អន្តរជាតិ
មុន​ជំនួប​ត្រាំ​-​គីម អាមេរិក​បញ្ជូន​នាវា​ពិឃាត​ទៅ​ជប៉ុន​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​
24, May 2018 , 8:39 am        
រូបភាព
នាវាពិឃាត USS Milius ទៅដល់ជប៉ុន (រូបភាព Reuters)
នាវាពិឃាត USS Milius ទៅដល់ជប៉ុន (រូបភាព Reuters)
​នាវា​ពិឃាត USS Milius នៃ​កងទ័ពជើងទឹក​អាមេរិក បាន​ទៅដល់​ជប៉ុន​នៅ​ថ្ងៃទី​២២ ខែឧសភា ដែលជា​ផ្នែក​មួយ​នៃ​ការពង្រឹង​សមត្ថភាព​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ នាវា​ពិឃាត​នេះ​បំពាក់​ដោយ​មី​ស៊ី​ល​ប្រដេញ​ស៊េរី​ទំនើប​បំផុត​ក្នុង​ជួរ​ទ័ព​អាមេរិក​។ ការ​សម្ញែង​នាវា​ពិឃាត​នេះ ធ្វើឡើង​បី​សប្ដាហ៍​មុន​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី​នៅ​ខែក្រោយ​។​



​ក្នុងន័យ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​ក្នុងករណី​មានការ​វាយប្រហារ​ពី​កូរ៉េខាងជើង ឬ​ប្រទេស​ផ្សេង​នៅ​អាស៊ី​ខាងកើត អាមេរិក​បាន​បញ្ជូន​នាវា​ពិឃាត USS Milius ទៅកាន់​ជប៉ុន​នៅ​ថ្ងៃទី​២២ ខែឧសភា​ដើម្បី​បង្កើន​សមត្ថភាព​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់ខ្លួន​។ នាវា USS Milius បាន​ចូល​ចត​នៅ​មូល​ដ្ឋា​ទ័ពជើងទឹក​នៅ Yokosuka ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បន្តថា នាវា​នេះ និង​នាវា​មាន​ស្រាប់​នៅ​ជប៉ុន នឹង​ក្លាយជា​ខែល​ការពារ​ជួរមុខ​របស់​អាមេរិក​។​

​វត្តមាន​នាវា​ពិឃាត​ដែល​បំពាក់​មី​ស៊ី​ល​ទំនើប​មួយ​នេះ ជាការ​រំឭក​ពី​សម្ពាធ​យោធា​សម្រាប់​កូរ៉េខាងជើង ស្រប​ពេលដែល​អាមេរិក​កំពុង​ដាក់​សម្ពាធ​ឲ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ តាម​ប្រភពព័ត៌មាន​ខាងលើ កងទ័ពជើងទឹក​អាមេរិក​និយាយថា នាវា USS Milius នឹង​ជួយ​ពង្រឹង​សន្តិសុខ និង​ស្ថិរភាព​នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​តាមរយៈ​ការបង្កើន​សមត្ថភាព​ប្រឆាំង​មី​ស៊ី​ល ដោយ​ដើរតួ​ជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បាលី​ស្ទិ​ក​។​

​ការ​ទៅដល់​មូលដ្ឋាន Yokosuka ដែលជា​ទីស្នាក់ការ​កង​នាវាចរណ៍​ទី​៧ ពេលនេះ កើតឡើង​បី​សប្ដាហ៍​មុន​លោក ដូ​ណា​ល់ ត្រាំ ជួប​លោក គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១២ ខែមិថុនា នៅឯ​សិង្ហ​បុរី​។ ប៉ុន្តែ​ស្ថានការណ៍​ចុងក្រោយ​នៅ​ឧបទ្វីប​កូរ៉េ​បានធ្វើ​ឲ្យ​ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​ទៅវិញ​។ កូរ៉េខាងជើង​បាន​គំរាម​ពិចារណា​ជំនួប​នេះ​ឡើងវិញ បន្ទាប់ពី​លុបចោល​ជំនួប​ថ្នាក់ខ្ពស់​មួយ​ជាមួយ​កូរ៉េខាងត្បូង​កាលពី​សប្ដាហ៍​មុន​។​

​របប​ក្រុង​ព្យុងយ៉ាង​គំរាម​លុបចោល​ជំនួប​សំខាន់​នេះ ព្រោះ​មិន​ពេញចិត្ត​សមយុទ្ធ​ផ្លូវអាកាស​រវាង​យោធា​អាមេរិក និង​កូរ៉េខាងត្បូង ដោយ​ចាត់ទុកជា​ការបង្ក​ហេតុ និង​ជាការ​ត្រៀមខ្លួន​ឈ្លានពាន​កូរ៉េខាងជើង​។ លើសពីនោះ ក្រុង​ព្យុងយ៉ាង​ក៏​មិន​សប្បាយចិត្ត​លក្ខខណ្ឌ​ឯកតោភាគី​របស់​ក្រុង​វ៉ាស៊ីនតោន​ដែល​ចង់​ឲ្យ​ខ្លួន​បោះបង់​នុយក្លេអ៊ែរ​។ តាំងពីដើម​មក ព្យុងយ៉ាង​ចាត់ទុក​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជា​ខែល​ការពារ​នយោបាយ​អរិភាព​របស់​វ៉ាស៊ីនតោន​ដែរ​។​

​ចំណែកឯ​លោក ត្រាំ បាន​សន្យា​ធ្វើ​សម្បទាន​ផង និង​គំរាម​លោក គីម ជុង​អ៊ុន​ផង​។ លោក ត្រាំ បាន​សន្យា​រក្សា​អំណាច​របស់លោក គីម នៅ​កូរ៉េខាងជើង​ដដែល បើ​យល់ព្រម​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​ក្នុងជំនួប​នៅ​សិង្ហ​បុរី​នោះ​។ នៅមុននេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ក៏​សន្យា​ជួយ​ឲ្យ​កូរ៉េខាងជើង​មាន​សេដ្ឋកិច្ច​រីកចម្រើន​ផង​។ យ៉ាងណា​លោក ត្រាំ ក៏​ព្រមាន​ដែរ​ថា អាមេរិក​នឹង​ទម្លាក់​លោក គីម បើ​នៅតែ​ឱប​នុយក្លេអ៊ែរ​នោះ​៕


Tag:
 អាមេរិក​
  ជប៉ុន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com