កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ជិត​ត្រូវ​រ៉ូវគ្នា​ដើម្បី​យក​ខ្សែការពារ Dalot ពី Porto មក Old Trafford
30, May 2018 , 5:23 pm        
រូបភាព
Manchester United កំពុង​រត់ការ​ដើម្បី​ទិញយក​ខ្សែការពារ​វ័យក្មេង​ពី​ក្លិប FC Porto កីឡាករ Diogo Dalot​។​



BBC ផ្សាយ​ថា ខ្សែការពារ​ស្លាប​ស្តាំ វ័យ​១៩​ឆ្នាំ ត្រូវបាន​ក្លិប​ជើងឯក Primeira Liga នៃ​លី​គ​កំពូល​ព័រ​ទុយ​ហ្គា​ល់​រដូវ​កាល​នេះ ដាក់​តម្លៃ​ខ្លួន​ផ្តាច់​កិច្ចសន្យា ១៧.៤ លាន​ផោន (២៣.០៦​លាន​ដុល្លារ​) ប៉ុន្តែ Man Utd មិនទាន់​យល់ព្រម​លើ​លក្ខខណ្ឌ​នេះឡើយ​។​

​លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​កំពុង​សម្លឹងមើល​ខ្សែការពារ​ស្លាប​ដើម្បី​មក​ជំនួស​តំណែង Antonio Valencia ដែលមាន​វ័យ​ចំណាស់​បន្តិច​ទៅហើយ ខណៈ​លោក​ជឿជាក់ថា​សមាជិក​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ក្រោម​អាយុ​២១​ឆ្នាំ​រូបនេះ​ជា​ជម្រើស​ល្អ​មួយ​។​



Dalot ជាប់​ជម្រើសជាតិ​យុវជន​ព័រ​ទុយ​ហ្គា​ល់​ចាប់ពី​U15 រហូតដល់ U21 ហើយ​ត្រូវបាន​ក្រុម​ឈុត​ធំ Porto កោះហៅ​ឲ្យ​ចូលរួម​ក្រុម​ក្នុង​ឆ្នាំ ២០១៧ ដោយ​បង្ហាញខ្លួន​លើកដំបូង​កាលពី​ខែតុលា​។ រូបគេ​ក៏បាន​ជួយ​ក្លិប​នេះ​ប្រកួត​ស្មើ​ជាមួយ Liverpool ក្នុង​ក្របខណ្ឌ Champions League កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ផងដែរ​។​

​ក្រៅពី Dalot អតីត​អ្នកចាត់ការ Real Madrid និង​Chelsea កំពុង​ព្យាយាម​យក​ខ្សែបម្រើ​ប្រេ​ស៊ី​ល Fred របស់ Shakhtar Donetsk និង​ខ្សែការពារ​អន្តរជាតិ​បែលហ្ស៊ិក Toby Alderweireld របស់ Spurs មកកាន់​ទឹកដី Old Trafford ឲ្យ​បាន​មុន​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​ខែក្រោយ​៕


Tag:
 Manchester United
  Diogo Dalot
  Porto
© រក្សាសិទ្ធិដោយ thmeythmey.com