កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​បាល់ទាត់​ចំនួន​៣៥​នៅ​អ៊ុយ​ក្រែ​ន មាន​ចំណូល​៥​លាន​ដុល្លារ​ពី​ការ​ភ្នាល់​នៅ​អាស៊ី​
23, May 2018 , 10:19 pm        
រូបភាព
​ក្លិប​កីឡាបាល់ទាត់​នៅ​អ៊ុយ​ក្រែ​ន​ចំនួន ៣៥ ក្នុងនោះ​មាន​៥​ក្រុម​មកពី​ក្របខណ្ឌ​លី​គ​កំពូល កំពុង​រង​ការចោទប្រកាន់​ពីបទ​កំណត់​លទ្ធផល​ការប្រកួត​ទុកជាមុន​។​



​ក្នុងចំណោម​ក្លិប​ធំៗ​ទាំង​៥ នោះ Shakhtar Donetsk ម្ចាស់​ជើងឯក Ukraine - Premier League ប្រចាំ​រដូវ​កាល​២០១៧-២០១៨ និង​ម្ចាស់​ជើងឯក​១៥​សម័យ Dynamo Kiev មិន​ស្ថិតក្នុង​ការចោទប្រកាន់​ឡើយ​។​

BBC បានចេញ​ផ្សាយ​ថា ក្រុមមន្ត្រី​បាន​ចុះ​ស៊ើបអង្កេត​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ ហើយ​បាន​រកឃើញថា​មាន​ក្រុម​ឧក្រិដ្ឋ​មួយចំនួន​បាន​ចូលរួម​ក្នុងការ​កំណត់​លទ្ធផល​ការប្រកួត​។ ក្នុងនោះ​អាជ្ញាធរ​បានរ​ក​ឃើញ​ក្រុម​ឧក្រិដ្ឋជន​៥​ក្រុម ដែលមាន​ជាប់​ពាក់ព័ន្ធ​៥៧​ករណី​នៃ​ការកំណត់​ការប្រកួត និង​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ជាង​៣០០​នាក់​។​

​មេប៉ូលីស​អ៊ុយ​ក្រែ​ន​លោក Serhiy Knyazev បាន​និយាយថា​ខ្លួន​បាន​ប្រមូល និង​ចងក្រង​ឯកសារ​ភស្តុតាង​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​ជុំវិញ​ករណីនេះ​។ ហើយ​អ្នកពាក់ព័ន្ធ​ទាំងនោះ​រួមមាន​ប្រធាន​ក្លិប អតីត​កីឡាករ និង​កីឡាករ​បច្ចុប្បន្ន អាជ្ញាកណ្តាល គ្រូបង្វឹក និង​ក្រុម​ពាណិជ្ជកម្ម​។​

​បើតាម​លោក Arsen Avakov រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន​ដែល​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក​ថា ការកំណត់​លទ្ធផល​ប្រកួត​នៅ​អ៊ុយ​ក្រែ​ន​អាច​រកប្រាក់​ចំណូល​បាន​រហូតដល់ ៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ពី​ការ​ភ្នាល់​នៅ​តំបន់​អាស៊ី​៕


Tag:
 បាល់ទាត់​
  កំណត់​លទ្ធផល​ទុក​មុន​
  អ៊ុយ​ក្រែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com