អន្តរជាតិ
ការទូត​ដុល្លារ​ធ្វើ​ឲ្យ​តៃវ៉ាន់​នៅសល់​កល្យាណមិត្ត​តែមួយ​ប៉ុណ្ណោះ​ប្រចាំ​តំបន់​អាហ្វ្រិក
25, May 2018 , 9:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​នៃ​ប្រទេស​តំបន់​អាហ្វ្រិក ប៊ូ​គី​ណា ហ្វា​សូ នៅ​ថ្ងៃ​២៤ ឧសភា បាន​អះអាងថា បាន​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​រដ្ឋាភិបាល​តៃវ៉ាន់​ជា​ផ្លូវការ​ហើយ​។ ការចាកចេញ​នេះ ធ្វើឡើង ក្រោម​ហេតុផល​ថា ដើម្បី​ផ្លាស់ប្តូរ​ជំហរ​ប្រទេស​ឲ្យ​ស្របតាម​និន្នាការ​ពិភពលោក ក៏ដូចជា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រទេស​ផងដែរ​។



​រយៈពេល​មិន​ដល់​មួយខែ​ផង​នោះ រដ្ឋាភិបាល​តៃវ៉ាន់ បាន​បាត់បង់​សម្ព័ន្ធភាព​ការទូត​រហូតដល់​ពីរ​ប្រទេស ខណៈ​កល្យាណមិត្ត ដែល​នៅ​ទទួលស្គាល់​តៃវ៉ាន់ ថា​ជា​ប្រទេស កាន់តែ​តិច​ទៅៗ​ស្រាប់​នោះ ។ ប្រទេស ដែល​ទើបតែ​ផ្តាច់​ការទូត​ជាមួយនឹង​តៃវ៉ាន់​រួមមាន ប៊ូ​គី​ណា ហ្វា​សូ ដែល​ទើបតែ​ប្រកាស​នៅ​ថ្ងៃ ២៤ ឧសភា និង សាធារណរដ្ឋ​ដូ​មី​និក នៅ​ថ្ងៃ​០១ ឧសភា ឆ្នាំ​២០១៨​នេះ​។

​ការសម្រេច​ចាកចេញ​របស់​រដ្ឋ​ក្រីក្រ​តំបន់​អាហ្វ្រិក ប៊ូ​គី​ណា ហ្វា​សូ ធ្វើ​ឲ្យ​តៃវ៉ាន់ នៅសល់​សម្ព័ន្ធភាព​ការទូត​ជាមួយនឹង​បណ្តា​ប្រទេស និង​រដ្ឋ ១៨ ទៀត​ប៉ុណ្ណោះ ដែល​ចំនួន​នេះ ពិតជា​ធ្វើ​ឲ្យ​ការទូត​តៃវ៉ា់ន់ កាន់តែ​ផុយស្រួយ​ខ្លាំង​។

​ក្នុងចំណោម​រដ្ឋ​ទាំង​១៨​នោះ​រួមមាន នៅ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក ដូចជា គី​រី​បាទី​, កោះ​សាធារណរដ្ឋ​ម៉ា​ហ្សា​ល់ ,​ណូ​រូ , សាធារណរដ្ឋ​ប៉ា​ឡោ​, កោះ​សូ​ឡូ​មុន និង ទូ​វ៉ា​លូ ។ នៅ​អាហ្វ្រិក​វិញ នៅសល់​តែមួយ​ប្រទេស​ប៉ុណ្ណោះ ដែល​នោះ​គឺ ប្រទេស​ស្វា​ស៊ី​ឡង់ ដែល​ទើប​ប្តូរ​ឈ្មោះ​ទៅជា «​រាជាណាចក្រ អ៊ី​ស្វា​ទី​នី ខណៈ​អឺរ៉ុប​មានតែ​មាន​រដ្ឋ​ទទួលស្គាល់​តៃវ៉ាន់ គឺ Holy See ។

​ដោយឡែក​សម្រាប់​តំបន់ អាមេរិក​ឡាទីន និង​ខា​រ៉ា​ប៊ី​ន ជា​តំបន់ ដែល​នៅមាន​ប្រទេស​ទទួលស្គាល់​តៃវ៉ាន់​ច្រើន​គេ រួមមាន បេ​លី , អែល​សាល់​វ៉ា​ឌ័​រ , ក្វា​តេ​ម៉ា​ឡា , ហៃ​ទី , សាធារណរដ្ឋ​ហុង​ឌូ​រ៉ា , នី​កា​រ៉ា​ហ្កា  ប៉ា​រ៉ា​ហ្កា​យ , Kitts and Nevis, សាំង​លូ​សី និង St. Vincent & the Grenadines ។

​ជុំវិញ​នៃ​ការចាកចេញ​របស់​បណ្តា​សម្ព័ន្ធមិត្ត​ជា​បន្តបន្ទាប់​នេះ ពិតប្រាកដ​ណាស់ ថា បាន​វាយប្រហារ​យ៉ាងខ្លាំង​មកលើ​ទំនាក់ទំនង​ការទូត​តៃវ៉ាន់​ទៅលើ​ឆាក​អន្តរជាតិ ខណៈ​មុខសញ្ញា​សំខាន់​នៃ​វិបត្តិ​ការទូត​តៃវ៉ាន់ ត្រូវបាន​មើលឃើញថា ជាការ​ទទួលខុសត្រូវ​របស់​ចិន​។ តែ​យ៉ាងណាក៏ដោយ មេដឹកនាំ​តៃវ៉ាន់ ក៏បាន​សន្យា​មិន​តបត​ចំពោះ​ចិន​វិញ​ឡើយ​។​

« ចិន បាន​ព្យាយាម​គ្រប់គ្រង​សង្គម​តៃវ៉ាន់ ក៏ប៉ុន្តែ យើង​មិន​តបត​អ្វី​វិញ​ឡើយ ពោលគឺ យើង នឹង​កាន់តែ​ប្តេជ្ញាចិត្ត​បន្ថែម​ដើម្បី​ផ្សារភ្ជាប់​ខ្លួន​ជាមួយនឹង​ពិភពលោក​។ តៃវ៉ាន់ ក៏​មិន​ប្រើប្រាស់ ការទូត​ដុល្លារ ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ចិន ក្នុងការ​សាបព្រោះ​ទំនាក់ទំនង​ជាមួយនឹង​សម្ព័ន្ធមិត្ត​ផងដែរ » ។ នេះ​គឺ​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​តៃវ៉ាន់ ក្រោយពី​ការប្រកាស​កាត់​ផ្តាច់ទំនាក់ទំនង​របស់​ប៊ូ​គី​ណា ហ្វា​សូ ៕


Tag:
 តៃវ៉ាន់​
  ចិន
  ការទូត​
© រក្សាសិទ្ធិដោយ thmeythmey.com