អន្តរជាតិ
អាន់​វ៉ា អ៊ីប្រាហ៊ីម​៖ «​ខ្ញុំ​មិនដែល​បាត់បង់​ក្តី​សង្ឃឹមលើ​ប្រជាធិបតេយ្យ​ឡើយ ទោះ​ជាប់ពន្ធនាគារ​កន្ល​ង​មក​»
16, May 2018 , 4:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ដឹកនាំ​ចលនា Reformasi ឬ​ចលនា​កែទម្រង់​អស់​រយៈពេល ២០​ឆ្នាំ​ដោយ​ប្រឈម​ភាពលំបាក​លំបិន​ច្រើន​ជំពូក មេបក្ស​ប្រឆាំង​ម៉ាឡេស៊ី​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ចាប់ផ្តើម​ឈានឆ្ពោះ​ទៅកាន់​កាប់​អំណាច​ដឹកនាំ​ប្រទេស​ហើយ​។ លោក​បាន​អះអាងថា លោក​មិនដែល​បាត់បង់​ជំនឿ​លើ​ការប្រឹងប្រែង​ដើម្បី​ប្រទេសជាតិ​ឡើយ ហើយ​លោក​អំពាវនាវ​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​ប្រឹង​បន្ត​ដើម្បី​ផ្តល់​ក្តីសង្ឃឹម​ដល់​ប្រជាជន​លើ​ពិភពលោក​ដែល​ស្រេកឃ្លាន​ប្រជាធិបតេយ្យ​ផង​។



«​ពេលដែល​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ ប្រជាជន​ម៉ាឡេស៊ី​ត្រូវ​ផ្តល់​ក្តីសង្ឃឹម​ទៅ​ប្រជាជន​ទូទាំង​ពិភពលោក និង​ជំរុញ​ពួកគេ​បន្ត​ទាមទារ​សេរីភាព​ផង​»​។ នេះ​ជាស​ម្តី​របស់លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ក្នុង​បទសម្ភាសន៍​ជាមួយ  Fairfax Media នៅ​ថ្ងៃមុន​ត្រូវគេ​ដោះលែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​ទី ១៦ ខែឧសភា​។​

​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ក៏​អះអាង​ផងដែរ​ថា លោក​មិនដែល​បាត់បង់​ក្តីសង្ឃឹម​ឡើយ​ទោះបីជា​លោក​ជាប់ពន្ធនាគារ​ច្រើន​ឆ្នាំ​ក៏ដោយ​។ លោក​ជឿជាក់​ខ្លាំង​លើ​ឧ​ត្ត​ម​គតិ​របស់​មនុស្ស​រាល់​គ្នា ហើយ​បើ​គ្រប់គ្នា​ប្រឹងប្រែង អ្វីៗ​ក៏​គេ​អាច​សម្រេច​បានដែរ​។​

​លោក អាន់​វ៉ា និយាយ​ដូច្នេះ​៖ «​កន្លងមក​ខ្ញុំ​មិន​ដែន​បាត់បង់​ក្តីសង្ឃឹម​សូម្បី​បន្តិច​។ នៅក្នុង​គុក​ខ្ញុំ​អាច​ដឹងថា​ប្រជាជនមាន​កំហឹង​បែបណា​ចំពោះ​របប​ដឹកនាំ​ពុករលួយ​រៀងរាល់ថ្ងៃ​។ ខ្ញុំ​តែងតែមាន​ជំនឿ​លើ​ឧ​ត្ត​ម​គតិ​របស់​មនុស្ស​រាល់​គ្នា ហើយ​ប្រសិនជា​យើង​ប្រយុទ្ធ​តវ៉ា​ខ្លាំង បន្តិចៗ​ម្តង​យើង​នឹង​អាច​សម្រេច​ជោគជ័យ​ហើយ​»​។​
«​បើ​ការបោះឆ្នោត​នោះ​ត្រឹមត្រូវ​យុត្តិធម៌ ខ្ញុំ​ប្រហែលជា​ឈ្នះឆ្នោត​តាំងពី​ដប់ឆ្នាំ​មុន​ម្ល៉េះ​»​។ លោក​អាន់​វ៉ា បន្ថែម​ដូច្នេះ​។ 

