FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Silva៖ ប្រេ​ស៊ី​ល​ត្រៀម​ស្តារ​មុខមាត់​នៅ​រុស្ស៊ី ក្រោយ​ខកចិត្ត​កាលពី​៤​ឆ្នាំមុន​នៅ​ទឹកដី​ខ្លួន​
31, May 2018 , 8:59 am        
រូបភាព
​ខ្សែការពារ Thiago Silva ប្តេជ្ញា​ថា​នឹង​ស្តា​មុខមាត់​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឡើងវិញ​ក្នុង​យុទ្ធនាការ​ការប្រកួត​ពា​ន​រង្វាន់ FIFA World Cup នៅ​រុស្ស៊ី បន្ទាប់ពី​រង​ក្តី​អា​មាស​ធ្ងន់ធ្ងរ​ក្រោម​ថ្វី​ជើង​របស់​ម្ចាស់​ការពារ​តំណែង​ជើងឯក​អាល្លឺម៉ង​កាលពី​ឆ្នាំ​២០១៤​ក្នុងផ្ទះ​ខ្លួនឯង​។​



​ក្រុម​រហស្សនាម​សាំ​បា​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​អង់គ្លេស​ត្រៀប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រូ​អាស៊ី ដើម្បី​សម​ជើង​មុន World Cup​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ខ្សែការពារ និង​ជា​ប្រធាន​ក្រុម Paris Saint-Germain បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ក្រុង​ឡុង​ដ៍ ថា​គ្រូបង្វឹក Tite និង​គ្រូ​ជំនួយ​ទាំងអស់ រួមទាំង​ក្រុមកីឡា​ករទាំង​២៣​នាក់​បានរៀបចំ​ខ្លួន​រួចរាល់​អស់ហើយ​ដើម្បី​ប្រយុទ្ធ​ក្នុងការ​ប្រកួត​បាល់ទាត់​ពិភពលោក​ខែក្រោយ​នេះ​។​



«​ខ្ញុំ​គិតថា​យើង​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​បង្ហាញខ្លួន​ឲ្យ​បានល្អ​។ ប្រសិនបើ​យើង​ក្រឡេកមើល​អតីតកាល [​ចាញ់​អាល្លឺម៉ង់ ៧-១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​២០១៤] វា​នឹង​ផ្តល់​ឲ្យ​យើង​នូវ​ការលើកទឹកចិត្ត​កាន់តែ​ច្រើនជាង​មុន​ដើម្បី​ស្តា​មុខមាត់ និង​ប្រជែង​យកឈ្នះ​ពាន​នេះ​»​។ Silva បន្ថែម​ដូច្នេះ​។​

​យ៉ាងណាក៏ដោយ ប្រធាន​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូបនេះ មិន​ហ៊ាន​ធានាថា​ក្រុម​ខ្លួន​អាច​ក្រសោប​យក​តំណែង​ជើងឯក​ពិភពលោក ឆ្នាំ​២០១៨ បាន​ឬ​យ៉ាងណា​នោះទេ តែ​រូបគេ​អាច​សន្យា​បាន​ថា នឹង​លេង​គ្រប់ការ​ប្រកួត​ដ៏​អស្ចារ្យ​។​

​អតីត​ខ្សែការពារ AC Milan វ័យ​៣៣​ឆ្នាំ នឹងត្រូវ​បង្ហា​ខ្លួន​ជា​លើក​ទី​៣​ក្នុងការ​ប្រកួត​ពានរ​ង្វាន់​លំដាប់​ពិភពលោក​នៅ​រុស្ស៊ី​នេះ ប៉ុន្តែ​ត្រូវ​ប្រជែង​យក​កៅអី​១១​នាក់​ដំបូង​ពី​មិត្ត​រួម​ក្លិប PSG ដូចគ្នា Marquinhos និង Miranda របស់ របស់ Inter Milan ដែល​កំពុង​លេចធ្លោ​ខ្លាំង​។​

​ម្ចាស់​ជើងឯក​ពិភពលោក ៥​សម័យ​នឹង​ចាប់ផ្តើម​ការប្រកួត​ដំបូង​ទល់នឹង​ស្វី​ស​នៅ​ថ្ងៃទី​១៨ ខែមិថុនា មុន​ជួប​កូ​ស្តា​រី​កា និង​ស៊ែ​ប៊ី​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល E៕


Tag:
 បាល់ទាត់​
  ប្រេ​ស៊ី​ល​
  FIFA World Cup
  Thiago Silva
  GroupE
© រក្សាសិទ្ធិដោយ thmeythmey.com