អត្ថបទពាណិជ្ជកម្ម
ហេតុអ្វី​រកលុយ​បាន មិន​សល់​?
06, Jun 2018 , 9:53 am        
រូបភាព
​ប្រសិនបើ​និយាយ​ពី​រឿង​លុយ​រកបាន តែ​មិន​សល់​នោះ ប្រាកដ​ណាស់ នឹងមាន​ការ​សួរ​វែកញែក​ហេតុផល​រហូត​។ តាម​ការពិត​ហេតុផល​ដែល​នៅ​ពីក្រោយ​បញ្ហា​នេះ ស្រួល​យល់​បំផុត គឺ​ដោយសារតែ​ចំណាយ​ច្រើន ជាង​ចំណូល​។ នេះហើយ​ដែល​ធ្វើ​ឲ្យ​លុយ​រក​មកហើយ មិន​សល់​។ តែបើ​វិភាគ​មូលហេតុ ដែល​ចំណូល​រកបាន​ច្រើន តែ​ហេតុអ្វី បាន​ទប់​ការចាយវាយ​ប្រចាំថ្ងៃ​មិនបាន​នោះ ទើប​ជា​រឿង​ពិបាក​។

​ខាងក្រោម​នេះ គឺជា​ការ​ស្រាយ​បំភ្លឺ​ខ្លះៗ ដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​ដកស្រង់ ដើម្បី​លោកអ្នក​សាកល្បង​ពិចារណា​៖
•​     ចេះតែ​ទិញ​៖ ប្រសិនបើ​អ្នក​មិនអាច​ចែកដាច់ រវាង​តម្រូវការ និង​ការចង់បាន​នោះទេ (Need and Want) អ្នក​ប្រាកដជា​ទិញ​គ្រប់​ទំនិញ ដែល​អ្នកដើរ​កាត់​មិន​ខាន​ពេល​ចូល​ផ្សារ​ម្តងៗ​។ មុននឹង​សម្រេចចិត្ត​ចំណាយលុយ លើ​របស់​អ្វីមួយ អ្នក​គួរ​សួរ​ខ្លួនឯង​នូវ​សំនួរ​ខាងក្រោម​៖
  •      ហេតុអ្វី ខ្ញុំ​ត្រូវ​ទិញ​របស់​ទាំងនេះ​? តើ​ខ្ញុំ​ពិតជា​ត្រូវការ​វា​ចាំបាច់​ឬទេ​?
  • ​    ​តើ​មាន​អ្វី​ប្លែក បើ​ខ្ញុំ​មាន​វា​? ចុះបើ​គ្មាន​វា តើ​មាន​បញ្ហា​អ្វី​ទេ​?
  •    ​តើ​ត្រូវ​ចំណាយ​ទេ ដើម្បី​បាន​វា​? តើ​មាន​ជម្រើស​ផ្សេង ធូរ​ថ្លៃ​ជាង​នេះ​ទេ​?
•​    ​ប្រើប្រាស់​របស់របរ​ខ្ជះខ្ជាយ​៖ លុយ​របស់​អ្នកនឹង​ហូរ​ចេញ​គ្រប់​ច្រក ប្រសិនបើ​អ្នក​មិនបាន​ចាប់អារម្មណ៍ ពី​ទម្លាប់​ខ្ជះខ្ជាយ​ប្រចាំថ្ងៃ​របស់​អ្នក​។ ទម្លាប់​ទាំងនោះ រួមមាន​ទម្លាប់​ញាំ​អាហារ​សល់ មិន​បិទ​ទឹក ឬ​ភ្លើង​ពេ​ឈប់​ប្រើប្រាស់ ប្រើ​គ្រឿងទេស​ផ្សេងៗ​ដែល​មិនចាំបាច់ និង​មិន​ទម្លាប់​ប្រើ​របស់របរ ដែល​អាច​ច្នៃ​ប្រើ​ឡើងវិញ​ជាដើម​។​

