អន្តរជាតិ
ចិន​និង​ជប៉ុន​ជំទាស់​ការស៊ើបអង្កេតរ​បស់​សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​នឹង​លទ្ធភាព​បន្ថែម​ពន្ធ​លើ​រថយន្ត​នាំចូល​
25, May 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រទេស​ចិន​និង​ជប៉ុន​រិះគន់​ការសម្រេចចិត្ត​របស់លោក​ប្រធានាធិបតី Donald Trump ចំពោះ​ការស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​អំពី​ផលប៉ះពាល់​នៃ​ការ​នាំចូល​រថយន្ត​លើ​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​។



​លោក Gao Feng អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ចោទ​ពី​ការរំលោភបំពាន​លើ​សន្តិសុខ​ជាតិ​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ក៏ដូចជា​ធ្វើ​ឲ្យ​រំខាន​ដល់​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ទូទៅ​ផងដែរ​។​

​លោក​Hiroshige Seko រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន​បាន​មានប្រសាសន៍ថា ប្រសិនបើ​ការស៊ើបអង្កេត​របស់​ស​ហ​រដ្ឋ​អាមេរិក​បណ្តាល​ឲ្យ​មាន​អាត្រា​ពន្ធ​ថ្មី នោះ​វា​នឹង​បង្ក​ឲ្យ​មាន​ភាពចលាចល​នៅក្នុង​ទីផ្សារ​សកលលោក​។​

​លោក Trump បានសម្រេច​យកពន្ធ​គយ​ចំនួន​២៥​ភាគរយ​លើ​ការ​នាំចូល​ដែកថែប និង​១០​ភាគរយ​លើ​ការ​នាំចូល​អាលុយមីញ៉ូម ដោយ​ផ្អែកលើ​បញ្ហា​សន្តិសុខ​ជាតិ​នេះ​។​
​លោក Trump បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ជំនួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក Wilbur Ross​ថា «​ខ្ញុំ​បានស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី Ross ពិចារណា​អំពី​ការស៊ើបអង្កេត​លើ​ចំណុច​ទី​២៣២

​នៃ​ការ​នាំចូល​រថយន្ត រួមទាំង​រថយន្ត​ធំៗ និង​គ្រឿងបន្លាស់​ផងដែរ ដើម្បី​កំណត់​ពី​ផលប៉ះពាល់​របស់​ទំនិញ​ទាំងនោះ​ទៅលើ​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​»​។​

​លោក Trump កំពុង​ស្នើ​ឲ្យ​យក​ពន្ធគយ​ចំនួន​២៥​ភាគរយ​លើ​ការ​នាំចូល​រថយន្ត​។ លោក Trump ដែល​បាន​សន្យាថា​នឹង​ស្តារ​ផលិតកម្ម​សហរដ្ឋអាមេរិក​ឡើងវិញ​នោះ បានចាប់ផ្តើម​ចាត់​វិធានការណ៍​ជាច្រើន​លើ​វិស័យ​ពាណិជ្ជកម្ម ដោយ​ទាមទារ​ឲ្យ​ប្រទេស​ចិន​នាំចូល​ទំនិញ​អាមេរិក​បន្ថែមទៀត ធ្វើ​ការចរចា​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង NAFTA និង​បាន​យកពន្ធ​គយ​លើ​ការនាំ​ចូល​ថែ​ក​និង​អាលុយមីញ៉ូម​ជាដើម​។​

​លោក Trump កាលពី​ថ្ងៃ​ពុធ​បាន​បង្ហោះ​សារ​ថា «​នឹងមាន​ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​សម្រាប់​កម្មករ​រោងចក្រ​ផលិត​រថយន្ត​អាមេរិកាំង​។ បន្ទាប់ពី​បាត់បង់​ការងារ​ជាច្រើន​ក្នុងប្រទេស​អស់​រយៈពេល​រាប់​ទសវត្សរ៍​មកនេះ អ្នក​ទាំងអស់គ្នា​រង់ចាំ​យូរពេក​ហើយ​»​។​

​ប្រទេស​សំខាន់ៗ​ចំនួន​៥​ដែល​នាំចូល​រថយន្ត​មក​ក្នុង​សហរដ្ឋអាមេរិក​មានដូចជា ប្រទេស​ម៉ិ​ក​ស៊ី​ក កាណាដា សហភាព​អ៊ឺរ៉ុប ជប៉ុន និង​កូរ៉េខាងត្បូង​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com