អត្ថបទពាណិជ្ជកម្ម
ការបោះពុម្ព​សារ​ព្រមាន​សុខភាព​គំរូ​ថ្មី​លើ​កញ្ចប់​បារី បង្កើត​ក្តីបារម្ភ​ថា​នឹងមាន​ការប្រកួតប្រជែង​មិន​ស្មើភាព​អាក្រក់​ឡើងៗ
30, May 2018 , 10:20 am        
រូបភាព
​ក្រុមហ៊ុន​ថ្នាំជក់​ដែលមាន​អនុលោមភាព បានបង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈ​ការអនុវត្ត​សារ​ព្រមាន​សុខ​ភាពជា​រូបភាព និង​អក្សរ​គំរូ​ចាស់ ហាក់​នៅ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​នោះ​។ កង្វល់​នេះ ត្រូវបាន​លើកឡើង ក្រោយ​ក្រសួងសុខាភិបាល ចេញ​សេចក្ដីណែនាំ​ថ្មី លេខ ០០៤ ស​.​អបស ស្ដីពី​ការដាក់​ឲ្យ​អនុវត្ត​សារ​ព្រមាន​សុខភាព​គំរូ​ថ្មី ដែលមាន​រូបភាព​អាក្រក់ និង​គួរ​ឲ្យ​ខ្លាចញញើត​ជាង​មុន ដែល​នឹង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី ១ ខែតុលា ឆ្នាំ ២០១៨ ខាងមុខ​។

​ពាក់ព័ន្ធ​នឹង​ក្ដី​ព្រួយបារម្ភ​នេះ អគ្គនាយក​ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុជា លោក ដា​នី​ញែ​ល ហ្សូ បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​លោក​គាំទ្រ​នូវ​គោលនយោបាយ​របស់​ក្រសួង​
​សុខាភិបាល ក្នុងការ​បង្ហាញ​ពី​ហានិភ័យ ដែល​កើតចេញពី​ការជក់បារី តាមរយៈ​សារ​ព្រមាន​សុខភាព​នេះ ហើយ​វា​ជាគោលការណ៍​ចម្បង​របស់​ក្រុមហ៊ុន​លោក​ដែរ​។ ប៉ុន្តែ​អ្វីដែល​អគ្គនាយក​ក្រុមហ៊ុន​ថ្នាំជក់​រូបនេះ បារម្ភ​នោះ​គឺ ការអនុវត្ត​សារ​ព្រមាន​សុខភាព​គំរូ​ថ្មី​នេះ នឹង​នាំ​ឲ្យ​មានការ​ប្រកួតប្រជែង​មិន​ស្មើភាព​កាន់តែ​អាក្រក់ ខណៈដែល​លោក​សង្កេតឃើញថា ការអនុវត្ត​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ​ខ្មែរ​គំរូ​ចាស់ នៅ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​នោះ​។

​លោក ដា​នី​ញែ​ល ហ្សូ បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ការអនុវត្ត​តាម​ខ្លឹមសារ​សេចក្ដីណែនាំ​ថ្មី ដែល​តម្រូវ​ឲ្យ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ​គំរូ​ថ្មី នាពេល​ឆាប់ៗ​ខាងមុខនេះ ច្បាស់​ណាស់ វា​នឹងធ្វើ​ឲ្យ​បញ្ហា​នៃ​ការប្រកួតប្រជែង​មិន​ស្មើភាព​គ្នា កាន់តែ​អាក្រក់​ឡើងៗ​។ ក្រុមហ៊ុន​គោរព​ច្បាប់​ដូចជា​យើងខ្ញុំ នឹងរង​គ្រោះ​ទ្វេដង ដោយ​ត្រូវ​ចំណាយ​បន្ថែម​លើ​ថ្លៃ​ផលិត និង​ថ្លៃ​ដឹកជញ្ជូន​ផ្សេងៗ ដោយសារតែ​ការគោរព​ច្បាប់​តែឯង ខណៈដែល​ក្រុមហ៊ុន​ខិលខូច គ្មាន​អនុលោម​ទាំងឡាយ ចំណេញ​ទ្វេដង ទាំង​ថ្លៃដើម​ផលិត ចំណាយ​ផ្សេងៗ​»​។​

​គួររម្លឹកថា កន្លងទៅ​ថ្មីៗ​នេះ ក្រសួងសុខាភិបាល និង​នគរបាលជាតិ បាន​ចុះបង្ក្រាប​លើ​រោងចក្រ​ផលិត​ផ្ទាល់ ក្រុមហ៊ុន​បារី​ក្នុងស្រុក​មួយចំនួន ទៅលើ​ផលិតផល​ខុសច្បាប់​របស់​ពួកគេ​។ ប៉ុន្តែ​ជាក់ស្ដែង យើង​នៅតែ​សង្កេតឃើញថា បារី​ខុសច្បាប់ ដែលមាន​ត្រឹមតែ​សារ​ព្រមាន​ជា​អក្សរ​ទំហំ​៣០% លើ​កញ្ចប់​នោះ គឺ​នៅតែ​បន្ដ​លក់​ពាសពេញ​ផ្ទៃ​ប្រទេស​ដដែល ដែលជា​ទូទៅ គឺ​សុទ្ធតែជា​ផលិតផល​បារី​ផលិត​នៅក្នុង​ស្រុក ខណៈដែល​បារី​នាំចូល​ភាគច្រើន គឺ​សុទ្ធ​តែមាន​អនុលោមភាព​អស់ហើយ​។

​ក្នុងនាម​ជា​ក្រុមហ៊ុន​គោរព​ច្បាប់ លោក ដា​នី​ញែ​ល ហ្សូ សំណូមពរ​យ៉ាងទទូច ចំពោះ​រាជរដ្ឋាភិបាល ពិសេស​ក្រសួងសុខាភិបាល និង​គណៈកម្មាការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំជក់ ឲ្យ​អនុវត្ត​បញ្ញត្តិ​សារ​ព្រមាន​សុខភាព​គំរូ​ចាស់​ឲ្យ​មាន​អនុលោមភាព និង​ប្រសិទ្ធភាព​នៅ​ទូទាំង​ទីផ្សារ​ទាំងអស់​សិន មុននឹង​តម្រូវ​ឲ្យ​បោះពុម្ព​សារ​ព្រមាន​សុខ​ភាពជា​រូបភាព និង​អក្សរ​ប្រភេទ​ថ្មី​នេះ​៕




© រក្សាសិទ្ធិដោយ thmeythmey.com