កីឡាជាតិ
ជាតិ
លោក ភា សុភ​ក្ត្រា គ្រូបង្វឹក​ទ័ព ព្រម​ទទួលយក​ការពិន័យ​៤​ប្រកួត ទាំង​មិន​អស់ចិត្ត​
26, May 2018 , 4:04 pm        
រូបភាព
ដោយ:
​លោក ភា សុភ​ក្ត្រា គ្រូបង្វឹក​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​) ហាក់​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​គណៈកម្មកា​រវិ​ន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​ពិន័យ​មិន​ឲ្យ​លោក​ដឹកនាំ​ក្រុម​៤​ប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​កម្ពុជា​។  មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្រូបង្វឹក​រូបនេះ បានចាត់ទុក​ការពិន័យ​នេះ​ថា បាន​បំផ្លើសការពិត ព្រោះ​លោក​មិនបាន​ប្រព្រឹត្ត​បែបនេះ​ឡើយ​។​



​គ្រូបង្វឹក​ក្រុម​ក្រសួងការពារជាតិ លោក ភា សុភ​ក្ត្រា ព្រម​ទទួលយក​ការសម្រេច​របស់​គណៈកម្មកា​រវិ​ន័យ​នៃ​សហព័ន្ធ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទាំង​មិន​សប្បាយចិត្ត ពាក់ព័ន្ធ​ការពិន័យ​មិន​ឲ្យ​ដឹកនាំ​ក្រុម​៤​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​។ លោក សុភ​ក្ត្រា ត្រូវបាន​គណៈកម្មការ​វិន័យ​ចោទប្រកាន់​ពីបទ​មិន​ទទួលស្គាល់​ការសម្រេច និង​ជេរប្រមាថ​មន្ត្រី​ការប្រកួត​តាម​មាត្រា​៤៧ និង​៤៩​នៃ​ក្រមសីលធម៌ និង​វិន័យ​។

​ទោះបី​គ្រូបង្វឹក​រូបនេះ សម្រេច​មិន​ប្តឹង​ឧទ្ធរណ៍​ទៅកាន់​គណៈកម្មការ​ឧទ្ធរណ៍​នៃ​សហព័ន្ធ​បាល់ទាត់​ក៏ពិតមែន​។ ប៉ុន្តែ​លោក​ហាក់​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​គណៈកម្មកា​រវិ​ន័យ និង​បានចាត់ទុក​ការចោទប្រកាន់​នេះ​ថា បាន​បំផ្លើសការពិត​។ លោក​បាន​អះអាងថា លោក​មិនបាន​ប្រព្រឹត្ត​ដូច​ទៅនឹង​អ្វី ដែល​បាន​ចោទប្រកាន់​នោះឡើយ​។​

​ក្នុង​បទ​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​សារព័ត៌មាន Thmey Thmey លោក​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ការចោទប្រកាន់​របស់​គណៈកម្មការ​វិន័យ វា​ជាការ​បំផ្លើស​ទាំងស្រុង ព្រោះ​ខ្ញុំ​មិនបាន​ប្រើប្រាស់​ពាក្យពេចន៍​ជេរប្រមាថ​លើ​មន្ត្រី​ការប្រកួត​នោះទេ ខ្ញុំ​ហ៊ាន​ស្ប​ត់​ក៏បាន​»​។

​ការពិន័យ​ខាងលើ​កើតឡើង​ក្នុងអំឡុងពេល​ជំនួប​រវាង​ក្រុម​ក្រសួងការពារជាតិ​ជាមួយ​ក្រុម​វិសាខា នា​ការប្រកួត​ក្របខណ្ឌ​កំពូល​កម្ពុជា​កាលពី​ថ្ងៃទី​១៩ ឧសភា នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​។ ដោយ​កាលនោះ​ក្រុម​វិសាខា​បាន​យកឈ្នះ​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ២-០​។​

​តាមរយៈ​ការពិន័យ​នេះ លោក ភា សុភ​ក្ត្រា មិនអាច​ដឹកនាំ​ក្រសួងការពារជាតិ​ប្រជែង​តទល់​ជាមួយ​ណាហ្គា​វើ​ល សម្រាប់​ជំនួប​សប្តាហ៍​ទី​៧​នៃ​លី​គ​កំពូល​កម្ពុជា​បាន​នោះឡើយ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៦ ឧសភា​នេះ​។ ក្រៅពី​ជំនួប​ដ៏​ជក់ចិត្ត​នេះ ក៏មាន​ការប្រកួត​ពីរ​ទៀតផង​ដែរ ក្នុងនោះ​សូល​ទី​ឡូ​អង្គរ​ប្រើ​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​ម៉ោង​៣​រសៀល ខណៈ​អគ្គិសនី​បើកទ្វារ​កីឡដ្ឋាន​អគ្គិសនី​ស្វាគមន៍​ភ្ញៀវ​បឹងកេត​៕     


Tag:
 បាល់ទាត់​
  ភា សុភ​ក្ត្រា​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com