កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ដុត​ភ្លើង​គប់​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​ល្ងាច​នេះ​
25, May 2018 , 11:49 am        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ប៊ុន រ៉ានី នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​នា​ល្ងាច​ថ្ងៃទី​២៥ ឧសភា​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្នុងឱកាស​នោះ សម្តេច ហ៊ុន សែន នឹង​ដុត​បំភ្លឺ​គប់​បើក​ការប្រកួត​កីឡា​ជាតិ​ជា​ផ្លូវការ​ទៀតផង​។​



​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទទួល​ភ្លើង​គប់​ពី​កីឡាការិនី ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស Asian Games ដើម្បី​ដុត​បំភ្លឺ​គប់​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​នៅ​ល្ងាច​ថ្ងៃទី​២៥ ឧសភា​នា​ពហុ​កីឡដ្ឋាន​ជាតិ ពេល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ភរិយា​ធ្វើជា​អ​ធីប​តី​ក្នុង​ពិធី​នេះ​។  

​ពិធី​រត់​ភ្លើង​គប់​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំនេះ កីឡាករ ឃីម ឌី​ម៉ា ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​កីឡា​គុន​ខ្មែរ​នឹង​ទទួល​ភ្លើង​គប់​ពី​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​បរមនាថ នរោត្តម សីហមុនី នៅ​កើយ​ខាងមុខ​ព្រះទីនាំង​ទេវាវិន្និច្ឆ័យ​ព្រះបរមរាជវាំង​។ បន្ទាប់មក ឌី​ម៉ា នឹង​ប្រគល់ជូន​កីឡាករ និង​អតីត​កីឡាករ​ឆ្នើម​កម្ពុជា​ជា​បន្តបន្ទាប់ ដើម្បី​ដង្ហែ​មកកាន់​ពហុ​កីឡដ្ឋាន​ជាតិ ជា​កន្លែង​ប្រារព្ធ​ពិធី​បើក​កីឡា​ជាតិ​ឆ្នាំនេះ​។



​ការរត់​ភ្លើង​គប់​ចេញដំណើរ​ពី​ព្រះបរមរាជវាំង​កាត់​តាមផ្លូវ​មួយចំនួន​មុខ​សួនច្បារ​វត្ត​បុ​ទុម​ឆ្ពោះទៅកាន់​វិមាន​ឯករាជ រួចហើយ​បន្តដំណើរ​តាម​មហាវិថី​ព្រះ​នរោត្តម​ទៅកាន់​វត្តភ្នំ​។ បន្ទាប់មក​ចេញពី​វត្តភ្នំ​ឡើងទៅ​កាន់​ផ្លូវ​មុនី​វង្ស ដើម្បី​បន្តដំណើរ​ទៅកាន់​ស្តុ​ប​កាណាឌីយ៉ា​បត់​ឡើងទៅ​តាមផ្លូវ​សហ​ព័​ន្ធរុស្ស៊ី​កាត់​តាម​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​បត់​ឡើងទៅ​កាន់​ស្តុ​ប​នាង​គង្ហីង​។ បន្ទាប់មក​បត់​តាមផ្លូវ​មុនី​រ៉េត​ឆ្ពោះទៅកាន់​ពហុ​កីឡដ្ឋាន​ជាតិ​តែម្តង​។​

​ក្រៅពី​ពិធី​រត់​ភ្លើង​គប់ ក៏មាន​ការសម្តែង​ក្បាច់គុន​របស់​ក្រុម​ល្បុក្កតោ តេ​ក្វាន់​ដូ ITF និង WTF ការសម្តែង​កាយ​សមស្រប​របស់​គរុ​សិស្ស​កីឡា ការសម្តែង​ទស្សនីយភាព​«​យើង​ខ្មែរ​»​របស់ ស​.​ស​.​យ​.​ក ការប្រគំ​តន្ត្រី​ដែលមាន​ការចូលរួម​ពី​លោក ព្រាប សុវត្ថិ និង​កញ្ញា មាស សុខ​សោភា ការសម្តែង​ភ្លើង​ឡាស៊ែរ​ជា​រូបភាព​ដែល​រៀបចំ​ដោយ​អ្នកជំនាញ និង​ការបាញ់​​កាំជ្រួច​៕








Tag:
 ហ៊ុន សែន​
  កីឡា​ជាតិ​លើក​ទី​២
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com