•​    ​ទម្លាប់​ទទួលទាន​ក្រៅ​ផ្ទះ ឬ​មានការ​ជួបជុំ​ញឹកញាប់​៖ ការចង់​ផ្លាស់ប្តូរ​បរិយាកាស ឬ​ការជួបជុំ​សប្បាយ​នៅក្រៅ​ផ្ទះ​ញឹកញាប់​ពេក វា​មិនមែនជា​រឿង​ល្អ​នោះទេ សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​។ បច្ចុប្បន្ន អ្នក​ប្រហែល​ត្រូវ​ចំណាយ​មិនតិចជាង ២​ម៉ឺន​ដល់ ១០​ម៉ឺន​រៀល​សម្រាប់​អាហារ​មួយពេល ឬ​ជួបជុំគ្នា​ម្តង​។ ចុះបើ​មានការ​ជួបជុំ​រាល់​សប្តាហ៍ នោះ​អ្នក​អាច​នឹង​ចំណាយលុយ​រហូត ដល់​៤០​ម៉ឺន ក្នុង​មួយខែ សម្រាប់តែ​ការ​ញ៉ាំ និង​សប្បាយ​។​

•​    ​និយម​ប្រើ​របស់​ម៉ាក​ថ្លៃៗ​៖ បច្ចុប្បន្ននេះ របត់​នៃ​ការរស់នៅ​របស់​មនុស្ស​មួយចំនួន ចាប់ផ្តើម​ងាក​មក​និយម​ប្រើប្រាស់​សម្ភារ ដែលមាន​ម៉ាក​ល្បី និង​ថ្លៃៗ ខណៈពេលដែល​អាច​ប្រើ​សម្ភារ​ធម្មតា ដែលមាន​តម្លៃ​ធូរ​ថ្លៃ សមរម្យ​ជំនួស​បានដែរ​នោះ​។ អ្នក​ត្រូវ​ចាំ​ថា អ្នក​ត្រូវ​ចំណាយ​ថ្លៃ​លើស​រហូតដល់​៣​ដង នៃ​ថ្លៃទំនិញ​ធម្មតា ប្រសិន​អ្នកទិញ​ទំនិញ​ម៉ាក​ល្បីៗ​។​

•​    ​មិន​ទម្លាប់​តថ្លៃ​ទំនិញ​៖ ការ​តថ្លៃ​ទិញ​ក្នុង​ទីផ្សារ មិនមែនជា​រឿង​ខុសឆ្គង ឬ​ជា​រឿង​គួរ​ឲ្យ​ខ្មាស់អៀន​នោះទេ ព្រោះថា​អ្នកលក់ នៅតែ​អាច​ចំណេញ​បាន​ក្នុងតម្លៃ​ចរចា​ណាមួយ​ដែល​សមរម្យ​។ ពេលខ្លះ អ្នក​មិនបាន​ចាប់អារម្មណ៍​ទេ​ថា ប្រសិនបើ​អ្នកចេះ​តថ្លៃ​ទំនិញ​ពេញ​ពេល​ទិញ អ្នកនឹង​ចំណេញ​លុយ​ច្រើន ពី​ការទិញ​ទំនិញ​ប្រចាំថ្ងៃ របស់​អ្នក​បាន​។​

•​    ​មិន​ទម្លាប់​សន្សំ​៖ ពេលខ្លះ​ឃើញ​លុយ​មាននៅ​ក្នុង​ដៃ​ច្រើន ចេះតែ​ចង់​ចាយ​រហូតដល់​លែងមាន​សល់​លុយ​សម្រាប់​សន្សំ​។ ទម្លាប់​មួយ​នេះ នឹងធ្វើ​ឲ្យ​អ្នក​គ្មាន​លុយ​សល់​នោះទេ​។​

​លុយ​មិនមែន​ស្រួល​រក​នោះទេ តែ​ងាយ​ចាយ​ទៅវិញ​លឿន​ខ្លាំងណាស់ ប្រសិនបើ​អ្នក​មិន​បានគិត​ល្អិតល្អន់ ឬ​យកចិត្តទុកដាក់​ឲ្យ​គ្រប់​ជ្រុងជ្រោយ ចំពោះ​ទម្លាប់​ចាយវាយ​របស់​អ្នក និង​សមាជិក​ក្នុង​គ្រួសារ​ទេនោះ​។ អ្នក​ត្រូវ​ចាំ​ថា​ទម្លាប់​តូចៗ តែ​អាចបង្កើត​បានជា​បញ្ហា​ធំ ដែល​ប្រៀប​នឹង​ប្រហោង​តូច​មួយ តែ​អាចធ្វើ​ឲ្យ​សំពៅ​លិច​បាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com