អន្តរជាតិ
ពូ​ទីន​៖ អាមេរិក​គួរ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ឲ្យ​ខ្ជាប់ខ្ជួន ទោះ​ដូរ​មេដឹកនាំ​ញឹកញាប់​ក៏ដោយ​
26, May 2018 , 5:59 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន អង្គុយក្បែរប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងវេទិកាសេដ្ឋកិច្ចនៅទីក្រុង St. Petersburg (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន អង្គុយក្បែរប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងវេទិកាសេដ្ឋកិច្ចនៅទីក្រុង St. Petersburg (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​២៥ ខែឧសភា បាន​រិះគន់​ទម្លាប់​របស់​អាមេរិក​ដែល​តែង​ពិនិត្យឡើងវិញ​រាល់​កិច្ចព្រមព្រៀង ឬ​សន្ធិសញ្ញា​អន្តរជាតិ នៅពេល​មានការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ម្ដងៗ​។ លោក ពូ​ទីន និយាយថា អាមេរិក​គួរ​គោរព​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​ខ្លួន​ជា​ហត្ថលេខី ទោះជា​នរណា​ជា​អ្នកដឹកនាំ​សេត​វិមាន​ក៏ដោយ​។ ការផ្លាស់ប្ដូរ​កិច្ចព្រមព្រៀង​អន្តរជាតិ​តាម​អាមេរិក នឹង​នាំ​ឲ្យ​មាន​បញ្ហា​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​មិន​ខាន​។​



​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​ទើប​ចូលកាន់​តំណែង​ប្រធានាធិបតី​រុស្ស៊ី​ថ្មីៗ​នេះ បាន​រិះគន់​ការដកខ្លួន​របស់​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ។ លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ដែលជា​កេរដំណែល​របស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ខំ​ចរចា​យ៉ាង​ង​លំបាក ទម្រាំ​អ៊ីរ៉ង់​សុខចិត្ត​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។ ប៉ុន្តែ​លោក ត្រាំ វិញ​យល់ថា ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​បំផុត​។

​សម្រាប់​លោក ពូ​ទីន ការណ៍​ដែល​ប្រធានាធិបតី​អាមេរិក​មួយ​មិន​គោរព​កិច្ចព្រមព្រៀង​របស់​អតីត​មេដឹកនាំ​មួយទៀត មិនមែនជា​រឿង​ល្អ​ទេ​។ ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ​នៅ​ថ្ងៃទី​២៥ ខែឧសភា លោក ពូ​ទីន និយាយថា ការផ្លាស់ប្ដូរ​សន្ធិ​ស​ញ្ញ​ទៅតាម​វដ្ត​នៃ​ការផ្លាស់ប្ដូរ​ប្រធានាធិបតី​អាមេរិក​នឹង​នាំទៅរក​ការមិនទុកចិត្ត​គ្នា និង​ការបែកបាក់​បទដ្ឋាន​អន្តរជាតិ​ផង​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RT ។​

«​រៀងរាល់​បួន​ឆ្នាំ ការបោះឆ្នោត​ប្រធានាធិបតី​តែង​រៀបចំ​នៅ​អាមេរិក ដូច្នេះ​បើ​សន្ធិសញ្ញា​អន្តរជាតិ​ត្រូវ​ចុះហត្ថលេខា​រៀងរាល់​បី​ឬ​បួន​ឆ្នាំ​ដែរនោះ ពួកគេ​នឹង​គិត​សារ​ថ្មី​មិន​ខាន​។ ដូចនេះ​តើ​ការកំណត់​ផែនការ​ត្រូវធ្វើ​ក្នុង​រយៈ​ពេលណា បើ​ត្រូវ​ដើរ​តាម​ប្រព័ន្ធ​បែបនេះ​នោះ​?» នេះ​ជា​សម្ដី​របស់លោក ពូ​ទីន ក្នុង​វេទិកា​ដែលមាន​មេដឹកនាំ​ពិភពលោក​ជាច្រើន​ចូលរួម​ដែរ​។ លោក​យល់ថា ការអនុញ្ញាត​ឲ្យ​វដ្ដ​នយោបាយ​បែបនេះ​លូកលាន់​សន្ធិសញ្ញា​ធំៗ នឹង​បង្កើត​ឲ្យ​មាន​ការមិន​ជឿជាក់​គ្នា​មិន​ខាន​។​

​ជុំវិញ​កិច្ចព្រមព្រៀង​នេះ មូលហេតុ​មួយ​ដែល​ជំរុញ​ឲ្យ​លោក ត្រាំ ដក​អាមេរិក​ចេញ ព្រោះ​អ៊ីរ៉ង់​មិន​គោរព​កិច្ចព្រមព្រៀង​នេះ​ត្រឹមត្រូវ និង​លួច​អភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទៅទៀត​។ ប៉ុន្តែ​លោក ពូ​ទីន បាន​រំឭក​ការអះអាង​របស់​ប្រមុខ​ទីភ្នាក់ងារ​ឋា​ម​ពល​អា​តូ​មិ​ក​អន្តរជាតិ​ថា អ៊ីរ៉ង់​គោរព​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ។ ប្រមុខ​ដឹកនាំ​រុស្ស៊ី​ក៏បាន​ព្រមាន​ពី​ផលវិបាក​ដ៏​ធំ បើ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​នេះ​ដួលរលំ​។​

​ខណៈដែល​គេឯង​ជឿថា អ៊ីរ៉ង់​អនុវត្ត​ពេញទំហឹង​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ លោក ពូ​ទីន ឆ្ងល់​ថា ហេតុអ្វី​ត្រូវដាក់​ពិន័យ​លើ​អ៊ីរ៉ង់​នោះ ខណៈ​សន្តិសុខ​តំបន់ និង​អន្តរជាតិ​នឹងរង​គ្រោះ​ដោយ​មិនអាច​ប្រកែក​បាន​។ ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​ក៏​ឆ្លៀត​រិះគន់​អ៊ីស្រាអែល​គាំទ្រ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​នោះ ដោយបាន​លើក​ជា​សំណួរ​ថា តើ​អ៊ីស្រាអែល​នឹង​ស្រួល​ចិត្ត​ឬ ពេល​អ៊ីរ៉ង់​ដើរ​ចេញពី​កិច្ចព្រមព្រៀង​មួយ​នេះ​?


Tag:
 ​រុស្ស៊ី​
  អាមេរិក​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com