ជាតិ
សេដ្ឋកិច្ច
ដល់​ឆ្នាំ​២០៣០ ពលរដ្ឋ​កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ចំនួន​ជាង​១​លាន​បន្ថែមទៀត​
26, May 2018 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham) បានរៀបចំ​វេទិកា​ពិភាក្សា​អាហារ​ពេលព្រឹក​មួយនា​ថ្ងៃទី​២៤​ខែឧសភា​នៅ​អគារ​ធនាគារ BRED ទាក់ទង​នឹង​ប្រធានបទ គេហដ្ឋាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា (Affordable housing in Cambodia)​។ សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Arakawa និង​តំណាង​ក្រុមហ៊ុន​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ រួមទាំង​តំណាង​អង្គការ UNDP ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើជា​វាគ្មិន​ដើម្បី​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​គម្រោង​សាងសង់​ផ្ទះ​តម្លៃ​សមរម្យ និង​មាន​ចីរភាព​។​



​ពី​ពេលនេះ​ដល់​ឆ្នាំ​២០៣០ ពលរដ្ឋ​កម្ពុជា​ត្រូវការ​គេហដ្ឋាន​១​លាន​ទៀត ជាពិសេស​គេហដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ​។ នេះ​បើតាម​យោងតាម​ការសិក្សា​របស់​រដ្ឋាភិបាល​ស្តីពី​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅដ្ឋាន​ឆ្នាំ​២០១៤​។ នៅ​ឆ្នាំ​២០១៤​នោះ កម្ពុជា​បានអនុម័ត​គោលនយោបាយ​លំនៅដ្ឋាន ហើយ​ក៏បាន​បង្កើត​អគ្គនាយកដ្ឋាន​លំនៅដ្ឋាន​ដែល​ចំណុះ​ឲ្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។ នៅក្នុង​ឆ្នាំ​២០១៧ កម្មវិធី​ថ្នាក់ជាតិ​សម្រាប់​ការអភិវឌ្ឍ​លំនៅដ្ឋាន​សមរម្យ​ត្រូវបាន​អនុវត្ត ដោយ​ក្រុមហ៊ុន Worldbridge បាន​សម្ពោធ​គម្រោង​តម្លៃ​១០០​លាន​ដុល្លារ​ដើម្បី​សង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​សម្រាប់​មន្ត្រីរាជការ​នៅ​ទីក្រុង​តាខ្មៅ និង​ក្រុមហ៊ុន Arakawa បាន​សម្ពោធ​គម្រោង​តម្លៃ​៧០​លាន​ដុល្លារ​ដើម្បី​សាងសង់​គេហដ្ឋាន​សម្រាប់​អ្នក​ចំណូល​ទាប​នៅក្នុង​ខណ្ឌ​សែន​សុខ​។​



​បើ​យោងតាម​ការ​ទស្សន៍ទាយ​អំពី​តម្រូវការ​លំនៅដ្ឋាន​ក្នុងពេល​អនាគត វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅតែ​រស់​រវើក​នៅ​កម្ពុជា​។ កាលពី​ថ្ងៃទី​២៤​ខែឧសភា EuroCham បានរៀបចំ​ការពិភាក្សា​អាហារ​ពេលព្រឹក​មួយ ដើម្បី​បើកឱកាស​ឲ្យ​អ្នកជំនួញ​វិស័យ​សំណង់​ចែករំលែក​ព័ត៌មាន​ក្នុង​គម្រោង​គេហដ្ឋាន​តម្លៃ​សមរម្យ​នេះ​។ នៅក្នុង​សាលប្រជុំ​នៃ​អគារ​ធនាគារ BRED អ្នកជំនួញ​ក្នុង​វិស័យ​សំណង់​ជាង​១០០​នាក់ បាន​ជួបជុំគ្នា​ដើម្បី​ស្តាប់​ពិសោធន៍​នៃ​គម្រោង​សាង់សង់​ផ្ទះ​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន Arakawa និង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​គោលនយោបាយ​អភិវឌ្ឍន៍​លំនៅដ្ឋាន​សមរម្យ​ដែល​ឆ្លើយតប​និង​គោលនយោបាយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​។​

​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា EuroCham Cambodia តែង​រៀបចំ​កិច្ចពិភាក្សា​លើ​ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​ការអភិវឌ្ឍន៍ និង​បញ្ហា​ដែល​កើតមាន​នៅក្នុង​វិស័យ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ដោយមាន​ការចែករំលែក​ពិសោធន៍ និង​ចំណេះដឹង​ពី​ក្រុម​អ្នកជំនាញ​នៅក្នុង​ប្រទេស និង​ក្នុង​តំបន់​៕























Tag:
 សំណង់​
  សេដ្ឋកិច្ច​
  EuroCham
  Breakfast talk
© រក្សាសិទ្ធិដោយ thmeythmey.com