ជាតិ
​កុមារី ៣​ក្រុម ជាប់​ជ័យលាភី​ក្នុង​កម្មវិធី Technovation ដែល​និយាយ​ពី​ផែនការអាជីវកម្ម​
24, May 2018 , 7:59 am        
រូបភាព
រូបភាពពី development-innovations
រូបភាពពី development-innovations
​ភ្នំពេញ​៖ កុមារី​ចំនួន ៣​ក្រុម បាន​ជាប់​ជ័យលាភី និង​មួយក្រុម​ផ្សេងទៀត បាន​ជាប់​ជ័យលាភី​ប្រជាប្រិយភាព ក្នុងការ​ប្រកួតប្រជែង​ថ្នាក់ជាតិ កម្មវិធី Technovation ២០១៨​នេះ​។ ការប្រកួតប្រជែង​ថ្នាក់ជាតិ​នេះ តម្រូវ​ឲ្យ​ក្រុម​កុមារី​ចំនួន​១៤​ក្រុម មាន​អាយុ​ពី​១០ ទៅ​១៨​ឆ្នាំ  ធ្វើ​បទ​បង្ហាញ​ពី​ផែនការអាជីវកម្ម​តាមរយៈ​កម្មវិធី​ទូរស័ព្ទ ដែល​ពួកគេ​បាន​បង្កើតឡើង ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​នៅ​កម្ពុជា​។​



Technovation ២០១៨​នេះ បានរៀបចំ​ការប្រកួត​ប្រជែង​ថ្នាក់ជាតិ​របស់ខ្លួន កាលពី​ថ្ងៃទី ២០ ឧសភា​កន្លងទៅនេះ ដោយ​រកឃើញ​ក្រុម​ជ័យលាភី​ចំនួន ៣ ក្រុម និង​ក្រុម​កុមារី ដែលមាន​ប្រជាប្រិយភាព​។ ការប្រកួត​ថ្នាក់ជាតិ​នេះ មានការ​ចូលរួម​ពី​ក្រុម​កុមារី និង​យុវតី ចំនួន ១៤​ក្រុម ដែល​លើកឡើង​ពី​ផែនការអាជីវកម្ម​រប​ស់​ពួកគេ​តាមរយៈ​កម្មវិធី​ទូរ​សព្ទ​។ 

​ក្នុង​ការប្រកួត​ថ្នាក់ជាតិ​នេះ ជ័យលាភី​លេខ​១ សម្រាប់​ក្រុម​កុមារី​ថ្នាក់​វិទ្យាល័យ បាន​ទៅលើ​ក្រុម Tech Girls Cambodia ដែល​និយាយ​ពី E-Lab​។ E-Lab ជា​កម្មវិធី​សម្រាប់​សិស្ស​ថ្នាក់​ទី​៧​ដល់ទី​១២ ដែល​ចូលចិត្ត​សាកល្បង​ពិសោធន៍​វិទ្យាសាស្ត្រ​ដោយ​ខ្លួនឯង និង​ចង់​ទទួលបាន​បទពិសោធន៍​ថ្មីៗ​។ រីឯ​ក្រុម​ជ័យលាភី​លេខ​២ គឺ​ក្រុម ABC (Always Be Close) ដែល​លើកឡើង​ពី My Cam Guide​។ My Cam Guide អាចជួយ​ទេសចរ​ស្វែងរក​មគ្គុទេសក៍​ទេសចរណ៍​សម្រាប់​ដំណើរ​កំសាន្ត​នៅ​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នានេះ ជ័យលាភី​លេខ​១ សម្រាប់​ក្រុម​កុមារី​ថ្នាក់​អនុវិទ្យាល័យ​វិញ បាន​ទៅលើ​ក្រុម Five Infinities ដែល​និយាយ​ពី MEP Center​។ MEP Center ជា​កម្មវិធី​ទូរ​សព្ទ អាច​ឲ្យ​អ្នកផ្ដល់​សេវាកម្ម និង​អតិថិជន ដែល​ស្ថិតក្នុង​វិស័យ​មេកានិច អគ្គិសនី និង​ប្រព័ន្ធ​ទឹក​អាច​ស្វែង​រកគ្នា​ទៅវិញទៅមក​ដើម្បី​ទិញ​សេវាកម្ម​។



​មុន​ការប្រកួតប្រជែង កុមារី​ទាំងនេះ ទទួល​ការបណ្ដុះបណ្ដាល​អំពី​ការសរសេរ​កូដ គំនិត​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ ការរៀបចំ​ផែនការអាជីវកម្ម និង​ការធ្វើ​បទ​បង្ហាញ​ទៅកាន់​គណៈកម្មការ​។ វគ្គ​បណ្ដុះបណ្ដាល ដែល​និយាយ​ពី​សហគ្រិនភាព​និង​បច្ចេកវិទ្យា​នេះ មាន​រយៈពេល​១២​សប្ដាហ៍ មាន​កុមារី​ចូលរួម​ជាង​១៨០​នាក់ មកពី​សាលា​រដ្ឋ​និង​ឯកជន​នៅ​ទីក្រុង​ភ្នំពេញ សៀមរាប និង​បាត់ដំបង​។​

​សូមបញ្ជាក់ថា កម្មវិធី Technovation មានការ​គាំទ្រ​ពី​គម្រោង Development Innovations របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​។ កម្មវិធី Technovation ជា​កម្មវិធី​បង្រៀន​សហ​គ្រិន​ភាព​សង្គម​និង​បច្ចេកវិទ្យា​សម្រាប់​កុមារី​អាយុ​ពី​១០​ទៅ​១៨​ឆ្នាំ​។ គម្រោង​នេះ បាន​ជួយ​គាំទ្រ​កុមារី​ជាង​៥០០​នាក់ ដែលមាន​ចំនួន​១០០​ក្រុម ដើម្បី​ចូល​ប្រកួត​ក្នុង​កម្មវិធី​នេះ​។ បន្ថែម​លើ​នេះ វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​នេះ នឹង​ប្រព្រឹត្តឡើង​នៅ​ស៊ី​លី​ខិ​ន​វ៉ា​លី (Silicon Valley) ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) នៅ​ខែសីហា​នេះ​។ នេះ​បើតាម Development Innovations៕


Tag:
 Technovation
  កុមារី​
  ទូរ​សព្ទ​
  អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com