ជាតិ
សង្គមជាតិ
លោក កែវ ពុទ្ធរស្មី បានទទួលគ្រឿងឥស្សរិយយស ពីរដ្ឋាភិបាលជប៉ុន
× លោក កែវ ពុទ្ធរស្មី អតីតឧបនាយរដ្ឋមន្ត្រី និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលគ្រឿងឥស្សរិយយស « The Order of The Rising Sun, Gold and silver Ray » ពីរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន លោក កែវ ពុទ្ធរស្មី ដែលជាស្វាមីរបស់សម្តេច នរោត្តម អារុណរស្មី ស្ថិតក្នុងចំណោមជនបរទេស ១៤០នាក់ ដែលទទួលបានគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០១៨ ពីការទទួលស្គាល់ការរួមចំណែករបស់លោក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុន។
ចាប់តាំងពីឆ្នាំ ១៩៨៦ លោក ពុទ្ធរស្មី បានចូលរូមក្នុងក្រុមអ្នកតស៊ូជាតិកម្ពុជា ក្នុងការលើកតម្កើងទំនាក់ទំនងកម្ពុជា និងជប៉ុន នៃការចរចាសន្តិភាពនៅកម្ពុជា ឆ្ពោះទៅកិច្ចព្រមពៀងស្តីពីដំណោះស្រាយនយោបាយទូលំទូលាយមួយនៃជម្លោះនៅកម្ពុជា ឆ្នាំ១៩៩១។
លោក កែវ ពុទ្ធរស្មី ត្រូវបានចូលគាល់ ព្រះចៅអធិរាជនៅព្រះបរមរាជវាំងប្រទេសជប៉ុន បន្ទាប់ពីបានទទួលបានគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០១៨ រួចមក៕
Tag:
ឥស្សរិយយស
ជប៉ុន
កែវ ពុទ្ធរស្មី
© រក្សាសិទ្ធិដោយ thmeythmey.com