អន្តរជាតិ
លោក Anthony Bourdain ស្តេច​ម្ហូប​ប្រចាំ CNN ដែល​ធ្លាប់​មក​ខ្មែរ​ធ្វើអត្តឃាត​ក្នុង​អាយុ​៦១​ឆ្នាំ​
09, Jun 2018 , 1:12 pm        
រូបភាព
លោក Bourdain ធ្លាប់មកកម្ពុជាពីរលើក ហើយលោកជាអ្នកណែនាំលោក អូបាម៉ា ឲ្យភ្លក្ស​អាហារនៅហាងសាមញ្ញមួយនៅ​វៀតណាម
លោក Bourdain ធ្លាប់មកកម្ពុជាពីរលើក ហើយលោកជាអ្នកណែនាំលោក អូបាម៉ា ឲ្យភ្លក្ស​អាហារនៅហាងសាមញ្ញមួយនៅ​វៀតណាម
ដោយ: ថ្មីៗ
​លោក Anthony Bourdain ត្រូវបាន​ប្រទះឃើញ​ចងក​ធ្វើអត្តឃាត​នៅក្នុង​បន្ទប់​សណ្ឋាគារ Le Chambard ក្នុងប្រទេស​បារាំង កាលពី​ថ្ងៃទី​៨ ខែមិថុនា​។ លោក Bourdain ជនជាតិ​អាមេរិក ជា​អ្នកនិពន្ធ ជា​អ្នកជំនាញ​វីដេអូ​ឯកសារ​ទេសចរណ៍ និង​ជា​អ្នកជំនាញ​ផ្នែក​ចុងភៅ​ដ៏​ល្បីល្បាញ​បំផុត​ប្រចាំ​ទូរទស្សន៍ CNN​។



​លោក Bourdain ដែល​បានសម្រេច​បញ្ចប់ជីវិត​ខ្លួនឯង​ក្នុង​អាយុ​៦១​ឆ្នាំ ត្រូវបាន​ចាត់ទុកជា​អ្នកជំនាញ​ម្ហូបអាហារ​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​។ តាម​ការផ្សាយ​របស់​កា​សែត People លោក​ស្ថិតនៅ​ក្នុងប្រទេស​បារាំង ដើម្បី​ធ្វើការ​ងារ​លើ​ឯកសារ​វីដេអូ​មួយ​ដែលមាន​ឈ្មោះថា «Anthony Bourdain: Parts Unknown»​។​

​សមត្ថកិច្ច​បារាំង​រក​មិនឃើញ​បុគ្គល​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​នេះឡើយ​។ CNN ចេញ​សេចក្តី​ថ្លែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​សហការី​ដ៏​ឆ្នើម​បំផុត​របស់ខ្លួន​។ ជាមួយគ្នានេះ បុគ្គល​ល្បីៗ​លើ​ពិភពលោក សុទ្ធតែ​បង្ហាញ​ពី​ការសោកស្តាយ ក្នុងនោះ​អតីត​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​រំលឹក​ពី​អនុស្សាវរីយ៍​របស់ខ្លួន​ជាមួយ Bourdain នៅក្នុង​ហាណូយ ប្រទេស​វៀតណាម​កាលពី​ឆ្នាំ​២០១៦​។​

​លោក Bourdain ធ្លាប់​មកកាន់​ប្រទេស​កម្ពុជា​ចំនួន​ពីរ គឺ​ក្នុង​ឆ្នាំ​២០០០ និង​ឆ្នាំ​២០១១ ដើម្បី​ធ្វើឯកសារ​វីដេអូ​សម្រាប់​កម្មវិធី Anthony Bourdain: No Reservations​រដូវ​កាល​ទី​៧ ដោយ​កម្មវិធី​ទូរទស្សន៍​នេះ បង្ហាញ​ពី​តំបន់​ទេសចរណ៍ និង​ម្ហូបអាហារ​នៅក្នុង​តំបន់​នីមួយៗ​។​



​លោក Bourdain ធ្លាប់​ឆ្លងកាត់​ចំណងអាពាហ៍ពិពាហ៍​ពីរលើក ដោយ​ភរិយា​ទីមួយ គឺ​លោកស្រី Nancy Putkoski ដែល​រស់នៅ​ជាមួយគ្នា​ចន្លោះ​ពី​ឆ្នាំ​១៩៨៥​ដល់​ឆ្នាំ​២០០៥ ។ គាត់​បាន​រៀបការ​ជាមួយ Ottavia Busia ភរិយា​ទី​ពីរ​នៅ​ឆ្នាំ​២០០៧ និង​មាន​កូនស្រី​ម្នាក់ មុននឹង​លែងលះគ្នា​នៅ​ឆ្នាំ​២០១៦​។  នៅ​ឆ្នាំ​២០១៧ លោក Bourdain ត្រូវបាន​រាយការណ៍​ថា មាន​ចំណង​ស្នេហ៍​ជាមួយ​តារាភាពយន្ត​អ៊ីតាលី Asia Argento៕





© រក្សាសិទ្ធិដោយ thmeythmey.com