អន្តរជាតិ
ស្ត្រី​ចិន​ម្នាក់​ទើប​ដឹងថា សត្វ​ដែល​ខ្លួន​ចិញ្ចឹម​ជា​កញ្ជ្រោង មិនមែនជា​ឆ្កែ​ឡើយ​
16, May 2018 , 8:39 am        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ចិន​ម្នាក់ បាន​ចំណាយលុយ​ប្រមាណ​១៩០​ដុល្លារ​អាមេរិក ដើម្បី​ទិញ​សត្វ​ចិញ្ចឹម​មួយ ដោយ​ដំបូង គិតថា វា​ជា​ពូជ​ឆ្កែ​ជប៉ុន Japanese Spitz ប៉ុន្តែ​ក្រោយ​ចិញ្ចឹម​អស់​ជាច្រើន​ខែ ដើម​ដឹងថា វា​ជាស​ត្វ​កញ្ជ្រោង​។​



​អ្នកស្រី វ៉ាង ដែល​រស់នៅ​ខេត្ត​សាន​ស៊ី ប្រទេស​ចិន បាន​ទិញ​សត្វ​មួយ​ក្បាល ពី​ហាង​មួយ​ក្នុងតម្លៃ​ប្រមាណ​១៩០​ដុល្លារ​អាមេរិក​។ ថ្លែងប្រាប់​ទូរទស្សន៍ Shanxi Network Television អ្នកស្រី​បានបញ្ជាក់​ថា គាត់​ស្រឡាញ់​ពូជ​ឆ្កែ​ជប៉ុន Japanese Spitz យ៉ាងខ្លាំង ដូច្នេះ​លោកស្រី​ក៏បាន​សម្រេចចិត្ត​ទិញ​សត្វ​នោះ ដោយ​មិនបាន​សួរនាំ​ច្រើន​។​



​អ្នកស្រី វ៉ាង ឆ្ងល់​យ៉ាងខ្លាំង​ដោយសារ​សត្វ​ជា​ទីស្រឡាញ់​របស់​អ្នកស្រី មិនដែល​ស៊ី​ចំណី​ធម្មតា​របស់​ឆ្កែ ហើយ​វា​មិនចេះ​ព្រុះ និង​កន្ទុយ​ដុះ​វែង​ខុសពី​ឆ្កែ​ធម្មតា​។ នៅពេលដែល​គាត់​នាំ​វា​ដើរ​តាម​សួន សត្វ និង​ឆ្កែ​ផ្សេងៗ ហាក់ដូចជា​ភ័យខ្លាច​នឹង​វា​ខ្លាំងណាស់​។​

​គាត់​បាន​ចិញ្ចឹម​វា​ដូចជា​ឆ្កែ​ធម្មតា ដោយ​ឲ្យ​ស៊ី​ផ្លែឈើ ភ្លៅ​មាន់​ចៀន និង​ចំណី​ឆ្កែ ប៉ុន្តែ​វា​បានចាប់ផ្តើម​បដិសេធ​ចំណីអាហារ​ទាំងនោះ នៅពេលដែល​វា​ឡើងដល់​អាយុ​ជាង​៣​ខែ​។ អ្នកជិតខាង​មើលឃើញថា សត្វ​របស់​អ្នកស្រី វ៉ាង មិនមែនជា​ឆ្កែ​ឡើយ​។​



​ទីបំផុត គាត់​បាន​យក​វា​ទៅពិនិត្យ​នៅ​សួនសត្វ Taiyuan Zoo ហើយ​ពេទ្យ​ជំនាញ​បាន​បញ្ជាក់ថា វា​ពិតជា​សត្វ​កញ្ជ្រោង ដែល​ត្រូវបាន​គេ​ផ្សាំង​ឲ្យ​ដូចជា​សត្វ​ចិញ្ចឹម​ក្នុងស្រុក​។ ម្យ៉ាងទៀត ក្លិន​របស់​វា ក៏​មិន​ដូច​ឆ្កែ​ធម្មតា​នោះដែរ​។​

​តាម​ការផ្សាយ​របស់​ព័ត៌មាន​ក្នុងស្រុក អ្នកស្រី Wang បានសម្រេច​ចិត្ត​បញ្ជូន​សត្វ​កញ្ជ្រោង​នោះ ឲ្យ​ទៅ​រស់នៅក្នុង​សួនសត្វ ដើម្បី​ឲ្យ​វា​អាច​រស់នៅក្នុង​បរិស្ថាន​ដែល​ល្អប្រសើរ​៕


Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com