កីឡាជាតិ
ជាតិ
កីឡា​ជាតិ​៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឈរ​លេខ​១​លើ​កីឡា​វាយ​សី ក្រោយ​ឈ្នះ​មេដាយ​ច្រើនជាងគេ​
30, May 2018 , 3:14 pm        
រូបភាព
ដោយ:
​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឈរ​ចំណាត់ថ្នាក់​លេខ​១​សម្រាប់​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​លើ​ប្រភេទ​កីឡា​វាយ​សី ក្រោយ​អត្ត​ព​លិ​ក​របស់ខ្លួន​ដណ្តើមបាន​មេដាយ​ច្រើនជាងគេ​។ រីឯ​ក្រសួងមហាផ្ទៃ និង​ខេត្តស្វាយរៀង​ឈរ​លេខ​រៀង​ពីក្រោយ​ជា​បន្តបន្ទាប់​។ លោក ជៀម សុភា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​វាយតម្លៃថា ការប្រកួត​ឆ្នាំនេះ​មាន​ភាពស្វិតស្វាញ​ជាង​លើក​មុន ហើយ​កីឡាករ​ទៀតសោត ក៏​ពោរពេញ​ដោយ​សមត្ថ​ភាពល្អៗ​ផងដែរ​។



​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៥​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​២៥-២៩ ឧសភា សមាគម​វាយ​សី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​ក្នុង​តារាង​មេដាយ​សរុប ក្រោយ​អត្ត​ព​លិ​ក​របស់ខ្លួន​ដណ្តើមបាន​មេដាយមាស​៣ និង​ប្រាក់​៣ សម្រាប់​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​នៅ​ឆ្នាំនេះ​។ ក្រសួងមហាផ្ទៃ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ក្រោយ​អត្ត​ព​លិ​ក​ដណ្តើមបាន​មេដាយមាស​២ និង​ប្រាក់​១ ខណៈ​ខេត្តស្វាយរៀង​ឈរ​លេខ​៣ ក្រោយ​ឈ្នះ​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​២​។

​ដោយឡែក​ខេត្ត​មិន​ចាត់​ចំណាត់ថ្នាក់​រួមមាន​កំពង់​ចាម ដណ្តើមបាន​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​១, ព្រះសីហនុ ទទួលបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​១ និង​ខេត្តកំពុងឆ្នាំង​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ចំនួន​៣​។


លោក​ ជៀម​ សុភា​ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយការប្រកួត​នៅទីលានវាយសីក្នុងពហុកីឡដ្ឋានជាតិ

​លោក ជៀម សុភា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​សម្រាប់​ការរៀបចំ​នៅ​ឆ្នាំនេះ ដោយ​លោក​អះអាងថា ការប្រកួត​ឆ្នាំនេះ​មាន​ភាព​តានតឹង​និង​ស្វិត​ស្វាយ​ជាង​លើក​មុន ពោលគឺ​ទាំង​កីឡាករ​មកពី​ខេត្ត​និង​នៅ​រាជធានី​ភ្នំពេញ​សុទ្ធសឹង​តែមាន​សមត្ថភាព​ខ្ពស់​។ ហើយ​ការរៀបចំ​ទៀតសោត បាន​ដំណើរការ​យ៉ាង​ល្អ​និង​មាន​ភាព​ល្អិតល្អន់​ជាង​លើក​មុន ទាំង​បញ្ហា​បច្ចេកទេស និង​ដំណើរ​ការប្រកួត​។

​លោក​បាន​បន្ថែមថា​៖«​ការប្រកួត​ឆ្នាំនេះ​ខុសពី​ឆ្នាំមុន គឺ​យើង​ទទួលបាន​កីឡាករ​កីឡាការិនី​ចូលរួម​ច្រើន ដោយ​ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​១២៣​នាក់​ចូលរួម ខណៈ​លើក​មុន​មានតែ​៦៧​នាក់​ប៉ុណ្ណោះ​។ ហើយ​ក្លិប​សមាគម​ក៏​កើន​ដែរ គឺ​ឆ្នាំនេះ​មាន​១០​ក្រសួង​រាជធានី​ខេត្ត​ចូលរួម ខណៈ​ឆ្នាំមុន​មានតែ​៩​ប៉ុណ្ណោះ​។ កីឡាករ​កីឡាការិនី​ចូលរួម​ប្រកួត​ឆ្នាំនេះ​ល្អៗ​ច្រើន បើ​ធៀប​នឹង​លើក​មុន​»​។

​ទន្ទឹមនឹង​ភាពល្អប្រសើរ​នេះ លោក ជៀម សុភា បាន​អះអាងថា សម្រាប់​ការរៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំនេះ ក៏​នៅមាន​ចំណុច​ខ្វះខាត​តិចតួច​ក្នុង​ដំណើរកា​រៀបចំ​ផងដែរ​។ តែ​យ៉ាងណា លោក​មិនបាន​បង្ហើប​ពី​បញ្ហា​ទាំង​នោះឡើយ​៕ 


Tag:
 វាយ​សី​
  កីឡា​ជាតិ​លើក​ទី​២
  National Games
  ជៀម សុភា
© រក្សាសិទ្ធិដោយ thmeythmey.com