សេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
Grab និង​UNDP ចាយ​ថវិកា​៥០​ម៉ឺន​ដុល្លារ ជួយ​សិក្សា​ដោះស្រាយ​ការស្ទះ​ចរាចរណ៍​
05, Jun 2018 , 4:40 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន Grab និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​ព្រមព្រៀង​លើ​គម្រោង​រួមគ្នា​មួយ ដើម្បី​សិក្សា​ចងក្រង​ទិន្នន័យ​ចរាចរណ៍​សំខាន់ សម្រាប់​ជា​ប្រយោជន៍​ដល់​ការធ្វើ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​៥​ខែមិថុនា​នេះ ក្រោម​អធិបតីភាព​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​គម្រោង​នេះ​ឈ្មោះថា គម្រោង​និរន្តរភាព​ចរាចរណ៍​ក្នុង​ទីក្រុង​សម្រាប់​គ្រប់គ្នា ដែលមាន​រយៈពេល​៣​ឆ្នាំ ដែល​អនុវត្ត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ និង​ប្រើប្រាស់​ថវិកា​ប្រមាណ ៥០​ម៉ឺន​ដុល្លារ​អាមេរិក​។ ការអនុវត្ត​គម្រោង​នេះ មួយផ្នែក​ក៏​ទាក់ទង​ទៅនឹង​ការសិក្សា​ការបំពុល​បរិយាកាស​ដោយ​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ផងដែរ​។

​លោក ស៊ុន ចាន់ថុល បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​«​ក្រុមហ៊ុន Grab និង​UNDP នឹង​ចាយលុយ​រួមគ្នា ដើម្បី​ធ្វើយ៉ាងណា​ជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​ឲ្យ​ការធ្វើដំណើរ​មាន​សុវត្ថិភាព ព្រមទាំង​កាត់បន្ថយ​ការបំពុល​បរិយាកាស​ដោ​យ​ការធ្វើដំណើរ​»​។​



​រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ លើកឡើងថា ទិន្នន័យ​របស់ Grab ដែលជា​ក្រុមហ៊ុន​ក្នុង​វិស័យ​ដឹកជញ្ជូន​ស្រាប់ នឹងមាន​ផលប្រយោជន៍​ដល់​រដ្ឋាភិបាល​។ លោក​មានប្រសាសន៍​ដូចនេះ​ថា​៖«Grab មាន​ព័ត៌មាន​ច្រើនណាស់ ដែល​នឹង​ផ្ដល់​ឲ្យ​ក្រសួង​សាធារណការ ដើម្បី​សិក្សា​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​។ Grab នឹង​ចែករំលែក​បទពិសោធន៍​នៅ​ប្រទេស​គេ មក​ប្រាប់​យើង​»​។

​លោក ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា សព្វថ្ងៃ រដ្ឋាភិបាល​ក៏មាន​ក្រុមការងារ​ពិសេស ដែល​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ ធ្វើការ​សិក្សា​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​។ ក្រុមការងារ​នេះ​បានជ្រើសរើស​ផ្លូវ និង​ទីតាំង​មួយចំនួន ដើម្បី​សិក្សា​បញ្ហា​នេះ​។ តែ​លោក​រដ្ឋមន្ត្រី​អះអាងថា កិច្ចសហការ​របស់ Grab និង​UNDP នៅពេលនេះ​នឹង​ជួយ​បន្ថែមទៀត​ដល់​កិច្ចការ​របស់​ក្រុមការងារ​ពិសេស​នេះ​។

​នាយក​ប្រចាំ​តំបន់​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Grab  លោក Russell Cohen បាន​មានប្រសាសន៍ថា ក្រៅពី​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ Grab  ប្ដេជ្ញា​ជួយ​គាំទ្រ​ផ្នែក​ផ្សេងទៀត ដូចជា ការចែករំលែក​ទិន្នន័យ បច្ចេកវិទ្យា ធនធានមនុស្ស ព្រម​ទ្រាំង​ការលើកកម្ពស់​ការប្រើប្រាស់​យានយន្ត​បែប​បរិស្ថាន​។ លោក​បាន​បន្ថែម​ដូច្នេះ​ថា​៖«Grab ពេញចិត្ត​នឹង​សហការ​ជាមួយ UNDP ដើម្បី​សម្រេច​នូវ​ទស្សនវិស័យ និង​ឆន្ទៈ​រួមគ្នា​ក្នុងការ​កាត់បន្ថយ​ការបំពុល​ខ្យល់អាកាស ក៏ដូចជា​បង្កើន​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ចរាចរណ៍​តាម​ដងផ្លូវ​»​។​

​រីឯ​លោក Nick Beresford នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់ UNDP បាន​ឲ្យ​ដឹង​យ៉ាងនេះ​ថា​៖«​គម្រោង​នេះ​ដើរតួនាទី​លើសពី​អ្វីដែល​យើង​ហៅថា ទំនួល​ខុសត្រូវ​សង្គម ទៅទៀត ហើយ​វា​នឹង​ផ្ដល់នូវ​ម៉ូ​ឌែ​ល​ថ្មី​មួយ​សម្រាប់​ភាពជា​ដៃគូ​នៃ​វិស័យ​ឯកជន និង​សាធារណៈ ក្នុង​ការងារ​អភិវឌ្ឍន៍​សង្គម​។ លោក​បន្តថា គម្រោង​នេះ​ក៏​ជា​វេទិកា​មួយ​ជួយ​គាំទ្រ​ដល់​ការបង្កើត​គោលនយោបាយ​នានា​ដែល​ជំរុញ​ការវិនិយោគ​កាន់តែច្រើន​លើ​ការអភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​ចីរភាព​៕


Tag:
 ចរាចរណ៍​
  Grab
© រក្សាសិទ្ធិដោយ thmeythmey.com