ជាតិ
សេដ្ឋកិច្ច
កម្ពុជា និងឥណ្ឌា មិនទាន់មានទិសដៅទំហំពាណិជ្ជកម្ម តែនឹងជំរុញបន្ថែមទៀត
× ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសឥណ្ឌា មិនទាន់ឈានដល់ការកំណត់ទិសដៅទំហំទឹកប្រាក់ជួញដូរទំនិញ ដូចដែលកម្ពុជាបានធ្វើជាមួយប្រទេសមួយចំនួនផ្សេងទៀតនៅឡើយទេ។ តែក្រសួងពាណិជ្ជកម្មអះអាងថា ប្រទេសទាំងពីរនឹងខិតខំជំរុញសកម្មភាពដោះដូរទំនិញ វិនិយោគ និងទេសចរណ៍ទ្វេភាគីបន្ថែមទៀត។
កម្ពុជារំពឹងយ៉ាងមុតមាំ លើកំណើនដោះដូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍បន្ថែមទៀត ជាមួយប្រទេសឥណ្ឌា បន្ទាប់ពីកិច្ចជំនួបពាណិជ្ជកម្ម ឥណ្ឌា-កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម លើកទី៥ (The 5th India-CLMV) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែឧសភា នៅរាជធានីភ្នំពេញ។
ថ្លែងក្នុងសន្និសីទកាសែតនៅក្រោយកិច្ចប្រជុំខាងលើនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ មានប្រសាសន៍ថា ដោយសារទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា នៅមានចំនួនតិចតួចនៅឡើយ ប្រទេសទាំងពីរមិនទានឈានដល់ការកំណត់ផែនការទំហំពាណិជ្ជកម្មទ្វេភាគីនៅឡើយទេ។
ទឹកប្រាក់ជួញដូរពាណិជ្ជកម្មកម្ពុជា និងឥណ្ឌា ក្នុងឆ្នាំ២០១៧ មានចំនួន ១២៦ លានដុល្លារអាមេរិក។ រីឯតួលេខវិនិយោគរបស់ឥណ្ឌាមកកម្ពុជា កាលពីឆ្នាំ២០១៦ មានចំនួនត្រឹមតែ ២០លានដុល្លារ។ ទំនិញនាំចូលពីឥណ្ឌាភាគច្រើនជាផលិតផលវេជ្ជសាស្ត្រ ខណៈកម្ពុជានាំចេញទៅឥណ្ឌាវិញនូវផលិតផលកសិកម្ម។
ចំណែកទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជាមានចំនួនជិត ៦ម៉ឺននាក់ ក្នុងឆ្នាំ២០១៧ កើនឡើង ២៩ភាគរយ។ ហើយក្នុងត្រីមាសទី១ឆ្នាំនេះ លំហូរទេសចរនេះមានចំនួន ១,៦ម៉ឺននាក់កើនឡើង ១៧ភាគរយ។
ទាក់ទងនឹងវិស័យទេសចរណ៍នេះដែរ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា ការហោះហើរត្រង់ឥណ្ឌា និងកម្ពុជា អាចនឹងសម្រេចបាននៅឆ្នាំនេះ ឬក្នុងឆ្នាំក្រោយ ខណៈប្រទេសទាំងពីរកំពុងជំរុញផ្នែកនេះ ដែលនឹងគាំទ្របន្ថែមទៀតដល់លំហូរភ្ញៀវទេសចរ។
បន្ទាប់ពីកិច្ចប្រជុំនេះ សហព័ន្ធឧស្សាហកម្មឥណ្ឌា CII នឹងចុះអនុស្សារណៈជាមួយសហភាពាណិជ្ជកម្មកម្ពុជា នាពេលខាងមុខ ដើម្បីជួយគាំទ្រផ្នែកឯកជននៅកម្ពុជា។ នេះបើតាមលោក ប៉ាន សូរស័ក្ដិ ។
រដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេស CLMV ទាំងអស់ ចាប់អារម្មណ៍ពិសេសទៅលើការរីកចម្រើនវិស័យបច្ចេកវិទ្យារបស់ឥណ្ឌា ហើយរដ្ឋាភិបាលនឹងខិតខំទាញយកប្រយោជន៍ពីផ្នែកនេះ។ លោក ប៉ាន សូរស័ក្ដិ ថ្លែងដូច្នេះថា៖«យើងរំពឹងលើបច្ចេកវិទ្យាខ្ពស់របស់ឥណ្ឌា បន្ថែមលើផ្នែកថ្នាំពេទ្យ រួមទាំងផ្នែកហិរញ្ញវត្ថុផងដែរដែលគេនឹងបញ្ចូលទុនមកប្រទេស CLMV »។ លោករដ្ឋមន្ត្រីបន្ថែមថា ឥណ្ឌានឹងជួយគាំទ្រចំពោះការបង្កើតអាជីវកម្មថ្មីផ្នែកលើមូលដ្ឋានបច្ចេកវិទ្យា (ICT Startup) នៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com