ជាតិ
សិល្បះ
យុវជន ធឿន សុជាតិ គូរគំនូរ​ច្នៃ​ម៉ូដ​ឈុត​តំណាង​ខេត្ត​ក្រុង​២៥ ដើម្បី​លើក​ប្រជាប្រិយភាព​តំបន់​
09, Jun 2018 , 3:16 pm        
រូបភាព
​យុវជន ធឿន សុជាតិ បាន​ចំណាយពេល​២​ខែ សិក្សា​ពី​រចនាប័ទ្ម​ខ្មែរ មក​ច្នៃ​ម៉ូត​ឈុត​តំណាង​ខេត្ត​-​ក្រុង​ទាំង​២៥ ដើម្បី​លើក​ប្រជាប្រិយ​តំបន់​ទាំងនោះ​។ ឈុត​តំណាង​ខេត្ត​-​ក្រុង​ទាំង​២៥ ត្រូវបាន​អ្នក​ច្នៃ​ម៉ូត​រូបនេះ ស្រាវជ្រាវ​លើ​ឯកសារ​តាម​បណ្ដា​ល័យ ,​ជញ្ជាំង​ប្រាសាទ និង​ពី​ឯកសារ​បារាំង​ដែល​សល់​ពី​សម័យមុន ដែល​ទាក់ទង​រចនាប័ទ្ម​ជា​ខ្មែរ​។​


​លោក ធឿន សុជាតិ ជា​និស្សិត​ស្ថាបត្យកម្ម​ឆ្នាំ​ទី​៣ បាន​ឲ្យ​ដឹងថា គោលបំណង​សំខាន់​ដែល​លោក​គូររូប​ច្នៃ​ម៉ូដ​តំណាង​ខេត្ត​ក្រុង​-​ទាំង​២៥​នេះ​ឡើង ព្រោះ​លោក​ចង់​លើក​សម្រស់​ខេត្ត​ក្រុង​ទាំងនោះ ឲ្យ​មាន​ប្រជាប្រិយ​ឡើង​មួយកម្រិត​ទៀត​។ ដំបូង​ឡើយ​លោក ធឿន សុជាតិ បាន​គូររូប​ច្នៃ​ម៉ូដ​តំណាង​ខេត្ត​៤​ប៉ុណ្ណោះ យកទៅ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ស្រាប់​តែមាន​អ្នកគាំទ្រ​ច្រើន ទើប​លោក​ក៏​បន្ត​គូរ​ម៉ូដ រហូត​បាន​២៥​ខេត្ត​ក្រុង​។ អត្តសញ្ញាណ​ដែល​ស្ដែងឡើង​ក្នុង​គំនូរ​ទាំងនេះ ត្រូវបាន​លោក សុជាតិ អះអាងថា ជា​រូបតំណាង​នៃ​ខេត្ត​-​ក្រុង​ទាំង​២៥ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ ពី​ឯកសារ​ពាក់ព័ន្ធ​អស់​រយៈពេល​២​ខែ​។ 
 
​អ្នក​ខេត្តកណ្ដាល​ក្នុងស្រុក​លើកដែក​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ម៉ូដ​តំណាង​ខេត្ត​ក្រុង​ទាំង​២៥​នេះ ខ្ញុំ​ច្នៃ​តាមរយៈ​ការសិក្សា​ពី​ពណ៌​របស់​ខ្មែរ ហើយ​មើលថា​ខេត្ត​ទាំងនោះ​មាន​សត្វ រុក្ខជាតិ ឬ​ផ្លែឈើ​អ្វី​តំណាង​ខេត្ត​របស់គេ​ខ្ញុំ​យកមក​ច្នៃ​បញ្ចូល​។ ខ្ញុំ​ជឿថា​គ្រប់​ខេត្ត​ទាំងអស់​នឹង​កាន់តែ​អភិវឌ្ឍន៍ ដូច្នេះ​បើ​គេ​មាន​សម្លៀកបំពាក់​សម្រាប់​តំណាង​ខេត្ត​មួយទៀត​រឹតតែ​ល្អ​»​។

 
​កូនប្រុស​ច្បង​ក្នុង​គ្រួសារ​រូបនេះ​បន្តថា ក្រោយពី​លោក​ផ្សព្វផ្សាយ​រូបតំណាង​ខេត្ត​ក្រុង​ទាំង​២៥​នេះ មាន​អ្នកគាំទ្រ​ច្រើន ហើយក៏​មាន​អ្នក​ចង់​ជួយ​ឧបត្ថម​ឲ្យ​លោក​កាត់​ជា​សម្លៀកបំពាក់​ពិត​ផងដែរ​។ លោក​ថា ប្រសិនបើ​មាន​អ្នកគាំទ្រ​កាន់តែច្រើន​នៅ​ថ្ងៃ​អនាគត លោក​នឹង​យក​ម៉ូដ​តំណាង​ខេត្ត​ក្រុង​ទាំងនេះ ទៅ​កាត់​ម៉ូដ​ដោយ​ជ្រើសរើស​ក្រណាត់​ល្អៗ និង​ពណ៌​ឲ្យ​សាក​សម​នឹង​អត្តសញ្ញាណ​ជាតិ​។ លោក ធឿន សុជាតិ បញ្ជាក់បន្ថែម​៖« បើ​មាន​អ្នកគាំទ្រ​ឲ្យ​ខ្ញុំ​កាត់​ជា​សម្លៀកបំពាក់ អាចទាក់ទង​មក​ខ្ញុំ​បាន ខ្ញុំ​នឹង​រៀបចំ​ជា​កញ្ចប់​ថវិកា​ក្នុងការ​ចំណាយ​ទៅលើ​សម្លៀកបំពាក់​នេះ​។ ហើយ​សម្លៀកបំពាក់​នេះ​ខ្ញុំ​មិន​យកទៅ​ណា​ទេ ខ្ញុំ​ទុក​សម្រាប់​ខេត្ត​ទាំងនោះ​វិញ ដើម្បី​ឱ្យគេ​យកទៅ​ប្រើ​តាម​តម្រូវការ​។ ខ្ញុំ​នឹង​រើស​ក្រណាត់​ល្អៗ ឲ្យ​សាក​សម​នឹង​ខេត្ត​នីមួយៗ ព្រមទាំង​រើស​ពណ៌​ឲ្យ​សម​ផង ខ្មែរ​យើង​ច្រើន​ប្រើ​ពណ៌​សុភាព និង​ស្រគត់ស្រគំ​»៕ រូប​៣, ដល់​២៥



















































Tag:
 សិល្បៈ​
  គំនូរ
© រក្សាសិទ្ធិដោយ thmeythmey.com