ជាតិ
សង្គមជាតិ
ទីបំផុត រដ្ឋមន្ត្រី​បី ចេញ​សេចក្តីប្រកាស​រួមគ្នា ជុំវិញ​ករណី​ពលរដ្ឋ​ពុល​នៅ​ខេត្តក្រចេះ​
25, May 2018 , 9:22 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ម៉ម ប៊ុនហេង លោក ចម ប្រសិទ្ធ និងលោក ស៊ុយ សែម
ពីឆ្វេងទៅស្តាំ៖ លោក ម៉ម ប៊ុនហេង លោក ចម ប្រសិទ្ធ និងលោក ស៊ុយ សែម
​នៅ​ទីបំផុត រដ្ឋមន្ត្រី​បីរូប ដែល​រួមមាន  លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧ​ស្សាហកម្ម និង​សិប្បកម្ម និង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បានចេញ​សេចក្តីប្រកាស​ព័​ត៌មាន​រួមគ្នា​មួយ ជុំ​វិញករណី​ប្រជាពលរដ្ឋ​ពុល​នៅ​ខេត្តក្រចេះ ដើម្បី​បញ្ចប់​ចម្ងល់​របស់​សាធារណជន​។ សេចក្តីប្រកាស​ព័ត៌មាន​រួម ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ បានបង្ហាញ​ហេតុផល​តែមួយ ជុំវិញ​ករណី​ពុល​នេះ​។


  
​សេចក្តីប្រកាស​ព័​ត៌មាន​រួម​របស់​រដ្ឋមន្ត្រី​ទាំងបី បាន​លើក​ហេតុផល​យ៉ាង​ដូច្នេះ​ថា​៖«​ការពុល​នេះ បណ្តាលមកពី​ស្រាស ដែលមាន​លក់ ឬ​ផលិត​នៅក្នុង​មូលដ្ឋាន ហើយ​ដែលមាន​សារធាតុ​មេ​តា​ណុល កម្រិត​ខ្ពស់ និង​ទឹក​ព្រែក​ទេរ និង​អូរ​គគី មាន​សារ​ធាតុគីមី មាន​កំហាប់​ខ្ពស់ ដែល​បណ្តាលមកពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​។  ក្រសួង​ទាំងបី នឹង​បន្ត​សហការគ្នា ដើម្បី​បង្ការ ទប់ស្កាត់ និង​ជៀសវាង​នូវ​បញ្ហា​ដែល​កើតឡើង​ជាយថាហេតុ​»​។ 
 
​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រដ្ឋមន្ត្រី​ទាំងបី បាន​រង​ការ​រិះ​គន់​ពី​ប្រជាពលរដ្ឋ​មួយចំនួន ជាពិសេស​អ្ន​កប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយសារតែ​លើក​ហេតុផល​ផ្សេងៗ​ពីគ្នា ជុំវិញ​ករណី​ខាងលើ​។​
 
​សូម​រម្លឹកថា ប្រជាពលរដ្ឋ​ជាង​១៣​នាក់ បាន​ស្លាប់ និង​ជាង២០០​នាក់ ត្រូវបានបញ្ជូនទៅ​សង្គ្រោះ ដោយសារតែ​ករណី​ពុល  នៅ​ឃុំ​កន្ទួត  ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​៕
 
 

Tag:
 ពុល
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com