ជាតិ
បោះឆ្នោត
មន្ត្រី​បក្ស​កាន់អំណាច​ថា ការព្រមាន​របស់​មន្ត្រី​អូស្ត្រាលី គ្មាន​ឥទ្ធិពល​លើ​កម្ពុជា​ឡើយ​
04, Jun 2018 , 2:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ការព្រមាន​របស់លោក​ស្រី Julie Heckscher មន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​របស់លោក​ស្រី បិទ​ទិដ្ឋាការ​មក​ឲ្យ​មន្ត្រី​កម្ពុជា ព្រមទាំង​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត មិនមាន​ទម្ងន់ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ព្រួយបារម្ភ​នោះទេ​។


​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់ឃើញថា ការលើកឡើង​របស់​ម​ន្ត្រី​អូស្ត្រាលី​ពី​ការដាក់ទណ្ឌកម្ម​មកលើ​រដ្ឋាភិបាល​កម្ពុជា គឺ​គ្រាន់តែ​ជា​សិទ្ធិ​បញ្ចេញមតិ​របស់​បុគ្គល​ប៉ុណ្ណោះ​។ តាមរយៈ​សារ ដែល​សរសេរ​ក្នុង​បណ្តាញ​ទំនាក់​ទំ​ង​តេ​ឡេ​ក្រាម លោក បាន​សង្កត់ធ្ងន់ថា ការ​បញ្ចេ​មតិ​នេះ មិនមាន​ប្រសិទ្ធភាព​មកលើ​ឯករាជ្យ​និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ឡើយ​។ 
 
​បន្ទាប់មក អ្នកនាំពាក្យ​គណបក្សកាន់អំណាច ក៏​ចំអក​ឲ្យ​ក្រុមប្រឆាំង​ថា រង់ចាំ​ទទួលផល​ពី​ការដាក់ទណ្ឌកម្ម​របស់​អូស្ត្រាលី​មកលើ​កម្ពុជា​។​
 
​ចំណែក​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីកា​គណៈរដ្ឋមន្ត្រី បកស្រាយ​ថា ការលើកឡើង​របស់​ម​ន្ត្រី​អូស្ត្រាលី មិនមែនជា​ជំហរ​ឬក៏​ជាគោលការណ៍រ​បស់រ​ដ្ឋា​ភិ​បាល​អូស្ត្រាលី​នោះទេ​។ ដូច្នេះ លោក ជឿថា ការព្រមាន​នេះ មិន​អាចមាន​ឥទ្ធិពល​ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា​និង​រដ្ឋាភិបាល​អូស្ត្រាលី​ឡើយ​។​
 
​លើសពីនេះ លោក ក៏បាន​ឆ្លើយតប​នឹង​មន្ត្រី​អូស្ត្រាលី​ថា អ្វីដែល​កម្ពុជា​ធ្វើ គឺ​ស្របទៅតាម​ច្បាប់​របស់ខ្លួន​។ មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មិន​ធ្វើតាម​បង្គាប់​របស់​បរទេស​ណា​ទេ ក្រៅតែពី​ច្បាប់​និង​ស្ថាប័ន​ជាតិ​របស់​យើង​»​។ 
 
​លោកស្រី Julie Heckcher បាន​លើ​យក​បញ្ហា​កម្ពុជា ទៅ​និយាយ​ក្នុង​ព្រឹទ្ធសភា​អូស្ត្រាលី កាលពីពេល​ថ្មីៗ​នេះ​។ លោកស្រី ផ្តោត​ខ្លាំង​លើ​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​គ្មាន​គណបក្សប្រឆាំង ។
 
​ការបោះឆ្នោត​នៅ​កម្ពុជា​ក្នុង​អាណត្តិ​នេះ ហាក់​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មួយចំនួន មិនសូវ​សាទរ​នោះទេ ដ្បិតតែ​មិនមាន​គណបក្សប្រឆាំង​។ សហរដ្ឋអាមេរិក បាន​ព្រមាន​មុន​អូស្ត្រាលី​ទៅទៀត​ថា នឹង​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​កម្ពុជា ដែល​ផ្ញើ​នៅ​សហរដ្ឋអាមេរិក និង​ហាម​មិន​ឲ្យ​ជាន់​ទឹកដី​អាមេរិក​។​
 
​សហរដ្ឋអាមេរិក បាន​បញ្ឈប់​ការគាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត ដោយ​ហៅ​ការបោះឆ្នោត​នៅ​កម្ពុជា ថា​មាន​លក្ខណ​ប្រជាធិបតេយ្យ​។ ឯ​សហភាព​អឺរ៉ុប​វិញ ក៏​ចូលរួម​ដាក់​សម្ពាធមក​លើ​រដ្ឋាភិបាល​កម្ពុជា​ដែរ​។ 
 
​យ៉ាងណា​ដ៏​ដោយ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា នៅតែ​ទទួលបាន​គាំទ្រ​ពី​បណ្តា​ប្រទេស​ផ្សេងៗ ដូចជា​ជប៉ុន ចិន និង​ឥណ្ឌា ជាដើម​៕ 

Tag:
 បោះឆ្នោត​
  អូស្ត្រាលី​
  កម្ពុជា​
  សុខ ឥសាន​
  ផៃ ស៊ី​ផាន​
  ទណ្ឌកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com