FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ISIS គំរាម Ronaldo និង Messi ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​?
17, May 2018 , 10:19 pm        
រូបភាព
រូបភាពដែលក្រុម ISIS បង្ហាពីការគំរាមកាត់ក្បាល Messi និង Ronaldo នៅលើទីលាន នៃការប្រកួត World Cup
រូបភាពដែលក្រុម ISIS បង្ហាពីការគំរាមកាត់ក្បាល Messi និង Ronaldo នៅលើទីលាន នៃការប្រកួត World Cup
​ក្រុម​ភេរវជន ISIS បាន​គំរាមកំហែង​ថា​នឹង​កាត់​ក្បាល​កំពូល​តារាបាល់ទាត់ Lionel Messi និង Cristiano Ronaldo នៅក្នុង​ការប្រកួត​ពាន​រង្វាន់​កីឡាបាល់ទាត់ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។ នេះ​បើតាម​ការផ្សាយ​របស់ DailyMail, The Sun និង​សារព័ត៌មាន​ផ្សេងទៀត​។​



​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Barcelona និង Real Madrid ទាំងពីរ​រូបនេះ ត្រូវបាន​បង្ហាញ​នៅក្នុង​រូបភាព​ដែល​ត្រូវបាន​ក្រុម​ភេរវជន​ប្រមាថ​ដោយ​កាន់​កាំបិទ​អារ​ករ​នៅលើ​វាលស្មៅ​ក្នុង​កីឡដ្ឋាន អំឡុងពេល​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​។​

​នៅលើ​រូបភាព​ដែល​បាន​បង្ហោះ​ដោយ​ក្រុម​ជី​ហាត​នៅលើ​បណ្តាញ​សង្គម Telegram ដោយ​សរសេរ​ព្រមាន​ថា​«​ដី​នឹង​ត្រូវបាន​បំពេញ​ដោយ​ឈាម​របស់​អ្នក​»​។​

​ចំណែកឯ​ផ្ទាំង​រូបភាព​មួយទៀត គឺ​បង្ហាញ​ពី​សកម្មភាព​ការប្រកួត ហើយ​មាន​ក្រុម​ភេរ​វករ​ផ្ទុក​ដូចជា​គ្រឿងផ្ទុះ​នៅក្នុង​ពហុ​កីឡដ្ឋាន​មួយ​។ ហើយ​រូបភាព​នោះ​ក៏មាន​សរសេរថា​៖«FIFA World Cup Russia 2018 - ជ័យជម្នះ​នឹង​ក្លាយជា​របស់​យើង​»​។​



​នេះ​គឺជា​ការគំរាមកំហែង​ចុងក្រោយបង្អស់​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ដែល​បាន​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​លើ​ទី​២២ ពី​សំណាក់​ក្រុម ISIS ខណៈដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន ធ្លាប់​ទទួល​ការព្រមាន​ស្រដៀង​គ្នា​នេះ​ម្តង​រួចមកហើយ​កាលពី​ឆ្នាំមុន​។​

​ការប្រកួត World Cup 2018 នឹងត្រូវ​ធ្វើការ​ប្រកួត​ក្នុង​ទីក្រុង​ចំនួន​១១ នៃ​ប្រទេស​រុស្ស៊ី ចាប់ពី​ថ្ងៃទី​១៤ ខែមិថុនា ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន Luzhniki ក្នុង​ក្រុង​មូ​ស្គូ​៕








Tag:
 បាល់ទាត់​
  ISIS
  FIFA World Cup
  Lionel Messi
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com