អន្តរជាតិ
ចិន​៖​ការ​ចុះចត​យន្តហោះ​ចម្បាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង មិនមែនជា​សកម្មភាព​យោ​ធូប​នីយកម្ម​ឡើយ
23, May 2018 , 8:59 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​ការចោទប្រកាន់​របស់​ក្រុង​វ៉ាស៊ីនតោន​ថា ខ្លួន​កំពុងតែ​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ របប​នេះ​អះអាងថា អាមេរិក​អះអាង​ដោយ​គ្រាន់តែ​យោងតាម​សកម្មភាព​ចុះចត​យន្តហោះ​ចម្បាំង​របស់​ចិន​នៅ​ទីនោះ​ប៉ុណ្ណោះ​។



 កាលពី​ចុង​សប្តាហ៍​កន្លងមក យន្តហោះ​ចម្បាំង​និង​ទម្លាក់​គ្រាប់បែក​ជាច្រើន​គ្រឿង​របស់​ចិន បាន​ចុះចត​ជា​លើកដំបូង​នៅ​មូលដ្ឋាន​មួយ​ដែល​ស្ថិតនៅ​ប្រជុំ​កោះ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ការ​ចុះចត​នេះ បាន​បង្កើតជា​ក្តីបារម្ភ​សម្រាប់​រដ្ឋ​ដែល​ពាក់ព័ន្ធ​ប្រយោជន៍​នៅ​ទីនោះ ដែល​រាប់បញ្ចូល​ទាំង​អាមេរិក​ផងដែរ ។

​ក្រុង​វ៉ាស៊ីនតោន តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​បាន​រិះគន់​ក្រុង​ប៉េកាំង​ខ្លាំងៗ ដោយ​អះអាងថា ចិន​កំពុងតែបន្ត​សកម្មភាព​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​មាន​ជម្លោះ​។ ជាមួយគ្នា​នោះ ក្រុង​ហាណូយ ដែលជា​ភាគី​ពាក់ព័ន្ធ​នៃ​តំបន់​ជម្លោះ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ទទូច​ឲ្យ​ក្រុង​ប៉េកាំង បញ្ឈប់​សកម្មភាពរ​យោធា​ជាបន្ទាន់​នៅ​តំបន់​នោះ​ផងដែរ​។​

​ការចោទប្រកាន់​នេះ​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​នៅ​មិន​ស្ងៀម​ឡើយ​។ តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​២១ ឧសភា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក លូ កាង បាន​ចេញមុខ​បដិសេធ​ចំពោះ​ការចោទប្រកាន់​អាមេរិក និង​ថែមទាំង​អះអាង​ជាថ្មី​ម្តង​ទៀតថា តំបន់​ដែល​ចិន​ធ្វើ​សកម្មភាព​នោះ គឺ​ស្ថិតនៅក្នុង​អធិបតេយ្យ​របស់​ចិន​នោះទេ​។

​នា​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ លោកអ្នក​នាំពាក្យ​ដដែល​នោះបាន​អះអាងថា ការ​ចល័ត​យន្តហោះ​ចម្បាំង​ទៅកាន់​តំបន់​នោះ គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​លំ​ហាត់​យោធា​របស់​កងទ័ព​ចិន​ប៉ុណ្ណោះ​។ អ្នកនាំពាក្យ​រូបនេះ​ថែមទាំង​បាន​វាយបក​អាមេរិក​វិញ​យ៉ាង​ដូច្នេះ​ថា​៖«​ការបញ្ជូន​ទាំង​នាវា និង​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ម​ក​កាន់​តំបន់ (​សមុទ្រ​ចិន​ខាងត្បូង​) នោះទេ ដែល​បាន​គំរាមកំហែង​ដល់​ប្រទេស​ដទៃ​នោះ​» ។​

​គួរ​ជម្រាប​ផងដែរ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ ដែល​រដ្ឋ​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​រួមមាន រដ្ឋ​អាស៊ាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ កន្លងមក ក្រៅពី​រដ្ឋ​ពាក់ព័ន្ធ​ដោយផ្ទាល់​ហ្វីលីពីន​និង​វៀតណាម អាមេរិក​ក៏បាន​ចេញមុខ​យ៉ាងជ្រៅ​ដើម្បី​តទល់​ជាមួយនឹង​ចិន​លើ​បញ្ហា​នេះ ៕


Tag:
 ចិន
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com