អន្តរជាតិ
ស្ត្រី​ទីមួយ​ម៉ាឡេស៊ី សុំ​ឲ្យ​ប្រជាជន​ឈប់​ជូនអំណោយ​ដល់​គ្រួសារ​លោកស្រី ហើយ​បង្វែរ​ទៅ​ជួយ​អ្នក​ខ្វះខាត​វិញ​
24, May 2018 , 11:20 am        
រូបភាព
លោក មហាធៀ និងភរិយាលោកស្រី ស៊ីទី នៅក្នុងឆ្នាំ ២០០៧ (រូបភាព AFP)
លោក មហាធៀ និងភរិយាលោកស្រី ស៊ីទី នៅក្នុងឆ្នាំ ២០០៧ (រូបភាព AFP)
ដោយ: ថ្មីៗ
​ស្ត្រី​ទីមួយ​ម៉ាឡេស៊ី​លោកស្រី​វេជ្ជបណ្ឌិត  ស៊ី​ទី ហា​ស្មា (Siti Hasmah) បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​ដែល​បន្ត​ជូនពរ​លោកស្រី និង​ស្វាមី​ក្រោយ​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan ឈ្នះឆ្នោត​។ ប៉ុន្តែ​លោកស្រី​ក៏បាន​សុំ​ចិត្ត​ឲ្យ​ប្រជាជន​ឈប់​ជូនអំណោយ​ដល់​លោកស្រី និង​ស្វាមី​ទៀត ហើយ​បង្វែរ​វា​ទៅជា​អំណោយ​មនុស្សធម៌​ដល់​ជន​ខ្វះ​ខ្វាត​វិញ​។



​បន្ទាប់ពី​លោក មហា​ធៀ មហាម៉ាត់ ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទី ៧ គេ​ឃើញ​មានការ​បន្ត​សាទរ និង​ការ​ជូនពរ​ឲ្យ​លោក និង​ក្រុមគ្រួសារ​មាន​សុខ​ភាពល្អ និង​បន្ត​ដឹកនាំ​ប្រទេស​ទៅមុខទៀត​។ ប៉ុន្តែ​មាន​ខ្លះទៀត​ជូនអំណោយ​ដល់​លោក មហា​ធៀ និង​ភរិយា​ផងដែរ​។​

 ពាក់ព័ន្ធ​នឹង​ការបន្ត​ជូនអំណោយ​នេះ លោកស្រី Marina Mahathir បាន​នាំសារ​ម្តាយ​របស់​លោកស្រី ស៊ី​ទី ហា​ស្មា ទៅកាន់​ជនរួមជាតិ​ម៉ាឡេស៊ី ដោយបាន​សុំ​ចិត្ត​ឲ្យ​ប្រជាជន​ទាំងអស់​ដែល​គោរព​ស្រលាញ់​ក្រុមគ្រួសារ​លោកស្រី​បន្ត​ជូនពរ​ជា​ពាក្យសម្តី​បាន​ហើយ មិនចាំបាច់​ផ្តល់​អំណោយ​ឡើយ​។

«​ម្តាយ​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​នាំសារ​នេះ​ទៅជូន​អ្នក​ទាំងអស់គ្នា​។ ចាប់ពី​បោះ​ឆោ្ន​ត​មកនេះ​រយៈពេល​ពី​រស​ប្តា​ហ៍​មកនេះ គាត់​បានទទួល​ការ​ជូនពរ​ច្រើនណាស់​ពី​អ្នក​ទាំងអស់គ្នា ហើយ​មានការ​អបអរសាទរ​គាត់​និង​ឪពុក​ខ្ញុំ​ផង​។ ម៉ាក់​ខ្ញុំ​គាត់​សប្បាយចិត្ត និង ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សណ្តាន​ចិត្ត​អ្នក​ទាំងអស់​ដែល​ជូនពរ និង​បួងសួង​។​

«​ប៉ុន្តែ​ភ្ជាប់​ជាមួយ​សារ​ជូនពរ វា​ក៏មាន​ផ្កា ចំណីអាហារ និង​អំណោយ​ផ្សេងទៀត​ដែរ​។ គាត់​សុំ​ឲ្យ​ខ្ញុំ​ស្នើសុំ​ទៅ​អ្នក​ទាំងអស់គ្នា​ឲ្យ​ឈប់​ជូនអំណោយ​ដល់​ពួកគាត់​ទៀត​ដែរ​។ គាត់​សុំ​ឲ្យ​អ្នក​ទាំងអស់គ្នា​យោគយល់​ដោយ​ឈប់​ជូនអំណោយ​នេះ​ទៅ​គាត់​ទៀត​។ ផ្ទុយទៅវិញ ម្តាយ​ខ្ញុំ​គាត់​សុំ​ឲ្យ​អ្នក​ទាំងអស់គ្នា​ផ្តល់​អំ​ណោ​ទៅកាន់​សកម្មភាព​មនុស្ស​ធម៌​តាម​សមានចិត្ត​របស់ខ្លួន​ចុះ​។ វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ម្តាយ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​បំផុត​»​។ នេះ​សារ​របស់​លោកស្រី Marina Mahathir តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។

 ​


កូនស្រី​របស់លោក មហា​ធៀ ខាងលើ​បាន​ពន្យល់ថា ហេតុផល​ដែល​ម្តាយ​លោកស្រី​សុំ​ចិត្ត​ប្រជាជន​បែបនេះ​ដោយសារ​ហេតុផល​ពីរ​។ ទីមួយ​គឺ វិន័យ​របស់​គណបក្ស Pakatan Harapan ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​គឺ​កម្រិត​មិន​ឲ្យ​អ្នកនយោបាយ​ទទួល​អំណោយ​ពី​គេ​ឡើយ វា​លែង​តែ​អំណោយ​នោះ​ជា​ផ្កា ឬ​ជា​ចំណីអាហារ​។

​ទី​ពីរ គឺ​ទាក់ទង​នឹង​បញ្ហា​ផ្ទាល់ខ្លួន​របស់លោក មហា​ធៀ និង​លោកស្រី ស៊ីទី​។ បញ្ហា​នោះ​គឺថា លោក​មហា​ធៀ មិនបាន​រើ​ទៅ​នៅ​និវេសនដ្ឋាន​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​នៅ​ក្រុង Putrajaya ឡើយ ផ្ទុយទៅវិញ​លោកស្រី​និង​ស្វាមី​បន្ត​រស់នៅ​ផ្ទះ​ខ្លួនឯង​ដដែល​។ លោកស្រី Marina Mahathir បន្ថែមថា ឪពុក​និង​ម្តាយ​លោកស្រី​ចូលចិត្ត​រស់​ផ្ទះ​ខ្លួនឯង​ជាង ប៉ុន្តែ​សំខាន់​វា​មិនមាន​កន្លែង​ច្រើន​សម្រាប់​ដាក់​អំណោយ​ដែល​គេ​ជូន​ទៀតឡើយ​៕

Tag:
 មហា​ធៀ មហាម៉ាត់​
  ស៊ី​ទី ហា​ស្មា​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com