FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
កាលពី​៨០​ឆ្នាំមុន ឥណ្ឌូណេស៊ី​ជា​ក្រុម​អាស៊ី​ទីមួយ​ដែល​បាន​លេង World Cup
05, Jun 2018 , 4:26 pm        
រូបភាព
ក្រមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី (Dutch East Indies) ពេលប៉ះហុងគ្រី នៅ FIFA Word Cup 1938
ក្រមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី (Dutch East Indies) ពេលប៉ះហុងគ្រី នៅ FIFA Word Cup 1938
ដោយ: ថ្មីៗ
​ថ្ងៃនេះ កាលពី​៨០​ឆ្នាំមុន ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី បាន​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុងនាម​ជា​ក្រុម​ទីមួយ​តំណាង​អាស៊ី ដែល​បាន​ចូល​លេង​ក្នុង​ព្រឹត្តិការណ៍ World Cup​។ កាលណោះ ឥណ្ឌូណេស៊ី ស្ថិតនៅក្រោម​អាណានិគម​ហូ​ឡង់ ក្រោម​ឈ្មោះថា Dutch East Indies​។​



​សារព័ត៌មាន ThmeyThmey សូម​បង្ហាញ​លោកអ្នក​អាន​អំពី​សមិទ្ធផល​របស់​ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី (Dutch East Indies) ដែល​ជួយ​បង្កើត​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដើម្បី​តំណាង​ឲ្យ​ក្រុម​អាស៊ី​ទៅកាន់​ពិភពលោក​។​

​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​១៩៣៨ Dutch East Indies បាន​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ដែល​រៀបចំ​នៅ​បារាំង ដោយមាន​១៦​ក្រុម​ចូលរួម​។ ក្រុម​នៃ​ប្រទេស​ដែល​ស្ថិតក្រោម​អាណានិគម​ហូ​ឡង់​មួយ​នេះ បាន​តទល់​ជាមួយ​ក្រុម​ជម្រើសជាតិ​ហុង​គ្រី​។​

​ការប្រកួត​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Stade Auguste-Delaune ក្នុង​ក្រុង Reims ប្រទេស​បារាំង ក្រុម​មកពី​អឺរ៉ុប​បាន​យកឈ្នះ​ក្នុង​លទ្ធផល ៦-០ ដែល​ធ្វើបាន​ដោយ​កីឡាករ Kohut នៅ​នាទី ១៤, Toldi (១៦), Sárosi (២៥, ៨៨) និង Zsengellér (៣០, ៦៧)​។​

​បើទោះបី​ចាញ់​ត្រឹម​ប្រកួត​ដំបូង​ក៏ដោយ ប៉ុន្តែ​ឥណ្ឌូណេស៊ី​បាន​តំណាង​ឲ្យ​ប្រទេស​នៅ​តំបន់​អាស៊ី​ទាំងមូល​ដែល​បាន​បង្ហាញខ្លួន​ដំបូង​គេ​បង្អស់​ក្នុង​ឆាក​អន្តរជាតិ​។​



World Cup លើក​ទី​៣ ឆ្នាំ​១៩៣៨ មាន​ក្រុម​ចូលរួម​ទាំងអស់​១៦ រួមមាន​ម្ចាស់ផ្ទះ​បារាំង អ៊ីតាលី ន័​រវេ​ស បែលហ្ស៊ិក ប្រេ​ស៊ី​ល ប៉ូឡូញ ឆេ​កូ​ស្លូ​វ៉ា​គី (​បច្ចុប្បន្ន​ចែកជា​សាធារណរដ្ឋ​ឆេ​ក និង​ស្លូ​វ៉ា​គី​) ហូ​ឡង់ ហុង​គ្រី Dutch East Indies (​ឥណ្ឌូណេស៊ី​) ស្វី​ស អាល្លឺម៉ង់ ស៊ុយអែត អូទ្រីស គុយបា និង​រូ​ម៉ា​នី​។​

​អ៊ីតាលី​ដែលជា​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់ (​ឆ្នាំ​១៩៣៤) បាន​លើក​ពាន​ជា​លើក​ទី​២ បន្ទាប់ពី​យកឈ្នះ​ហុង​គ្រី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ៤-២ នា​ការប្រកួត​នៅ​កីឡដ្ឋាន     ​Stade Olympique de Colombes ក្នុង​ក្រុងប៉ារីស ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​១៩៣៨​។ ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ប្រេ​ស៊ី​ល និង​លេខ​៤ ស៊ុយអែត​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  Dutch East Indies
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com