អន្តរជាតិ
ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន គ្រោង​ធ្វើ​សមយុទ្ធ​រួមគ្នា​ដើម្បី​ទប់ទល់​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​តំបន់
04, Jun 2018 , 9:39 pm        
រូបភាព
ដោយ:
​សមាជិក​អាស៊ាន​បី​ប្រទេស រួមមាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន នឹងធ្វើ​សមយុទ្ធ​យោធា​ល្បាត​ដែន​គោក​រួមគ្នា​មួយ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​សមត្ថភាព​យោធា​ប្រទេស​ទាំងបី​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​ងើបឡើង​របស់​ក្រុម​សកម្មប្រយុទ្ធ ដែល​ភាគី​ទាំងបី​ព្រួយបារម្ភ​ព្រោះ​សមត្ថភាព​ពួកគេ​កាន់តែ​ខ្ពស់​ឡើង​។



«​យើង​នឹង​រៀបចំ​លំ​ហាត់​យោធា​រួមគ្នា​មួយ ដែល​ផ្តោត​សំខាន់​លើ​ការតបត​ជាមួយនឹង​ទ័ពព្រៃ និង​របៀប​វាយបក​ជាមួយនឹង​ក្រុម​សកម្មប្រយុទ្ធ​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូណេស៊ី​លោក Ryamizard Ryacudu នៅ​ថ្ងៃទី​២ ខែមិថុនា បន្ទាប់ពី​លោក​ជួប​ជាមួយ​សម​ភាគី​ម៉ាឡេស៊ី Mohamad Sabu​។

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Jakarta Post លោក​រដ្ឋមន្ត្រី Ryamizard ក៏បាន​លើកឡើង​ផងដែរ​ថា ក្រុម​ឧទ្ទាម​ដែលមាន​មូលដ្ឋាន​នៅ​ភាគខាងត្បូង​ហ្វីលីពីន ពូកែ​ខាង​បាញ់​ណាស់ ហើយ​បញ្ហា​នេះ​តម្រូវ​ឲ្យ​ប្រទេស​ទាំងបី​រួមមាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន ពង្រឹងសមត្ថភាព​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំងក្លា​ដើម្បី​ទប់ទល់​ជាមួយនឹង​ក្រុម​ទាំងនេះ​បាន​។

​ប្រមុខ​ការពារជាតិ​ឥណ្ឌូណេស៊ី​ដដែល​នោះ ក៏បាន​អះអាង​ផងដែរ​ថា កន្លងមក​ដើម្បី​ទប់ស្កាត់​នឹង​រីកលូតលាស់​របស់​ក្រុម​ឧទ្ទាម ឥណ្ឌូណេស៊ី ក៏បាន​ផ្តួចផ្តើម​យន្តការ​បី​ភាគី​ដើម្បី​ធ្វើ​សកម្មភាព​ល្បាត​ទាំង​តាម​ដែនសមុទ្រ និង​ទាំង​ដែនអាកាស ដែល​លោក បញ្ជាក់ថា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​កាត់បន្ថយ​ការគំរាមកំហែង​លើ​សន្តិសុខ​។

​គួរ​ជម្រាប​ផងដែរ ក្រោយពី​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ បាន​ថមថយ​ឥទ្ធិពល និង​បែកខ្ញែក​ហើយ​នោះ តំបន់​អាស៊ីអាគ្នេយ៍ ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​ទាំងនោះ​កំណត់​យក​ជាទី​តាំង​ថ្មី​សម្រាប់​ពួកគេ​ក្នុង​ការបោះ​មូលដ្ឋាន​។ យ៉ាងណាមិញ​តំបន់​អាស៊ាន​នេះ​មាន​ក្រុម​ឧទ្ទាម​ជាច្រើន​ក្រុម ដែល​បាន​បង្កបញ្ហា​សន្តិសុខ​ក្នុង​តំបន់​រួចជាស្រេច​ហើយ​នោះ​៕


Tag:
 ឥណ្ឌូណេស៊ី
  ម៉ាឡេស៊ី
  ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com