ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជួន សុវណ្ណ៖ យើង​គ្រប់គ្រង​ស្ថានការណ៍​នៅមុខ​គណបក្ស​សង្គ្រោះ​ជាតិ​បានល្អ
09, Jun 2013 , 11:28 am        
រូបភាព
លោក ជួន សុវណ្ណ ស្នងការប៉ូលិសរាជធានីភ្នំពេញ
លោក ជួន សុវណ្ណ ស្នងការប៉ូលិសរាជធានីភ្នំពេញ
តំណាងថ្នាក់ដឹកនាំគណបក្ស​សង្គ្រោះជាតិ​ចេញមកពីទទួលញត្តិ
តំណាងថ្នាក់ដឹកនាំគណបក្ស​សង្គ្រោះជាតិ​ចេញមកពីទទួលញត្តិ
ដោយ:
បន្ទាប់ពី​ញត្តិ​របស់​ក្រុម​ជនរងគ្រោះ​ដែលមាន លោក ជុំ ម៉ី ជា​អ្នកដឹកនាំ​ត្រូវបាន​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ចេញមក​ទទួល​នៅមុខ​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​ហើយ​នោះ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អត្ថាធិបាយ​ប្រាប់​ក្រុមអ្នកកាសែត​ទាំង​ទឹកមុខ​រីករាយ ពី​ភាពជោគជ័យ​របស់លោក ក្នុងការ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព ជូន​ក្រុមបាតុករ និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅមុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រឹក​មិញ​នេះ។



នៅមុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក ជួន សុវណ្ណ ថ្លែងថា៖« ខ្ញុំ​ខិតខំ​សម្របសម្រួល​គ្រប់​លទ្ធភាព​ដែល​ខ្ញុំ និង​កម្លាំង​របស់ខ្ញុំ​អាចធ្វើ​បាន ដើម្បី​សម្របសម្រួល​មិន​ឲ្យ​មាន​បញ្ហា​កើតមានឡើង​ចំពោះ ក្រុមបាតុករ និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ»។

ស្នងការ​​នគរបាល​រាជធានី​ភ្នំពេញ​រូបនេះ បានបញ្ជាក់​បន្ថែម​ផងដែរ​ថា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​មាន​ភារកិច្ច​គ្រប់គ្រង​ស្ថានការណ៍​ឲ្យ​បានល្អ​ប្រសើរ​ជូន​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ជាពិសេស បញ្ហា​សន្តិសុខ និង​សុវត្ថិភាព របស់​បេក្ខជន​តំណាងរាស្ត្រ​នៅមុន​ការបោះឆ្នោត​ឈានចូល​មកដល់​នោះ​តែម្ដង ហើយ​ថា លោក មិន​អនុញ្ញាត​ឲ្យ​បញ្ហា​អ​ក្រក់​អ្វី​ទាំងអស់​កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​រដូវ​ការ​នៃ​កាបោះឆ្នោត​អណ​ត្តិ​ទី៥នេះ​ទេ។

ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​នៅមុខ​គណបក្ស​សង្គ្រោះ​ជាតិ ជាទី​ដែល​ក្រុមបាតុករ​យក​ញត្តិ​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​ពួកគេ​នោះ លោក ជូន សុវណ្ណ អត្ថាធិប្បាយ​ថា ដោយមាន​កិច្ច​សម្រប សម្រួល ពី​ក្រុម​សមត្ថកិច្ច​របស់លោក​នោះ  ទាំង​ភាគី​បាតុករ និង​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​មកជួប​គ្នា​ក្នុង​បរិយាកាស​ប្រកបដោយ​ភាព​ស្និត​ស្នាល​នៅមុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ក្រុមបាតុក​បានប្រគល់​ញត្តិ​ជូន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ទទួលយក​ញត្តិ​នោះ​ដោយ មិនមាន​ផ្ទុះ​អំពើហិង្សា​ណាមួយ​នោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com