួល​ផ្លូវការ​ជា​បន្តបន្ទាប់​រួមមាន គណបក្ស​យុវជន​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ឈានទៅដល់​ការទទួលស្គាល់​ក្រោយ​ការសម្រេច​ចុងក្រោយ​នៅ​ថ្ងៃទី​១៦ ខែឧសភា​។​

​គណបក្ស​ដែល​គ​.​ជ​.​ប កំពុង​ពិនិត្យ​ហើយ​ឈានដល់​ការសម្រេច​ចុងក្រោយ​នៅ​ថ្ងៃទី​១៨ ខែឧសភា រួមមាន គណបក្ស​ខ្មែរ​តែមួយ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ពន្លឺ​ថ្មី​។ នៅ​ថ្ងៃទី​១៩ ខែឧសភា គ​.​ជ​.​ប នឹង​សម្រេច​ចុងក្រោយ​លើ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។

​គណបក្ស​ដែល​បានដាក់​ពាក្យ​នៅ​ថ្ងៃ​ចុងក្រោយ​រួមមាន គណបក្ស​ធម្មាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​រស្មី​ខេមរា គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គណបក្ស​មាតុភូមិ​យើង គណបក្ស​ឆន្ទៈ​ខ្មែរ ខណៈ​គណបក្ស​ខ្មែរ​ក្រោក បានដាក់​ពាក្យ​នៅ​ម៉ោង​៥ និង​៣៥​នាទី​។ នៅ​ថ្ងៃទី​២១ ខែឧសភា គ​.​ជ​.​ប នឹង​សម្រេច​លើ​ការសុំ​ចុះបញ្ជី​គណបក្ស​ទាំងនេះ​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​នីតិកាល​ទី​៥ មាន​គណបក្ស​តែ​៨​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​៕



Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com