ជាតិ
ប៉ូលិស​ម្នាក់​ត្រូវបាន​បញ្ឈរជើង ក្រោយ​ទះកំផ្លៀង​អ្នកគ្រូ​ពេទ្យ​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​
22, May 2018 , 2:28 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​លិខិត​បង្គាប់​ឲ្យ​បញ្ឈរជើង​បណ្ដោះអាសន្ន​ចំពោះ មន្ត្រី​ប៉ុស្តិ៍នគរបាល​ចរាចរ លោក កៅ សំអុល ដែល​បាន​ទះកំផ្លៀងស្ត្រី​ម្នាក់​ជា​គ្រូពេទ្យ ដែល​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​។



​លោក ជួន សុវណ្ណ បញ្ជាក់​ក្នុង​លិខិត​ថា ការសម្រេច​ផ្អាក​ការងារ​បណ្ដោះអាសន្ន​នេះ ដោយសារតែ​លោក អនុសេនីយ៍ទោ កៅ សំអុល ឋានៈ​ជាម​ន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ស្វាយ​ព្រ​ទី​១ ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បញ្ចេញ​អក​ប្ប​កិរិយា និង​ពាក្យសម្ដី​គ្មាន​សីលធម៌ អមនុស្សធម៌ ខ្វះ​សុជីវធម៌ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​នៃ​នគរបាលជាតិ​។​

​តាមរយៈ​លិខិត ស្នងការ​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា​យ៉ាង​ដូច្នេះ​ថា​៖«​សាមីខ្លួន ត្រូវ​មក​បង្ហាញ​វត្តមាន នៅ​ការិយាល័យ​បុគ្គលិក រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុស ហើយ​និង​រង់ចាំ​ការសម្រេច​ជាថ្មី​។ អ្នកពាក់ព័ន្ធ ក៏ដូចជា​លោក កៅ សំអុល ត្រូវ​អនុវត្តតាម​លិខិត​បង្គាប់​នេះ​»​។​

​សូម​រម្លឹកថា ស្ត្រី​ឈ្មោះ​ឌី លី​ណា ជា​គ្រូពេទ្យ បាន​ជិះ​ម៉ូ​ខុសច្បាប់​ចរាចរណ៍ ដោយ​មិន​ពាក់មួក​សុវត្ថិភាព ហើយ​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី​១ ឃាត់​ឲ្យ​ឈប់ ដើម្បី​ផាកពិន័យ នៅ​កាច់ជ្រុង​ផ្សារ​អូឡាំពិក កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨​។

​បើតាម​វីដេអូ ដែល​ថត​ដោយ​ប្រជាពលរដ្ឋ ហើយ​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក កៅ សំអុល បាន​ទះកំផ្លៀង​ស្ត្រី​ខាងលើ ហើយ​សមត្ថកិច្ច​ផ្សេងទៀត បាន​ព្យាយាម​យក​ម៉ូតូ​របស់​នាង ទៅ​ចត​កន្លែង​ចាំ​ផាកពិន័យ​។ មុនពេល​យក​ម៉ូតូ​ទៅ​ទុក​កន្លែង​ចាំ​ផាកពិន័យ មានការ​ប្រកែក​តវ៉ា​គ្នា រវាង​អ្នក​គ្រូពេទ្យ ឌី លី​ណា និង​សមត្ថកិច្ច​។

​បើតាម​វីដេអូ​មួយ​ផ្សេងទៀត លោក កៅ សំអុល បាន​និយាយ​៖«​មើល​គាត់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​។ គាត់ ជា​ជើង​ខ្លាំង​អូឡាំពិក មាន​មួក​ហើយ​មិន​ពាក់​»​។ លោក ក៏​អះអាង​ទៀតថា អ្នកគ្រូ​ពេទ្យ​នោះ ជិះ​ម៉ូត​បុក​សមត្ថកិច្ច ដែល​កំពុង​ឈរ​ចាំ​ចាប់​អ្នក​ខុសច្បាប់​ចរាចរណ៍​៕


Tag:
 ​ជួន សុវណ្ណ​
 ​កៅ សំអុល​
 ​ឌី លី​ណា
© រក្សាសិទ្ធិដោយ thmeythmey.com