អន្តរជាតិ
មហា​ធៀ​៖«​ខ្ញុំ​អាច​នឹង​កាន់តំណែង​នាយករដ្ឋមន្ត្រី​ចន្លោះ​ពីមួយ​ទៅ​ពីរ​ឆ្នាំ​»
15, May 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទើប​ជាប់ឆ្នោត​លោក មហា​ធៀ មហាម៉ាត់ បាន​បញ្ជាក់ថា លោក​អាច​នឹង​កាន់តំណែង​នេះ​ក្នុង​រយៈពេល​ពីមួយ​ទៅ​ពីរ​ឆ្នាំ​។ លោក​បន្ថែមថា ក្រោយពេល​ចេញពី​តំណែង លោក​ក៏​នៅ​រក្សា​តួនាទី​នៅ​ពីក្រោយ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ផងដែរ​។​



​ដូច​ការរំពឹងទុក​មែ​ន លោក មហា​ធៀ នឹង​កាន់តំណែង​នាយករដ្ឋមន្ត្រី​យ៉ាងយូរបំផុត​ចន្លោះ​ពីមួយ​ឆ្នាំទៅ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ដោយ​លោក​នឹងមាន​ពេលវេលា​គ្រប់គ្រាន់​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ដូច​ជាការ​បោសសម្អាត​អំពើពុករលួយ​ក្នុង​ស្ថាប័នរដ្ឋ​។​

​ថ្លែងប្រាប់​សន្និសីទ​មួយ​តាម​វីដេអូ​រៀបចំ​ដោយសារ​ព័ត៌មាន Wall Street Journal លោក មហា​ធៀ បានបញ្ជាក់​ដូច្នេះ​៖« ជំហាន​ដំបូង ខ្ញុំ​នឹង​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្នុង​រយៈពេល​ប្រហែល​ជាមាន​រយៈពេល​មួយឆ្នាំ ឬ​ពីរ​ឆ្នាំ​។ ក្រោយ​ខ្ញុំ​ចុះ​ចេញពី​តំណែង ខ្ញុំ​នឹង​នៅមាន​តួនាទី​មួយ​នៅ​ពីក្រោយ​ការដឹកនាំ​រដ្ឋាភិបាល​ដ​ដែរ​»​។​

​តាមពិតទៅ ការ​កំណត់ពេល​សម្រាប់​លោក មហា​ធៀ កាន់អំណាច​នេះ​ត្រូវបាន​ឯកភាពគ្នា​រវាង​សម្ព័ន្ធ​បក្សប្រឆាំង​តាំងពី​មុន​បោះឆ្នោត​ម្ល៉េះ​។ យោងតាម​សារព័ត៌មាន​អង់គ្លេស The Guardian សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan បាន​បញ្ជាក់ថា លោក មហា​ធៀ នឹង​នៅក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​រយៈពេល​យូរ​បំផុត​ពីរ​ឆ្នាំ ។​

​ក្រៅពី​សន្យា​ជួយ​ដោះលែង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម កន្លងមក លោក មហា​ធៀ ធ្លាប់បាន​ពន្យល់​ដែរ​កាលពីដើម​ខែឧសភា​ថា ក្នុងនាម​ជា​អតីត​នាយករដ្ឋមន្ត្រី លោក​សុំ​ពេល​ដោះស្រាយ​បញ្ហាសំខាន់ៗ​មួយចំនួន​សិន​មុន​ចុះចេញ​។​

​តាមពិតទៅ​រឿង​សំខាន់​ដែល​រដ្ឋាភិបាល​ថ្មី​របស់លោក មហា​ធៀ ត្រូវធ្វើ​នោះ​គឺ​កែ​ទ្រង់​ស្ថាប័ន​នយោបាយ ដោះស្រាយ​បញ្ហា​កង្វល់​សង្គម និង ស្តារឡើងវិញ​នូវ​នីតិរដ្ឋ​ដែល​បាត់បង់​អស់​ជាច្រើន​ឆ្នាំ​ក្នុងសង្គម​ម៉ាឡេស៊ី​នេះ​។ លោក មហា​ធៀ សន្យា​ទាមទារ​យកលុយ​រដ្ឋ​ដែល​ត្រូវគេ​លួច​ក្រោម​សំណុំរឿង​ពុករលួយ មូលនិធិ 1MDB និង​កាត់ទោស​អ្នកពាក់ព័ន្ធ​ផង​រួមទាំង​នាយក​រដ្ឋ​ម​ន្រី្ត ណា​ជីប រ៉ា​ហ្សា​ក់ បើសិនជា​រកឃើញថា មាន​កំហុស​មែន​នោះ​។​

​ពាក់ព័ន្ធ​នឹង​ការដោះលែង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម វិញ​នោះ លោក មហា​ធៀ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រោយ​ចាក​ចេញពី​ពន្ធនាគារ លោក អាន់​វ៉ា នឹង​ស្វែងរក​តំណែង​សមាជិកសភា ហើយ​បន្ទាប់មក​លោក​ប្រហែលជា​អាច​ទទួលបាន​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​ផង​។ ប៉ុន្តែ​លោក​នៅតែមាន​តួនាទី​ជា​មេ​សម្ព័ន្ធ​បក្សប្រឆាំង​ដដែល​។

​តាមពិតទៅ លោក អាន់​វ៉ា ធ្លាប់ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​ក្រោម​អាណត្តិ​លោក មហា​ធៀ​។ លោក​ត្រូវបាន​លោក មហា​ធៀ ដកតំណែង​ឆ្នាំ ១៩៩៨ ហើយ​ក្រោយមក​ត្រូវបាន​គេ​ចាប់​ដាក់ពន្ធនាគារ​ដោយសារ​បទល្មើស​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​ថែមទៀត​។ លោក​ត្រូវបាន​គេ​ចាប់​ដាក់ពន្ធនាគារ​ម្តងទៀត​កាលពី​ឆ្នាំ ២០១៥ ដោយ​លោក​រង​ការចោទប្រកាន់​ជាថ្មី​ពាក់ព័ន្ធ​ការរួម​ភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​ទៀត ពេល​លោក ណា​ជីប ធ្វើជា​នាយករដ្ឋមន្ត្រី​។ លោក អាន់​វ៉ា ហៅ​ការចាប់ខ្លួន​លោក​ថា​ជា​រឿង​នយោបាយ​សុទ្ធសាធ​៕


Tag:
 មហា​ធៀ មហាម៉ាត់​
  ម៉ាឡេស៊ី​
  អាន់​វ៉ា អ៊ីប្រាហ៊ីម​
© រក្សាសិទ្ធិដោយ thmeythmey.com