កីឡាជាតិ
ជាតិ
វិសាខា​ត្រូវការ​ឈ្នះ​ប៉ូលិស​ដើម្បី​ពង្រឹង​ទីតាំង ដែលមាន​ណាហ្គា​វើ​ល​ឈរ​កំពូល​តារាង​
27, May 2018 , 12:06 pm        
រូបភាព
ដោយ:
​ក្រុម​ចំណូល​ថ្មី​វិសាខា​ត្រូវការ​ឈ្នះ​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​នា​ជំនួប​នៅ​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​រសៀល​នេះ ដើម្បី​ពង្រឹង​ទីតាំង​ដែល​ខ្លួន​កំពុង​ឈរ​។ ណាហ្គា​វើ​ល​បាន​បន្ត​ឈរ​កំពូល​តារាង​ក្របខណ្ឌ​បាល់ទាត់​កំពូល​កម្ពុជា​ក្នុង​សប្តាហ៍​ទី​៧ ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ក្រសួង​ការ​ពារជាតិ ២-០ នា​ការប្រកួត​កាលពី​ល្ងាច​ថ្ងៃទី​២៦ ឧសភា​។ ចំណែក​បឹងកេត​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​អគ្គិសនី​កម្ពុជា ដែល​ធ្វើ​ឲ្យ​ទ​ស្សិ​ក​ជន​ស្ទើរតែ​មិន​ជឿ​។



​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​បានក្លាយ​ជាទី​តាំង​កាត់សេចក្តី​ជំនួប​រវាង​វិសាខា​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ សម្រាប់​ជំនួប​សប្តាហ៍​ទី​៧​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​២៧ ឧសភា ឆ្នាំ​២០១៨​។ ក្រុម​ចំណូល​ថ្មី​វិសាខា​ត្រូវការ​ឈ្នះ​ប៉ូលិស​ដាច់ខាត​នៅក្នុង​ជំនួប​នេះ ដើម្បី​ពង្រឹង​ទីតាំង​ដែល​ខ្លួន​កំពុង​ឈរ និង​បង្កើន​ឱកាស​ស​ប្រជែង​ដណ្តើម​កំពូល​តារាង​។ បច្ចុប្បន្ន​វិសាខា​កំពុង​ឈរ​លេខ​រៀង​ទី​៣ ដោយមាន​១៣​ពិន្ទុ ខណៈ​ប៉ូលិស​ឈរ​លេខ​រៀង​ទី​៦​ដោយមាន​១០​ពិន្ទុ​។

​នៅ​ថ្ងៃអាទិត្យ​នេះដែរ ក្រុម​ភ្នំពេញ​ក្រោ​ន​ត្រូវ​បើកទ្វារ​កីឡដ្ឋាន RSN ស្វាគមន៍​ភ្ញៀវ​អាស៊ី​អឺរ៉ុប នៅ​ម៉ោង​៦​ល្ងាច​។ ភ្នំពេញ​ក្រោ​ន​ដែល​កំពុង​ឈរ​លេខ​រៀង​ទី​៥​ជាមួយ​១០​ពិន្ទុ ត្រូវការ​ឈ្នះ​ក្រុម​ភ្ញៀវ​ដែល​ឈរ​លេខ​រៀង​ទី​៩​មួយ​នេះ ដើម្បី​បង្កើន​ក្តីសង្ឃឹម​ក្នុងការ​បន្ត​ប្រជែង​ដណ្តើម​កំពូល​តារាង​។ សម្រាប់​ជំនួប​សប្តាហ៍​មុន ភ្នំពេញ​ក្រោ​ន​បាន​លត់​ប៉ូលិស​ក្នុង​លទ្ធផល ៤-០ រីឯ​អាស៊ី​អឺរ៉ុប​បាន​ត្រឹម​ស្មើ​អង្គ​រថា​យ​ហ្គឺ​រ ២-២​។ តែ​យ៉ាង​សម្រាប់​រដូវ​កាល​នេះ អាស៊ី​អឺរ៉ុប​មាន​សមត្ថ​ភាពកើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ព្រោះ​រាល់​ក្រុម​ដែល​ជួប​ជាមួយ​ពួកគេ​តែងតែ​ពិបាក​ក្នុងការ​យកឈ្នះ​។

