អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហា​ធៀ កាត់​ប្រាក់ខែ​សមាជិក​គណៈរដ្ឋមន្ត្រី ១០​ភាគរយ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​សាធារណៈ
23, May 2018 , 12:29 pm        
រូបភាព
សមាជិកគណៈរដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី (រូបភាព៖ twitter ផ្លូវការរបស់នាយករដ្ឋមន្ត្រី មហាធៀ)
សមាជិកគណៈរដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី (រូបភាព៖ twitter ផ្លូវការរបស់នាយករដ្ឋមន្ត្រី មហាធៀ)
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ បាន​ថ្លែង​ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង​ថ្ងៃ​ពុធ​ទី ២៣ ខែឧសភា​ថា ប្រាក់បៀវត្សរ៍​សមាជិក​រដ្ឋាភិបាល​គឺ​ត្រូវ​បន្ថយ ១០ ភាគរយ​។  នេះ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​រឹតត្បិត​ការចាយវាយ​របស់​រដ្ឋា​ភិ​បាល​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​សាធារណៈ​។ 

​ប្រាក់បៀវត្សរ៍​របស់រ​ដ្ឋ​មន្ត្រី​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទាំងអស់​នឹងត្រូវ​កាត់បន្ថយ ១០​ភាគរយ​។ នេះ​ជាការ​ប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជួបប្រជុំ​ជាមួយ​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​លើកដំបូង​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ម៉ាឡេស៊ី Malaysiakini លោក មហា​ធៀ បាន​ថ្លែងថា ការបន្ថយ​ប្រាក់ខែ​រដ្ឋមន្ត្រី​ជា​ផ្នែក​មួយ​នៃ​ចំណាត់​ការចាយវាយ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​លោក ដោយសារ​លោក​បារម្ភ​ពី​បញ្ហា​ហិរញ្ញវត្ថុ​សាធារណៈ និង​ការចាយវាយ​ខុស​គោលដៅ​។ 
 
​លោក​បាន​ថ្លែង​ដូ​ច្នេ​៖« វា​បង្ហាញ​ឲ្យ​ឃើញថា យើង​បារម្ភ​ពី​បញ្ហា​ហិ​រ​ញ្ហា​ហរិញវត្ថុ​របស់​រដ្ឋាភិបាល​។ បច្ចុប្បន្ននេះ​វា​មាន​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​ទទួលបាន​ប្រាក់បៀវត្សរ៍​ច្រើនជាង​សមាជិក​គណៈរដ្ឋមន្ត្រី​ទៀត​»​។​
 
​ការប្រកាស​បន្ថយ​ប្រាក់ខែ​សមាជិក​គណរដ្ឋមន្ត្រី​នេះ​ធ្វើឡើង​ត្រឹម​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល លោ មហា​ធៀ រិះគន់​រដ្ឋាភិបាល​លោក ណា​ជីប រ៉ា​ហ្សា​ក់ ដែល​ធ្វើ​ឲ្យ​បំណុល​រដ្ឋ​កើន​ឡើងដល់​កម្រិត​ប្រកាសអាសន្ន​។ បច្ចុប្បន្ន បំណុល​សាធារណៈ​របស់​ម៉ាឡេស៊ី​កើន​ដល់ មួយ​ទ្រី​លាន​រីង​ហ្គី​ត ពោលគឺ​ប្រហាក់ប្រហែល​នឹង ២៥១ ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ 
 
​ត្រឡប់មកវិញ បើតាម​របាយការណ៍រ​បស់ Malaysia Insiders ឆ្នាំ ២០១៥ សមាជិក​គណៈរដ្ឋមន្ត្រី​បានទទួល​ប្រាក់ខែ​ដូចតទៅ​៖ នាយករដ្ឋមន្ត្រី​បានទទួល​ប្រាក់ខែ​សរុប​ប្រហែល ៣៩០០០ រីង​ហ្គី​ត (៩៨០០ ដុល្លារ​អាមេរិក​) ក្នុងនោះ​មាន​ប្រាក់ខែ​ជា​ប្រមុខ​រដ្ឋាភិបាល ២៣០០០ រីង​ហ្គី​ត បូក​ប្រាក់ខែ​សមាជិកសភា​ចំនួន ១៦០០០ រីង​ហ្គី​ត​។  
 
​ឧបនាយករដ្ឋមន្ត្រី​បានទទួល​ប្រាក់ខែ​សរុប​ចំនួន​ប្រហែល ៣៤០០០ រីង​ហ្គី​ត (៨៦០០ ដុល្លារ​អាមេរិក​) ក្នុងនោះ​មាន​ប្រាក់ខែ​ជា​ឧបនាយករដ្ឋមន្ត្រី ១៨០០០​រីង​ហ្គី​ត បូក​ប្រាក់ខែ​ជា​តំណាងរាស្ត្រ ១៦០០០ រីង​ហ្គី​ត​។​
 
​ចំណែក​រដ្ឋមន្ត្រី​វិញ​នោះ​បានទទួល​ប្រាក់ខែ​សរុប​ប្រហែល ៣១០០០ រីង​ហ្គី​ត (៧៨០០​ដុល្លារ​អាមេរិក​) ក្នុងនោះ​ប្រាក់ខែ​ជា​រដ្ឋមន្ត្រី​ចំនួន ១៥០០០ រីង​ហ្គី​ត និង ប្រាក់ខែ​ជា​ដំណាងរាស្ត្រ​ចំនួន ១៦០០០ រីង​ហ្គី​ត​៕

Tag:
 ​មហា​ធៀ មហាម៉ាត់​
  ហិរញ្ញវត្ថុ​សាធារណៈ​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com