កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​ថ្លៃ​ជាងគេ​លើ​លោក​៖ Man Utd នៅ​រក្សា​តំណែង​បាន ទោះ​មិន​ឈ្នះ​ពាន​អ្វី​សោះ​
27, May 2018 , 2:59 pm        
រូបភាព
Manchester United នៅតែ​នាំមុខ Real Madrid និង​Barcelona ក្នុងនាម​ក្លិប​កីឡាបាល់ទាត់​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក​ដដែល បើ​ទោះ​ពួកគេ​បាន​ត្រឹម​ចំណាត់ថ្នាក់​ទី​២​នៅ Premier League និង​មិន​ទទួលបាន​ពាន​អ្វី​សោះ​នៅ​រដូវ​កាល​២០១៧-២០១៨​នេះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន AFP​។​



​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន KPMG ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៣ ខែឧសភា​នេះ បាន​បង្ហាញថា​ក្លិប Man Utd បាន​កើន​តម្លៃ ៥​ភាគរយ​បន្ថែមទៀត​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​តម្លៃ​រហូតដល់ ៣.៧៧ ពាន់​លាន​ដុល្លារ​អាមេរិក រក្សា​ការនាំ​មុន​គូប្រជែង Real Madrid មានតម្លៃ ៣.៤១​ពាន់​លាន​ដុល្លារ និង Barcelona តម្លៃ ៣.២៩​ពាន់​លាន​ដុល្លារ​។​

​ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho រដូវ​កាល​នេះ ក្រុម​រហស្សនាម​បិសាច​ក្រហម​ធ្វើ​មិន​បានល្អ​នោះទេ ដោយ​ទទួលបាន​ត្រឹម​រងជើង​ឯក​ពាន​លី​គ​កំពូល​អង់គ្លេស ហើយ​ការប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ពួកគេ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ប៉ុណ្ណោះ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នៅតែ​អាច​រក្សាខ្លួន​ក្នុងនាម​ក្លិប​មានតម្លៃ​ថ្លៃ​ជាងគេ​លើ​លោក​ដដែល​។​

​លោក Jacques Boussuge ប្រធាន​ផ្នែក​វាយតម្លៃ​កីឡា​របស់ KPMG បាន​គណនា​លើ​ទ្រព្យសម្បត្តិ​របស់​ក្លិប​នីមួយៗ​ដោយ​ផ្តោ​សំខាន់​ទៅលើ​ក្រុម​ដែ​មាន​កីឡដ្ឋាន​ផ្ទាល់ខ្លួន តម្លៃ​របស់​កីឡាករ​ក្នុង​ក្រុម​ទាំងអស់ តម្លៃ​លើ​ម៉ាក​យីហោ កិច្ចសន្យា​ផ្សាយពាណិជ្ជកម្ម ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ និង​ប្រជាប្រិយភាព​លើ​បណ្តាញ​សង្គម​។​

​ក្នុងចំណោម​ក្លិប​ទាំង ៣២ នៅ​អឺរ៉ុប KPMG ក៏បាន​វាយតម្លៃ​ដែរ​ថា​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich ឈរ​នៅ​លេខ​រៀង​ទី​៤ ជាមួយ​តម្លៃ ៣​ពាន់​លាន​ដុល្លារ Juventus លេខ​៩ តម្លៃ ១.៥៣​ពាន់​លាន​ដុល្លារ ខណៈ PSG ឈរ​លេខ​១១ តម្លៃ ១.៣៤​ពាន់​លាន​ដុល្លារ​។ ក្លិប​ជើងឯក Ligue 1 ប្រចាំ​រដូវ​កាល ២០១៧-២០១៨ នេះ​ត្រូវបាន​គេ​សំគាល់​ឃើញថា​កើនឡើង​តម្លៃ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ចាប់តាំងពី​ការកាន់កាប់​របស់​សេដ្ឋី​ជនជាតិ​កាតា​លោក Nasser Al-Khelaifi មក​។​

​ដោយឡែក ក្នុងចំណោម​ក្លិប​ទាំង​១០ ដែល​ថ្លៃ​ជាងគេ​លើ​លោក គឺមាន​ក្លិប​មកពី​ក្របខណ្ឌ Premier League រហូតដល់​ទៅ ៦​ឯណោះ រួមមាន Man Utd, Man City, Arsenal, Chelsea, Liverpool និង Tottenham Hotspur​។​

​សរុប​តម្លៃ​ក្លិប​ទាំង ៣២ នៅ​ឆ្នាំ​២០១៨​នេះ​បាន​ឡើងដល់ ៣៨.២៣ ពាន់​លាន​ដុល្លារ កើនឡើង ៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៧៕






Tag:
 បាល់ទាត់​
  Manchester United
  ក្លិប​ថ្លៃ​ជាងគេ​លើ​លោក
© រក្សាសិទ្ធិដោយ thmeythmey.com