​ជាមួយគ្នានេះ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​អង្គ​រថា​យ​ហ្គឺ​រ​ត្រូវ​ប្រជែង​តទល់​ជាមួយ​ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ​នា​ម៉ោង​៣:៣០​នាទី​រសៀល​នេះ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។ បច្ចុប្បន្ន​អង្គ​រថា​យ​ហ្គឺ​រ​ឈរ​លេខ​រៀង​ទី​៨ ដោយមាន​៧​ពិន្ទុ ខណៈ​វេ​ស្ទើ​ន​ភ្នំពេញ​ឈរ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​។ សម្រាប់​ជំនួប​សប្តាហ៍​មុន​អង្គ​រថា​យ​ហ្គឺ​រ​បញ្ចប់​លទ្ធផល​ស្មើ ២-២ ជាមួយ​អាស៊ី​អឺរ៉ុប រីឯ​វេ​ស្ទើ​ន​ចាញ់​ក្រុម​អគ្គិសនី​កម្ពុជា ២-០​។

​ក្រុម​ណាហ្គា​វើ​ល​បាន​បន្ត​ឈរ​កំពូល​តារាង​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា​ក្នុង​សប្តាហ៍​ទី​៧​បណ្តោះអាសន្ន​ដោយមាន​១៩​ពិន្ទុ ក្រោយ​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ ២-០ នា​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៦ ឧសភា ឆ្នាំ​២០១៨​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ណាហ្គា​វើ​ល​សម្រេច​ដោយ​កីឡាករ Bisan George ពីរ​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី​៦៣ និង​៨០​។

​ចំណែក​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត បានធ្វើ​ឲ្យ​ទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ​ខកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ក្រុម​នេះ​បានបញ្ចប់​ក្នុង​លទ្ធផល​ខុស​ក្តី​រំពឹងទុក​ដោយ​ស្មើ ១-១ ជាមួយ​ក្រុម​ឈរ​បន្ទាប់​បាត​តារាង​អគ្គិសនី​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លទ្ធផល​នេះ បានធ្វើ​ឲ្យ​បឹងកេត​រង​ការរិះគន់​ពី​អ្នកគាំទ្រ​បាល់ទាត់​មួយចំនួន​ផងដែរ ដោយ​អ្នកខ្លះ​រិះគន់ថា អគ្គិសនី​មិន​ខ្លាំង​ទេ តែ​បឹងកេត​អន់ រីឯ​អ្នកខ្លះ​ទៀតថា មកពី​បឹងកេត​មើលស្រាល​សមត្ថភាព​គូប្រកួត​ជាដើម​។ តែ​យ៉ាងណា លទ្ធផល​នេះ​មិនបាន​ធ្វើ​ឲ្យ​បឹងកេត​របូត​ទីតាំង​របស់​ខ្លួន​ឡើយ ដោយ​បន្ត​ឈរ​លេខ​រៀង​ទី​២​ជាមួយ​១៧​ពិន្ទុ​។​

​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ២-១ ដើម្បី​ឡើងមក​ឈរ​លេខ​រៀង​ទី​៤​ដោយមាន​១១​ពិន្ទុ​ជា​បណ្តោះអាសន្ន​។ កីឡាករ Debiro Dzarma Bata បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​សូល​ទី​ឡូ​អង្គរ​ក្នុង​តង់​ទី​១​។ តែ​នៅក្នុង​តង់​ទី​២​កីឡាករ Booysen Shane បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​ស្វាយរៀង​នៅ​នាទី​ទី​៦៣ មុន​កីឡាករ Caeasar Trevin Shonari សម្រេច​គ្រាប់​ជ័យជម្នះ ២-១ នៅ​១​នាទី​បន្ទាប់​៕​

Tag:
 Cambodian League 2018
  វិសាខា​
  ប៉ូលិស​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com