FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ពូ​ទីន​៖ ជើងឯក World Cup អាច​ប្រេ​ស៊ី​ល អា​ហ្ស​ង់​ទីន អាល្លឺម៉ង់ ឬ​អេ​ស្ប៉ា​ញ តែ​មិនមែន​រុស្ស៊ី​
07, Jun 2018 , 3:38 pm        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី វ៉្លា​ឌី​មៀ ពូ​ទីន មិន​រំពឹងថា​ក្រុមកីឡា​បាល់ទាត់​របស់​ប្រទេស​ខ្លួន​ឈ្នះ​ជើងឯក​ពានរង្វាន់ FIFA World Cup លើក​នេះ​នោះទេ ប៉ុន្តែ​លោក​សង្ឃឹមថា​រុស្ស៊ី​នឹង​ប្រយុទ្ធ​ឲ្យ​ដល់ទី​បញ្ចប់​ដើម្បី​អ្នកគាំទ្រ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។ លោកពូ​ទីន បានបង្ហាញ​ក្រុម​ចំនួន​៤ ដែល​លោក​គិតថា​អាច​លើក​ពាន​នេះ ដែល​រួមមាន ប្រេ​ស៊ី​ល អា​ហ្ស​ង់​ទីន អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ​។​



​លោក វ៉្លា​ឌី​មៀ ពូ​ទីន នឹងចូលរួម​ក្នុង​ពិធី​បើក​ការប្រកួត​ពានរង្វាន់ FIFA World Cup លើកដំបូង​ដោយផ្ទាល់ ដែល​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃទី ១៤ ខែមិថុនា​ខាងមុខនេះ​។ ក្នុងអំឡុង​បទ​សម្ភាស​ជាមួយ​ក្រុម​សារព័ត៌មាន​ចិន ក្នុង​ក្រុង​មូ​ស្គូ កាលពី​ថ្ងៃទី​៣១ ខែឧសភា មេដឹកនាំ​រុស្ស៊ី​សន្យា ថា​នឹង​រៀបចំ​ឲ្យ​បានល្អ​បំផុត​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ពិភពលោក​នេះ ដើម្បី​ឲ្យ​ក្លាយជា​ការប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក​។​


លោកពូទីនក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយចិន

​ក្រុម​ជម្រើសជាតិ​រុស្ស៊ី​ដែល​ស្ថិតក្នុង​ពូ​ល A នឹង​ចាប់ផ្តើម​ប្រកួត​បើកឆាក​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត​បន្ទាប់ពី​ពិធី​បើក​បញ្ចប់​។ ទាក់ទង​ទៅនឹង​ការរំពឹងទុក​របស់​ក្រុម​រុស្ស៊ី​នៅ World Cup លើក​ទី​២២​នេះ លោកពូ​ទីន​បាន​សារភាព​ពី​អារម្មណ៍​ពិត ថា​ក្រុម​ប្រទេស​ខ្លួន​មិនមែនជា​អ្នកឈ្នះ​ពាន​នេះឡើយ​។ លោ​កថា​ទោះបីយ៉ាងណា អ្នកគាំទ្រ​ទាំងអស់​នៅ​រុស្ស៊ី​កំពុង​ទន្ទឹងរង់ចាំ​មើល​ក្រុម​របស់​ពួកគេ​ព្យាយាម​អស់ពី​សមត្ថភាព និង​ប្រយុទ្ធ​រហូតដល់​ទីបញ្ចប់​។ មេដឹកនាំ​រុស្ស៊ី​រូបនេះ សង្ឃឹមថា​ក្រុម​កីឡាករ​ទាំងអស់​អាច​ផ្តល់​ការប្រកួត​ដ៏​អស្ចារ្យ និង​សប្បាយៗ​សម្រាប់​ទស្សនិកជន​ផងដែរ​។​

​នៅពេល​សួរថា​តើ​ក្រុម​ណា​ដែល​នឹង​ឈ្នះ​ជើងឯក World Cup លើក​នេះ លោកពូ​ទីន​បាន​និយាយថា​វា​ពិបាក​ក្នុងការ​សម្រេច​ថា​ក្រុម​មួយណា​ណាស់ ព្រោះ​ក្រុម​មូ​យ​ចំនួន​សុទ្ធតែ​មានឱកាស​ដូចគ្នា​។ ប៉ុន្តែ​លោក​គិតថា អា​ហ្ស​ង់​ទីន ឬ​ប្រេ​ស៊ី​ល​ដែលជា​ក្រុម​មកពី​អាមេរិក​ឡាទីន​អាច​នឹង​ឈ្នះ​។ ពូ​ទីន​បន្ថែមថា​៖«​ឬ​ប្រហែលជា​អាឡឺម៉ង់ ព្រោះ​ពួកគេ​លេង​បាន​យ៉ាង​ល្អ​ក្នុងការ​ប្រកួត World Cup លើកចុងក្រោយ​។ អេ​ស្ប៉ា​ញ​ក៏មាន​ឱកាស​ដែរ ប៉ុន្តែ​ជើងឯក​ប្រហែល​អាច​បាន​ទៅ​ក្រុម​ផ្សេងទៀត​ក៏​ថា​បាន​»​។​



​ពូ​ទីន ក៏បាន​បង្ហាញ​កីឡាករ​បាល់ទាត់​ដែល​លោក​ពេញចិត្ត​ផងដែរ ដែល​ក្នុងនោះ​ក្រៅពី​អតី​តអ្នកចាំទី​រុស្ស៊ី (​កាល​នៅ​ជា​សូ​វៀត​) លោក Lev Yashin មានតែ​វីរបុរស​ប្រេ​ស៊ី​ល Pelé និង​វីរបុរស​អា​ហ្ស​ង់​ទី Diego Maradona ប៉ុណ្ណោះ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  វ្លា​ឌី​មៀ ពូ​ទីន​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com