អន្តរជាតិ
ចិន​ថា តៃវ៉ាន់​កំពុង​ព្យាយាម​បង្ខូច​ឈ្នោះ​ខ្លួន​ថា ប្រើប្រាស់​«​នយោបាយ​ការទូត​ដុល្លារ​»
31, May 2018 , 7:19 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​បាន​ស្វាគមន៍​រដ្ឋ​អាហ្វ្រិក បួ​គី​ណា ហ្វា​សូ ក្នុងការ​ជ្រើស​រើសយក​គោលនយោបាយ​ចិន​តែមួយ​ហើយ​នោះ រដ្ឋាភិបាល​ចិន​បាន​ព្រមាន​រដ្ឋាភិបាល​តៃវ៉ាន់​ដែល​ចោទប្រកាន់​ខ្លួន​ដោយ​គ្មាន​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គោលនយោបាយ​ការទូត​។ ក្រុង​ប៉េកាំង បានចាត់ទុក​ការចោទប្រកាន់​របស់​ក្រុង​តៃប៉ិ មាន​ចេតនា​បង្ខូចកេរ្តិ៍​ឈ្មោះ​ចិន​នៅក្នុង​ឆាក​អន្តរជាតិ​សុទ្ធសាធ​។



​នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​២៩ ខែឧសភា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួ ឈួន​អ៊ីង ត្រូវបាន​អ្នកសារព័ត៌មាន​សួរថា​តើ​ក្រុង​ប៉េកាំង មានប្រតិកម្ម​បែបណា​ដែរ​នៅពេល ក្រុង​តៃប៉ិ បាន​លើកឡើងថា តៃវ៉ាន់​មិន​ប្រកួតប្រជែង​ជាមួយ «​នយោបាយ​ការ​ការទូត​ដុល្លារ ឬ Dollar Diplomacy » របស់​ចិន​លើ​សំណុំរឿង​បួ​គី​ណា ហ្វា​សូ ឡើយ​។

​ដូច​សព្វ​មួយ​នោះ ក្រុង​ប៉េកាំង បាន​បដិសេធ ការអនុវត្ត​គោលនយោបាយ​ការទូត​លុយ ដើម្បី​អូសទាញ​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់​ឲ្យ​មក​ទទួលស្គាល់​គោលនយោបាយ​ចិន​តែមួយ​។ តាមរយៈ​សន្និសីទ​សារព័ត៌មាន​ដដែល​នោះ លោកស្រី​អ្នកនាំពាក្យ បាន​តប​យ៉ាង​ដូច្នេះ​ថា​៖«​ការចោទប្រកាន់​របស់​របស់​អាជ្ញាធរ​តៃវ៉ាន់ ថា ចិន អនុវត្ត​ការទូត​ដុល្លារ ជាការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ចិន​ទាំងស្រុង​»​។

​លោកស្រី​អ្នកនាំពាក្យ ក៏បាន​លើកឡើង​ជាថ្មីទៀត​ថា ចិន​មាន​តែមួយ​ប៉ុណ្ណោះ​លើក​លោក ហើយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​គឺ ជា​រដ្ឋាភិបាល​ស្របច្បាប់​ដែល​តំណាង​ឲ្យ​ចិន​ទាំងមូល ខណៈ​តៃវ៉ាន់ គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​អធិបតេយ្យ​ចិន​ប៉ុណ្ណោះ​។ លោកស្រី​បន្ថែមថា ចិន​មិនដែល​បាន​យក , មិន​យក ហើយក៏​នឹងមិន​យក​គោលនយោបាយ​ចិន​តែមួយ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​អ្វី​ដែរ​។

​គួរ​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃ​២៦ ឧសភា កន្លងទៅ រដ្ឋាភិបាល​ចិន និង រដ្ឋាភិបាល​បួ​គី​ណា ហ្វា​សូ ដែល​អតីត​កល្យាណមិត្ត​របស់​រដ្ឋាភិបាល​តៃវ៉ាន់ បាន​ចុះហត្ថលេខា​លើ​សេចក្តី​ថែ្ល​ង​ការណ៍​រួមមួយ​ក្នុងការ​បន្ត​ចំណង​ការទូត​ជាមួយនឹង​គ្នា​ជា​ផ្លូវការ​។ ការ​មក​រួមរស់​ជាមួយនឹង​ចិន​របស់​បួ​គី​ណា ហ្វា​សូ​នេះដែរ ធ្វើ​ឲ្យ​តៃវ៉ាន់ នៅសល់​សម្ព័ន្ធមិត្ត​មួយ​ប៉ុណ្ណោះ​ប្រចាំ​តំបន់​អាហ្វ្រិក ខណៈ​រដ្ឋ​និង​ប្រទេស​ដៃគូ​ដែល​ទទួលស្គាល់ តៃវ៉ាន់ ថា ជា​រដ្ឋ​អធិបតេយ្យ កាន់តែ​ថយ​ទៅៗ​៕


Tag:
 ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com