ជាតិ
សេដ្ឋកិច្ច
ក្រសួង​រ៉ែ ច្រានចោល​ព័ត៌មាន​រកឃើញ រ៉ែ​មាស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសចេជាង ​ខេត្ត​ព្រះសីហនុ​
22, May 2018 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល បាន​ច្រានចោល​ព័ត៌មាន​រកឃើញ​រ៉ែ​មាស នៅ​ទីតាំង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ក្រសួង បកស្រាយ​ថា រ៉ែ​ដែល​រកឃើញ​នោះ​ជា រ៉ែ​ពី​រីត ដែល​ស្រដៀង​នឹង​មាស​ដែរ​។​



​ក្រោយពី​លេចឮ​ព័ត៌មាន​រឿង​រ៉ែ​មាស​នេះ ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជូន​ក្រុមបច្ចេកទេស​របស់​ក្រសួង បាន​ចុះទៅ​សិក្សា​ផ្ទាល់​នៅ​ទីតាំង​ការដ្ឋាន ដែល​រកឃើញ​រ៉ែ ។ ទីតាំង​នោះ គឺជា​ការដ្ឋាន​កាយ​ដី​ជើងភ្នំ​ដើម្បី​ពង្រាប​ទីតាំង និង​យក​អាចម៍ដី​ចាក់​បំពេញ​នៅក្នុង​ការដ្ឋាន​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​កម្ពុជា​។

​បន្ទាប់ពី​ពិនិត្យ​រួច ក្រសួង​រកឃើញថា រ៉ែ​ទាំងនោះ មិនមែនជា​រ៉ែ​មាស​ទេ ។ ក្រសួង​ចាត់ទុក​ការផ្សព្វផ្សាយ​ពី​ការរកឃើញ​រ៉ែ​មាស​នៅ​តំបន់​នោះ គឺជា​ពាក្យ​ចចាមអារ៉ាម​។​
 
​នៅក្នុង​សេចក្ដីប្រកាស​ព័ត​មាន ចុះ​ថ្ងៃទី​១៨​ខែឧសភា ក្រសួង​រ៉ែ បា​នប​ន្យ​ល់​ដូច្នេះ​ថា​៖« រ៉ែ​ដែល​ប្រទះឃើញ​នោះ គឺជា​រ៉ែ​ពី​រីត (Pyrite) ដែលជា​បណ្ដុំ​នៃ​សមាស​ធាតុដែក និង​ស្ពាន់ធ័រ មាន​រូបមន្ត​គីមី FeS2 ហើយ​មាន​ពណ៌​ភ្លឺ​ផ្លេក លឿង​ឬ​ស ស្រដៀង​នឹង​មាស​។​ពលរដ្ឋ​ខ្មែរ​ខ្លះ​ហៅថា​រ៉ែ​ប្រភេទ​នេះ​ថា​មាស​ស្រួយ​»​។​

​នៅ​ទីតាំង​ការដ្ឋាន​ជីក​យក​អាចម៍ដី ដែលមាន​រ៉ែ​ពី​រីត​នេះ វា​មាន​លក្ខណៈ​ស្រទាប់​ស្ដើង កម្រាស់​មិន​លើសពី ២​សង់ទីម៉ែត្រ នៅ​លាយឡំ​ជាមួយ​ស្រទាប់​ធ្យូងថ្ម និង​សិលា​ក្រែ​។ ហើយ​ស្រទាប់​ដ៏​ស្ដើង​នៃ​បណ្ដុំ​ក្រាម​ពី​រីត​នេះ​មាន​តិចតួច នៅ​រាយប៉ាយ​ដោយ​កន្លែង​ក្នុង​ស្រទាប់​ធ្យូង និង​ពុំមាន​សក្ដានុពល​សេដ្ឋកិច្ច ឬ​មានតម្លៃ​សម្រាប់​ការជីក​យក​ធ្វើ​អាជីវកម្ម​ទេ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​រ៉ែ និង​ថាមពល​៕


Tag:
 រ៉ែ​
  មាស​
© រក្សាសិទ្ធិដោយ thmeythmey.com