អន្តរជាតិ
ឌូទើតេ៖ «ខ្ញុំនឹងធ្វើសង្គ្រាមជាមួយចិន បើអ្នករិះគន់ថាខ្ញុំខ្លាចចិន ទៅប្រយុទ្ធជួរមុខ» ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ឈរអមមន្រ្តីយោធាជាន់ខ្ពស់ (រូបភាព AFP)
× តាំងពីកាន់អំណាចមកនោះ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ អនុវត្តនយោបាយទន់ភ្លន់ប្រឈមមុខនឹងយោធូបនីយកម្មរបស់ចិននៅសមុទ្រចិនខាងត្បូង។ លោក ឌូទើតេ រងការរិះគន់ខ្លាំងដោយសារការមិនអើពើនឹងសកម្មភាពរបស់ចិនបែបនេះ។ ទំនងជាធុញទ្រាន់នឹងពាក្យរិះគន់ដដែលៗជុំវិញនយោបាយជាមួយក្រុងប៉េកាំង លោកក៏បានប្រកាសថា លោកនឹងធ្វើសង្គ្រាមជាមួយចិនតែម្ដង បើក្រុមអ្នករិះគន់លោកទៅប្រយុទ្ធនៅសមរភូមិមុខ។
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី១៦ ខែឧសភា បាននិយាយការពារជំហររបស់លោកក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ជាទីដែលចិនត្រូវបានរាយការណ៍ថា បានបង្កើនសកម្មភាពយោធាជាខ្លាំងនៅរយៈពេលចុងក្រោយនេះ។ លោក ឌូទើតេ នៅតែប្រកាន់គំនិត «ពងមាន់កុំជល់ថ្ម» ចំពោះមុខសកម្មភាពរបស់ចិន ដោយបានអះអាងថា ការប្រយុទ្ធជាមួយចិនគ្មានបានផលអ្វីឡើយ ក្រៅពីបាត់បង់ជីវិតទាហាននោះ។
អ្នកនយោបាយខ្លះនៅហ្វីលីពីនមានសមាជិកព្រឹទ្ធសភាជាដើមបានរិះគន់លោក ឌូទើតេ ដែលមិនបានធ្វើអ្វីសោះនៅពេលចិនធ្វើសកម្មភាពយោធានៅសមុទ្រចិនខាងត្បូង។ ថ្មីៗនេះ មានរបាយការណ៍ថា ចិនបានដំឡើងមីស៊ីលប្រឆាំងនាវា និងប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសនៅកោះសិប្បនិម្មិតមួយចំនួននៅតំបន់ដែនទឹកមានជម្លោះ។ យ៉ាងណាមិញ លោក ឌូទើតេ នៅតែអះអាងថា សង្គ្រាមមិនជាជម្រើសទេ ព្រោះហ្វីលីពីនមិនអាចឈ្នះចិនបានឡើយ។
យោងតាមសារព័ត៌មាន Manila Bulletin លោក ឌូទើតេ និយាយនៅវិមាន Malacanang នៅថ្ងៃទី១៦ ខែឧសភា ថា៖ «ខ្ញុំអាចប្រកាសសង្គ្រាមជាមួយចិនបាន តែអ្នកណាទៅប្រយុទ្ធ? ទាហាន? ប៉ូលិស? ពួកគេនឹងត្រូវស្លាប់ទាំងអស់»។ ទន្ទឹមគ្នានោះ ប្រធានាធិបតីហ្វីលីពីនរូបនេះក៏ប្រាប់អ្នករិះគន់លោកវិញថា លោកនឹងធ្វើសង្គ្រាមជាមួយចិន ហើយពួកគេទាំងនោះនឹងប្រយុទ្ធនៅជួរមុខ ឯលោកឈរនៅពីក្រោយ។
ជុំវិញសកម្មភាពយោធាចិននៅសមុទ្រចិនខាងត្បូង វាមិនមែនជារឿងត្រូវភ្ញាក់ផ្អើលសម្រាប់លោក ឌូទើតេ ឡើយ ព្រោះលោកដឹងថា វានឹងកើតឡើងដោយចៀសមិនផុត។ ជាថ្មីម្ដងទៀត លោកក៏ឆ្លៀតរិះគន់អាមេរិកដែលមិនព្រមធ្វើសកម្មភាពប្រឆាំងចិនតាំងពីពេលដំបូង នៅពេលចិនទើបចាប់ផ្ដើមសកម្មភាពយោធានៅទីនោះកាលពីប៉ុន្មានឆ្នាំកន្លងទៅ។ លោក ឌូទើតេ ក៏បន្ទោសអតីតប្រធានាធិបតី បេនីណូ អាគីណូ ដែលមិនព្រមអនុវត្តសាលក្រមរបស់តុលាការអន្តរជាតិដែលកាត់ឲ្យហ្វីលីពីនឈ្នះចិន។
ក្នុងអាណត្តិរបស់ខ្លួន លោក ឌូទើតេ បានទុកសាលក្រមតុលាការអន្តរជាតិលើសំណុំរឿងសមុទ្រចិនខាងត្បូងក្នុងទូរចោល មិនយកទៅតតាំងជាមួយចិនឡើយ។ ជំនួសមកវិញ លោកបែរជាអនុវត្តនយោបាយការបរទេសរួសរាយទន់ភ្លន់ដាក់ចិន ដែលធ្វើឲ្យហ្វីលីពីនទទួលបានជំនួយ និងការវិនិយោគក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។ នៅមុននេះ លោក ឌូទើតេ ថែមទាំងអះអាងថា ចិននឹងការពារលោកមិនឲ្យធ្លាក់ពីតំណែងទៅទៀត៕
Tag:
ហ្វីលីពីន
ចិន
រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com