ជាតិ
រដ្ឋមន្ត្រី​ធនធានទឹក លោក លឹម គានហោ ទទួលបាន​គោរមងារ​ជា «​កិត្តិ​បណ្ឌិត​»
27, May 2018 , 4:50 pm        
រូបភាព
រូបពីក្រសួងធនធានទឹក
រូបពីក្រសួងធនធានទឹក
ដោយ: ថ្មីៗ
​ក្រុម​បណ្ឌិត​សភាចា​រ្យ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានសម្រេច​ផ្តល់​គោរព​ងារ​ជា «​កិត្តិ​បណ្ឌិត​ផ្នែក​គ្រប់គ្រង​ធនធានទឹក​» ជូន​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​។ នេះ​ជាការ​អះអាង​របស់លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។



​លោក សុខ ទូច ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា លោក លឹម គានហោ សម​នឹង​ទទួលបាន​គោរព​ងារ និង​សញ្ញាបត្រ​ថ្នាក់​កិត្តិ​បណ្ឌិត​ផ្នែក​គ្រប់គ្រង​ធនធានទឹក ពីព្រោះ​រដ្ឋមន្ត្រី​រូបនេះ បានធ្វើ​ការងារ​ជាច្រើន​ទៅលើ​វិស័យ​ធនធានទឹក សម្រាប់​ប្រទេស​កម្ពុជា​។

​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ឲ្យ​តែមាន​បញ្ហា​ទឹក គឺ​គាត់ ស្វះស្វែង [​ដោះស្រាយ​ហើយ​]​។ ដោយ​ឃើញ​គុណបំណាច់​ហ្នឹងហើយ បានជា​រាជបណ្ឌិត្យសភាកម្ពុជា ប្រជុំ ហើយ​បោះឆ្នោត​ផ្តល់​គោរព​ងារ​ជូន​គាត់​»​។

​លោក សុខ ទូច បន្តថា រាជបណ្ឌិត្យសភាកម្ពុជា នឹង​រៀបចំ​ពិធី​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​កិត្តិ​បណ្ឌិត​ជូន​លោក លឹម គានហោ ជា​ផ្លូវការ​។ លោក បន្ថែម​ថា ក្នុង​ពិធីនាពេល​ខាងមុខនេះ ក៏មាន​ការបង្ហាញ​ពី​ស្នាដៃ​របស់លោក លឹម គានហោ ផងដែរ ពាក់ព័ន្ធ​នឹង​វិស័យ​ធនធានទឹក​៕


Tag:
 លឹម គានហោ​
  កិត្តិ​បណ្ឌិត​
  សុខ ទូច​
© រក្សាសិទ្ធិដោយ thmeythmey.com