កីឡាអន្តរជាតិ
អន្តរជាតិ
Inter ដណ្តើម​លេខ​៤ ពី Lazio សម្រាប់​កៅអី Champions League រដូវ​កាល​ក្រោយ​
21, May 2018 , 2:36 pm        
រូបភាព
Inter Milan បាន​កក់​កៅអី​ទៅលេង​ក្នុង​ក្របខណ្ឌ UEFA Champions League ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០១២ បន្ទាប់ពី​ទទួល​ជ័យជម្នះ​យ៉ាង​ប្រផុតប្រផើយ​នៅលើ​ទឹកដី Lazio ក្នុង​លទ្ធផល ៣-២​។​



​ក្នុងការ​ប្រកួត​ចុងក្រោយ​នៃ​ក្របខណ្ឌ​អ៊ីតាលី Serie A ក្រុម​ម្ចាស់ផ្ទះ Lazio ត្រូវការ​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ភ្ញៀវ Inter Milan ប៉ុណ្ណោះ​ដើម្បី​រក្សា​តំណែង​ចំណាត់ថ្នាក់​លេខ​៤ ដើម្បី​បាន​កៅអី​ទៅលេង​ពាន​កំពូល​អឺរ៉ុប​រដូវ​កាល​ក្រោយ​។​

Lazio បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​ដោយ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Ivan Perisic នៅ​នាទី​ទី​៩​។ ២០​នាទី​ក្រោយ ខ្សែការពារ Danilo d'Ambrosio ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​ឲ្យ Inter វិញ មុនពេល​ខ្សែបម្រើ Felipe Anderson ជួយ​ឲ្យ​ម្ចាស់ផ្ទះ​នាំមុខ ២-១ មុន​ចប់​តង់​ទី​១​។​



​ទោះបីជា​យ៉ាងណាក៏ដោយ Mauro Icardi បានរ​កបាល់​តាម​ស្មើ​វិញ​នៅ​នាទី​៧៨ ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ មុនពេល​ដែល Senad Lulic របស់ Lazio ត្រូវបាន​អាជ្ញាកណ្តាល​ឲ្យ​កាត​ក្រហម​។ ខ្សែប្រយុទ្ធ Matias Vecino ជា​អ្នករក​គ្រាប់​ជ័យជម្នះ​ឲ្យ Inter យកឈ្នះ Lazio ៣-២​។​

៣​ពិន្ទុ​នេះ​បាន​នាំ Inter រំកិល​ខ្លួន​ទៅ​ឈរ​ចំណាត់​ថ្នាក់​ទី​៤​វិញ បើ​ទោះ​មាន ៧២​ពិន្ទុ​ស្មើគ្នា​ហើយ​ចាញ់​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់ Lazio ក៏ដោយ​។​

​ក្នុង​ក្របខណ្ឌ​កំពូល​អ៊ីតាលី ខុសពី​លក្ខខណ្ឌ​នៅ​អង់គ្លេស​។ នៅ​អង់គ្លេស​គិត​លើ​ពិន្ទុ​បន្ទាប់មក​មើល​លើ​គ្រាប់​បាល់​នាំ​មុន ខណៈ​អ៊ីតាលី​គិត​លើ​ពិន្ទុ បន្ទាប់មក​គិត​លើ​ការប្រកួត​ថា​ក្រុម​ណា​ល្អ​ជាង (Head-to-head)​។ ដូច្នេះ Inter Milan បាន​កៅអី Champions League ហើយ Lazio ទៅ​ប្រជែង​ក្នុង​ពាន​លំដាប់​ទី​២​អឺរ៉ុប Europa League រដូវ​កាល​ក្រោយ​៕


Tag:
 បាល់ទាត់​
  EUFA Champions League
  Inter Milan
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com