ជាតិ
បោះឆ្នោត
សម្ដេច ស ខេង បង្គាប់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហាដីធ្លី​ពលរដ្ឋ​ឲ្យ​ទាន់ពេល ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោត​
14, Jun 2018 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បង្គាប់​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល និង​ដោះស្រាយ​បញ្ហាដីធ្លី ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កុំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ខាងមុខ​។​



​ខណៈ​ការបោះឆ្នោត​ខិតជិត​មកដល់ ក្រសួងមហាផ្ទៃ បាន​ប្រាប់​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត និង​អាជ្ញាធរ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន និង​បង្កើន​ការយកចិត្តទុកដាក់ លើ​បញ្ហាដីធ្លី​របស់​ប្រជាពលរដ្ឋ​។ បញ្ហាដីធ្លី​ដែល​ក្រសួងមហាផ្ទៃ កត់សម្គាល់​នោះ គឺ​ទំនាស់​ដី​របស់​ពលរដ្ឋ​កើតឡើង​យូរ​ឆ្នាំ​មកហើយ តែ​មិនមាន​ការដោះស្រាយ​បញ្ហា​បញ្ចប់​ជា​ស្ថាពរ ដែល​នាំ​ឲ្យ​ពួកគេ​ឡើងមក​តវ៉ា មកដល់​នាយករដ្ឋមន្ត្រី​កន្លងមក​។ ក្រៅពី​បញ្ហា​នេះ បញ្ហា​រំលោភ​ទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ និង​ព្រៃឈើ​ខុសច្បាប់​ពី​សំណាក់​ក្រុម​ឱកាសនិយម តែងតែ​កើតមាន នៅ​មុនពេល​បោះឆ្នោត​។

​ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​នេះ ក្រសួងមហាផ្ទៃ បាន​ដាក់ចេញ​វិធានការ​៩​ចំណុច ក្នុងការ​សម្របសម្រួល និង​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព លើ​បញ្ហា​ទំនាស់​ដីធ្លី​ទាំងនេះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ខាងមុខ​។​

​វិធាន​ការដែល​ក្រសួងមហាផ្ទៃ ដាក់​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដោះស្រាយ​នោះ​ដូចជា​៖ ត្រូវ​ប្រើប្រាស់​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែលមាន​ស្រាប់​នៅ​ថ្នាក់​រាជធានី ខេត្ត ដោយ​ធ្វើយ៉ាងណា​ឲ្យ​តម្លាភាព សុចរិត​ភាព និង​យុត្តិធម៌ សម្រាប់​ប្រជាពលរដ្ឋ​។ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ឲ្យ​រក្សា​ភាព​អត់ធ្មត់ នៅក្នុង​ការបំពេញ​ការងា​រដោះ​ស្រាយ​ទំនាស់​ដីធ្លី​ពលរដ្ឋ ដោយ​មិនត្រូវ​ឲ្យ​មាន​អំពើហិង្សា​កើតឡើង​ឡើយ​។

​លិខិត​របស់​ក្រសួងមហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ស ខេង បាន​បង្គាប់​ទៀតថា អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បង្កើន​ការតាមដាន និង​គ្រប់គ្រង​សភាពការណ៍​វិវត្តន៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី​នៅតាម​ខេត្ត​នីមួយៗ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​បង្ការ ទប់ស្កាត់​កុំ​ឲ្យ​មាន​និន្នាការ​ឡើងមក​ភ្នំពេញ​។ ប៉ុន្តែ​បើ​នៅតែមាន​ពលរដ្ឋ​ឡើងមក​តវ៉ា​នៅ​ភ្នំពេញ​ទៀត​នោះ អាជ្ញាធរ​ក្ដាប់​សភាពការណ៍​បញ្ហា​ពលរដ្ឋ​តវ៉ា ព្រមទាំង​ចាត់ចែង​កងកម្លាំង​មាន​សមត្ថកិច្ច​ឲ្យ​ជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ពួកគេ​។ ជាពិសេស​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូ​ច​ចាត់​ក្រុមការងារ​មួយ​ជាបន្ទាន់ ឲ្យ​មកជួប​ប្រជាពលរដ្ឋ ដើម្បី​សម្របសម្រួល​ឲ្យ​ពួកគេ​ទៅ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ថ្នាក់មូលដ្ឋាន​វិញ​។

​ចំណែក​បញ្ហា​ទន្ទ្រាន​ដីធ្លី​សាធារណៈ​កាន់កាប់​វិញ អាជ្ញាធរ​តាម​មូល​ដ្ឋា​ត្រូវ​ចុះ​អប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ថែរក្សា​បរិស្ថាន ការពារ​ដីធ្លី​សាធារណៈ ដើម្បី​បញ្ចៀស​បញ្ហា​ទំនាស់​ដី​នៅពេល​ក្រោយ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងមហាផ្ទៃ ដែល​បង្គាប់​ឲ្យ​កងកម្លាំង​គ្រប់​ប្រភេទ ពង្រឹង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ស្ថិរភាព​នយោបាយ ដើម្បី​ឲ្យ​មាន​ភាពល្អប្រសើរ នៅក្នុង​អំឡុងពេល​នៃ​ដំណើរការ​បោះឆ្នោត​ខាងមុខនេះ​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​២០ ចូលរួម​ប្រកួតប្រជែង ។ ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​មាន​ជាង​៨​លាន​៣​សែន​នាក់​។ ចំណែក​កងកម្លាំង​ជាង​៨​ម៉ឺន​នាក់ នឹងត្រូវ​ដាក់ពង្រាយ​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)៕


Tag:
 ស ខេង​
  ដីធ្លី​
 ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com