​តាមពិតទៅ​លោក អាន់​វ៉ា ដឹកនាំ​ចលនា​ទាមទារ​កែទម្រង់ Reformasi អស់​រយៈពេល ២០ ឆ្នាំ​មកនេះ​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កាន់អំណាច UMNO​។  លោក​ប្រឈម​ការ​ចាប់ចង និង​ដាក់ពន្ធនាគារ​ពីរលើក ប៉ុន្តែ​លោក​មិនបាន​បោះបង់​ការតស៊ូ​ដើម្បី​ទាមទារ​បង្កើត​សង្គម​ដែល​ប្រជាធិបតេយ្យ ស្អាតស្អំ និង​យុត្តិធម៌​ឡើយ​។​

​ក្រោយ​ទទួលបាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ លោក អាន់​វ៉ា មិនទាន់​អាច​ជំនួស​តំណែង លោក មហា​ធៀ មហាម៉ាត់ ជា​នាយករដ្ឋមន្ត្រី​បានឡើយ​។ បើតាម​ការបញ្ជា​ក់រប​ស់លោក មហា​ធៀ លោក អាន់​វ៉ា ត្រូវ​ស្វែងរក​តំណែង​សមាជិកសភា​សិន ប៉ុន្តែ​លោក​ក៏​ប្រហែលជា​អាច​ទទួលបាន​តំណែង​ក្នុងគណៈ​រដ្ឋមន្ត្រី​ថ្មី​ផង​។​

​ក្នុង​បទ​សម្ភាស​ដដែល​លោក អាន់​វ៉ា បានបង្ហាញ​ទំនុកចិត្ត​ខ្ពស់​ថា លោក​អាចធ្វើ​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​ទី​៧ ដែលមាន​វ័យ ៩២ ឆ្នាំ​ដែលជា​ចៅហ្វាយ និង​ជាស​ត្រូវ​ចាស់​របស់លោក​នោះ​។ តាម​បទពិសោធន៍​ធ្វើ​ការងារ​កន្លងមក លោក អាន់​វ៉ា យល់ថា លោក មហា​ធៀ ជា​មេដឹកនាំ​ម្នាក់​ដែល​ខ្វាយខ្វល់​ពី​ប្រជាជន​ម៉ាឡេស៊ី និង​ប្រទេស​ម៉ាឡេស៊ី​ទាំងមូល​ខ្លាំងណាស់​។

«​ខ្ញុំ​យល់ច្បាស់​ថា​លោក មហា​ធៀ ខ្វាយខ្វល់​ខ្លាំង​ពី​ប្រជាជន​ម៉ាឡេស៊ី និង​ប្រទេស​ម៉ាឡេស៊ី​។ ដូច្នេះហើយ​ភាព​ដៃគូ​រវាង​ខ្ញុំ​និង​គាត់​មាន​សារសំខាន់​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ ជា​ពិ​សេ​ប្រព័ន្ធ​ដឹកនាំ​ដែល​ពុករលួយ​ដែល​ប៉ះពាល់​ជីវភាព​ប្រជាជន​ម៉ាឡេស៊ី​គ្រប់​ស្រទាប់វណ្ណៈ​»​។   

​តាមពិតទៅ​លោក អាន់​វ៉ា ធ្លាប់​បម្រើ​ការងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ពី​ឆ្នាំ ១៩៩៣ ដល់ ១៩៩៨ ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក មហា​ធៀ​។ ឆ្នាំ ១៩៩៨ លោក​ត្រូវគេ​ដកតំណែង ហើយ​ក្រោយមក​ត្រូវបាន​គេ​ចាប់​ដាក់ពន្ធនាគារ​ដោយសារ​បទល្មើស​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​ថែមទៀត​។ លោក​ត្រូវបាន​គេ​ចាប់​ដាក់ពន្ធនាគារ​ម្តងទៀត​កាលពី​ឆ្នាំ ២០១៥ ដោយ​លោក​រង​ការចោទប្រកាន់​ជាថ្មី​ពាក់ព័ន្ធ​ការរួម​ភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​ទៀត ពេល​លោក ណា​ជីប ធ្វើជា​នាយករដ្ឋមន្ត្រី​។ លោក អាន់​វ៉ា ហៅ​ការចាប់ខ្លួន​លោក​ថា​ជា​រឿង​នយោបាយ​សុទ្ធសាធ​៕



Tag:
 អាន់​វ៉ា អ៊ីប្រាហ៊ីម​
  ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com