អន្តរជាតិ
ត្រាំ ថា អាមេរិក​និង​កូរ៉េខាងជើង​កំពុង​ជជែក​គ្នា​ដើម្បី​រៀបចំ​ជំនួប​នៅ​សិង្ហ​បុរី​ឡើងវិញ​
26, May 2018 , 1:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​បន្ទាប់ពី​ប្រកាស​លុបចោល​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខា​ជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​២៤ ខែឧសភា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៥ ខែ​ដដែល បានប្រកាសថា ជំនួប​នៅ​សិង្ហ​បុរី​អាច​កើតឡើង​តាម​ការគ្រោងទុក​ដដែល​។ បើតាម​លោក ត្រាំ មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​បាន​ជួបគ្នា​ដើ​ម្បី​ជជែក​លើ​បញ្ហា​នេះ ខណៈ​ភាគី​ទាំងសងខាង​សុទ្ធតែ​អះអាង​ដូចគ្នា​ថា ចង់​ជួប​មុខ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​។



«​យើង​នឹង​ចាំមើល​អ្វី​កើតឡើង​បន្ទាប់​ទៀត​។ វា​អាច​កើតឡើង​នៅ​ថ្ងៃទី​១២ ដដែល​។​» នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជុំវិញ​លទ្ធភាព​នៃ​ការកើត​ឡើងវិញ​នៃ​ជំនួប​រវាង​រូបលោក និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​លោក​ផ្ទាល់​ជា​អ្នក​ប្រកាស​លុបចោល​កាលពី​ថ្ងៃទី​២៤ ខែឧសភា​។ សម្ដី​របស់លោក ត្រាំ បង្ហាញ​ពី​ការផ្លាស់ប្ដូរ​ជំហរ​១៨០​ដឺ​ក្រេ ហើយ​ជា​បន្ត​ដង្ហើម​ក្ដីសង្ឃឹម​នៃ​ជំនួប​ប្រវត្តិសាស្ត្រ​ដែរ​។​

​មុន​ឡើង​យន្តហោះ​ចាកចេញ​ពី​សេត​វិមាន លោក ត្រាំ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អាមេរិក និង​កូរ៉េខាងជើង​កំពុង​ជជែក​គ្នា​ពី​បញ្ហា​ជំនួប​នេះ និង​ថា ខាង​កូរ៉េ​ខា​ជើង​ក៏​ចង់​ចរចា ឯ​អាមេរិក​ក៏​ចង់​ចរចា​ដូចគ្នា ដូច្នេះ​ត្រូវ​ចាំមើល​រឿងរ៉ាវ​នេះ​នៅពេល​ក្រោយ​ទៀត​។ លោក ត្រាំ បានសម្រេច​ចិត្ត​លុបចោល​ជំនួប​នៅ​សិង្ហ​បុរី ក្រោម​ហេតុផល​ថា សកម្មភាព​របស់​កូរ៉េខាងជើង​មិន​ធ្វើ​ឲ្យ​ជំនួប​ដែល​កំណត់ទុក​រួចហើយ​នោះ មិន​សក្តិសម​វិញ​។​

​នៅក្នុង​លិខិត​ផ្ញើ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង លោក ត្រាំ ក៏​ឆ្លៀត​បញ្ជាក់​ជំហ​របស់​អាមេរិក​ដែល​នៅតែ​ចង់​ចរចា​ដដែល និង​ប្រា​ប់លោក គីម ថា អាច​សរសេរ​សំបុត្រ ឬ​ទាក់ទង​តាម​ទូរ​សព្ទ​ទៅ​លោក​បាន​ផង​។ ភ្លាមៗ​កូរ៉េខាងជើង​ក៏​ឆ្លើយតប​វិញ​ថា ខ្លួន​នៅតែ​ចំហ​ទ្វារ​សម្រាប់​ការចរចា​ដូចគ្នា​ដែរ​។ តាមរយៈ Twitter នៅ​ថ្ងៃទី​២៥ ខែឧសភា ប្រធានាធិបតី​អាមេរិក​បញ្ជាក់ ការចរចា​របស់​អាមេរិក និង​កូរ៉េខាងជើង​ជុំវិញ​ការចាប់ផ្ដើម​ជំនួប​ឡើងវិញ ទទួលបាន​ផ្លែផ្កា​ល្អ​។​

«​ប្រសិនបើ​កើតឡើង​មែន ជំនួប​នេះ​នឹងធ្វើ​នៅ​សិង្ហ​បុរីរ​ដដែល និង​នៅ​ថ្ងៃទី​១២ ខែមិថុនា​ដដែល​។​» នេះ​ជាការ​អះអាង​របស់លោក ត្រាំ ដែល​បន្តថា ក្នុងករណី​ចាំបាច់ ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង បាន​លើក​ពេល​យូរ​ទៀត​។

​ក្រោយ​ការលើកឡើង​របស់លោក ត្រាំ កូរ៉េខាងត្បូង​ឯណោះ​បាន​ប្រែ​ទឹកមុខ​រីករាយ​ឡើងវិញ បន្ទាប់ពី​លោក ត្រាំ លុបចោល​ជំនួប​ដោយ​មិន​ប្រាប់​ឲ្យ​ខ្លួន​បន្តិច​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Kim Eui-gyeom និយាយថា កូរ៉េខាងត្បូង​ចាត់ទុក​ការចរចា​ឡើងវិញ​នេះ​ជា​ភ័ព្វសំណាង​មួយ ហើយ​កូរ៉េខាងត្បូង​តាមដាន​ការវិវត្ត​នេះ​យ៉ាង​យកចិត្តទុកដាក់​៕ 


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com